ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខណៈ​ជនស៊ីវិល​ដែល​ត្រូវ​ផ្លាស់ប្ដូរ​លំនៅ​កើន​ឡើង ប្រទេស​មីយ៉ាន់ម៉ា​រឹតត្បិត​ការ​ទទួល​ជំនួយ​នានា​


(រូបថត​ខែវិច្ឆិកា​ ឆ្នាំ២០១៦​) ដើម្បី​អាច​រត់គេច​ពីអំពើ​ហិង្សា​ក្នុងរដ្ឋ​ Rakhine អំឡុង​ពេលមាន​ការបង្រ្កាប​ដោយ​ក្រុមយោធា​ ស្រ្តី​ជនជាតិ​ Rohingya ឈ្មោះ​ Haresa Begum បាន​រត់ភៀស​ខ្លួនទៅ​ប្រទេស​បង់ក្លាដែស​ជាមួយកូនៗ​ចំនួន៤នាក់​ ដោយ​បាន​ចាកចោល​ស្វាមី​របស់ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អង្គុយនៅ​ក្នុង​ផ្ទះ​ដ៏​សាមញ្ញ​ ដែល​សង់​ពី​ឫស្សី​និង​ប្រក់​ស្បូវ​ លោក​ Saw Maung Careបរិយាយ​ដោយ​ក្តី​ឈឺចាប់​ពី​ការបាត់បង់​ផ្ទះ​សម្បែង​និង​ជីវភាព​របស់ពួកគេ​ ស្របពេល​ដែល​ជម្លោះ​កំពុង​ពុះកញ្ជ្រោល​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​កញ្ញា។

«ទាហាន​ទាំងនោះ​បាន​ចូល​មក​និង​បំផ្លាញ​ចម្ការ​ដំណាំ​ ផ្ទះ​សម្បែង និង​អុស​របស់​ពួកយើង។ ពួកយើង​ខឹងណាស់​ ប៉ុន្តែ​ពួកយើង​មិនអាចធ្វើ​អ្វី​បានឡើយ»។ លោក​បាន​ពន្យល់​ថា ទាហាន​ទាំង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដុត​ផ្ទះ​ដែល​ម្ចាស់​ត្រូវ​បាន​គេ​ជម្លៀសចេញ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុម​ឧទ្ទាម​លាក់​ខ្លួន​នៅ​ទីនោះ។

លោក Saw Maung Careនិយាយ​ថា លោក​និង​ជនជាតិ​ដើម​Kayin​ចំនួន​ប្រមាណ​៥៥០០​នាក់​ផ្សេងទៀត ត្រូវ​ប្រញាប់​ចាកចេញ​ពី​ភូមិ​របស់​ពួកគេ​ដែល​ស្ថិត​នៅ​ជិត​ព្រំប្រទល់​រដ្ឋ​Kayin​និង​ប្រទេស​ថៃ។ ពួកគេ​បាន​ចាកចោល​ស្រែ​ចម្ការ​និង​សត្វ​ពាហនៈ​របស់​ខ្លួន​។ តាំង​ពី​ពេលនោះ​មក ពួកគេ​បាន​រស់នៅ​ដោយសារ​ទទួល​យក​អាហារ​ដែល​គេ​ចែក​ជូន​ដោយ​មាន​កំណត់​នៅ​ជំរំ Myaing Gyi Ngu។ ជំរំ​នេះ​ស្ថិត​នៅ​លើ​វាល​ដែល​មាន​រោង​ជា​ជួរពុកផុយ​និង​គ្មាន​សណ្តាប់​ធ្នាប់ ដែល​ខ្វះខាត​ទឹក និង​គ្មាន​អនាម័យ​។

គណៈកម្មការ​គ្រប់គ្រង​ជំរំ​ជន​ផ្លាស់ប្ដូរ​លំនៅ​ក្នុង​ប្រទេស​ ដែល​មាន​មនុស្ស​មួយ​ភាគ​បី​មាន​អាយុ​ក្រោម​១៣ឆ្នាំ បាន​និយាយ​ថា ពួកគេ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារ​ជាប់​ជា​ប្រចាំ ស្របពេល​ដែល​អាជ្ញាធរ​ក្នុង​រដ្ឋ​នេះ​បាន​ហាមឃាត់​ការ​ដឹកជញ្ជូន​ជំនួយ​អន្តរជាតិ​ទៅកាន់​ទីតាំង​នៅ​ក្រុងHlaingbwe។

លោក​ស្រី Naw Tin Laអ្នក​គ្រប់គ្រង​ឃ្លាំង​អាហារ​នៅ​ជំរំ​បាន​និយាយថា​៖ «បរិមាណ​អាហារ​របស់ពួក​យើង​ គឺ​គ្រប់គ្រាន់​សម្រាប់​តែ​បួន​ថ្ងៃទេ»។ លោក​ស្រី​បាន​បន្ត​ថា​ ពួកគេ​ទទួល​បាន​អាហារ​ឧបត្ថម្ភ​តែ​ម្តងម្កាល​ប៉ុណ្ណោះ​ពី​អាជ្ញាធរ​រដ្ឋ​ និង​ក្រុម​សហគមន៍​Kayin។

លោកស្រី​និយាយ​ថា៖ «ពួកយើង​មិនដឹង​ថា​ ហេតុអ្វី​បានជា​អាជ្ញាធរ​ជាន់ខ្ពស់​ឈប់​ទទួល​ជំនួយ​ពី​អង្គការ​បរទេស​នោះ​ទេ។ ពួក​យើង​ចង់​ទទួល​យក​ជំនួយ​ឧបត្ថម្ភ​ពី​គ្រប់ៗគ្នា»។

​អ្នក​នាំពាក្យ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) លោក​ Arsen Sahakyan​និយាយ​កាល​ពី​ពាក់កណ្តាល​ខែ​មីនា​ថា អាជ្ញាធរ​រដ្ឋ​បាន​បដិសេធ​ទទួល​ជំនួយ​ស្បៀងអាហារ​ពី​ស្ថាប័ន​របស់​លោក​ ហើយ​WFP​អាច​ផ្តល់​នំ​ជំនួយ​ថាមពល​បន្តិចបន្តួច​ដល់​កុមារ​តែប៉ុណ្ណោះ​កាល​ពី​ខែ​វិច្ឆិកា​។

មនុស្ស​១៣៨.០០០ទៀត​ត្រូវ​ផ្លាស់ប្ដូរលំនៅ​

ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​លើ​ការទទួល​យក​ជំនួយ​អន្តរជាតិ​សម្រាប់​ជំរំ​ជន​ផ្លាស់ប្ដូរ​លំនៅ​ក្នុង​រដ្ឋ​Kayin គឺ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ទូទាំង​ប្រទេស​ដែល​បង្ក​ឲ្យ​ស្ថានភាព​ជម្លោះ​ ការ​ផ្លាស់ប្តូរ​ទីលំនៅ​ និង​ស្ថានភាព​មនុស្សធម៌​កាន់តែ​អាក្រក់​ជាង​មុន។ នេះ​ជា​ការ​ព្រមាន​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ(UNOCHA)។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាក់​កម្រិត ឬ​ការ​រឹតត្បិត​មិន​ឲ្យ​ផ្តល់​ជំនួយ​ដល់ក្រុង​ចំនួន​២១​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ។ អ្នក​នាំពាក្យ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​( UNOCHA) លោក​ Pierre Péron ​និយាយ​ថា៖ «ជាអកុសល​ លទ្ធភាព​របស់​ពួក​យើង​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​តំបន់​នានា​នៅ​ក្នុង​ប្រទេស​នេះ កាន់​តែ​ពិបាក​ជាង​មុន‍»។

ជម្លោះ​បាន​រីករាល​ដាល ក្រោយពី​សន្និសីទ​សន្តិភាព​ដំបូង​របស់​លោកស្រី អង់សាន​ស៊ូជី កាល​ពី​ខែ​កញ្ញា។ រដ្ឋាភិបាល​របស់​លោកស្រី​ បាន​ត្រឹមតែ​នៅស្ងៀម​ ស្របពេល​ដែល​កងទ័ព​ដ៏​មាន​ឥទ្ធិពល​ចាប់ផ្តើម​ការវាយប្រហារ​ទៅកាន់​ក្រុម​ឧទ្ទាម​ជនជាតិ​ដើម​ ដែល​ពួកគេ​បាន​ចាប់ផ្តើម​ប្រយុទ្ធ​តបត​វិញ។

នៅ​ក្នុង​រដ្ឋ Rakhine រដ្ឋាភិបាល​របស់​លោកស្រី​បាន​ការពារ​សកម្មភាព​បង្រ្កាប​ដ៏​ឃោរឃៅ​របស់​យោធា​មក​លើ​សហគមន៍​ជនជាតិ​Rohigya ដែល​កាន់​សាសនា​ឥស្លាម ក្រោយពី​ក្រុម​បះបោរ​ក្នុង​តំបន់​បាន​ធ្វើការ​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​មុន។

ចាប់ពី​ពេលនោះ​មក ពលរដ្ឋ​ជាង​១៣៨.០០០នាក់​បាន​រត់គេច​ចេញ​ពីផ្ទះ​ពួកគេ​ដែល​ស្ថិត​នៅ​រដ្ឋ​Rakhine រដ្ឋShan រដ្ឋKachin និង​រដ្ឋ​Kayin​ ហើយ​មានតែ​ពលរដ្ឋ​២១.០០០នាក់​ប៉ុណ្ណោះបាន​វិល​ត្រលប់​មកវិញ។ នេះ​បើយោងតាម​UNOCHA។ ពលរដ្ឋ​ប្រមាណ​៩៤.០០០នាក់ទៀត​ គឺ​ជនជាតិ​Rohingya​ ដែល​បាន​រត់គេច​ដោយ​បាន​ចោទ​ប្រកាន់​ថា បាន​ទទួលរង​ការ​រំលោភ​បំពាន​ពី​ក្រុម​យោធា​ ប៉ុន្តែ​ខាង​យោធា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ពលរដ្ឋ​ប្រមាណ​៧៤.០០០​នាក់ទៀត​បាន​ឆ្លងចូល​ទៅ​ប្រទេស​បង់ក្លាដែស។

កាល​ពី​សប្តាហ៍​ទី២​នៃ​ខែមីនា​ មាន​ទំនោរ​ផ្លាស់ប្ដូរ​លំនៅ ដែល​ត្រូវបាន​រាយការណ៍​ថា​មាន​ពលរដ្ឋ​Kokang​២០.០០០នាក់ ដែល​ជា​ជនជាតិ​ភាគតិច​ចិន បាន​ចាកចេញ​ពី​រដ្ឋ​Shan​ទៅ​កាន់​ប្រទេសចិន​ ក្រោយពី​ក្រុមឧទ្ទាម​Kokang បាន​ចាប់ផ្តើម​ការវាយប្រហារ​ទៅ​លើ​ក្រុង​Laukkai​កាល​ពី​ថ្ងៃ​ទី​៦​ខែ​មីនា​កន្លង​ទៅ​នេះ។

និន្នាការ​ផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី​នេះ នឹង​បង្កើន​ចំនួន​ទៅ​លើ​ចំនួន​អ្នក​ដែល​ផ្លាស់ប្ដូរ​លំនៅ​នៅ​ជំរំ​រយៈពេល​វែង​ប្រមាណ​២២០.០០០នាក់​ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​រដ្ឋ​ទាំង​នេះ​តាំងពី​ឆ្នាំ​២០០២​មក​ម៉្លេះ។ ជនភៀសខ្លួន​Kayin​១០០.០០០នាក់​ទៀត​បាន​រស់នៅ​ក្នុង​ជំរំ​នៅ​ប្រទេស​ថៃ​តាំងពី​ទសវត្សរ៍​១៩៩០​មក​ម្ល៉េះ។

ការ​ទទួល​ជំនួយ​មាន​តិច​ជាង​មុន

ក្នុង​ករណី​ភាគច្រើន​ យោធា​បាន​ហាមឃាត់​មិន​ឲ្យ​ទទួល​យក​ជំនួយ​នោះ​ទេ​ ដោយ​សំអាង​លើ​ហេតុផល​សន្តិសុខ។ អង្គការ UNOCHAបាន​ឲ្យ​ដឹង​ថា ការ​ដឹកជញ្ជូន​ស្បៀង​អាហារ​អន្តរជាតិ​ទៅ​កាន់​ជំរំ​ជនផ្លាស់ប្ដូរ​លំនៅ​ប្រមាណ​៤២.០០០​ក្នុង​តំបន់​ឧទ្ទាម​កាន់កាប់​នៅរដ្ឋ​Kachin​ និង​រដ្ឋ​Shan​ ដែល​កំពុង​ធ្លាក់​ចុះ​រួច​ជា​ស្រេច​ទៅ​ហើយ ដោយសារមូលនិធិ​ពី​អង្គការ​សហប្រជាតិ​ធ្លាក់ចុះ​នោះ ​ត្រូវ​បាន​ហាមឃាត់​អស់​រយៈពេល​រាប់​ខែ​ទៅ​ទៀត។

អង្គការ UNOCHA បាន​ឲ្យ​ដឹង​ថា នៅ​ប៉ែក​ខាងជើង​នៃ​រដ្ឋ​Rakhineជំនួយ​ផ្តល់​ទៅ​ឲ្យ​ជន​ផ្លាស់ប្ដូរ​លំនៅ​នៅ​ជំរំ ២០.០០០នាក់​និង​ទៅ​ឲ្យ​អ្នកភូមិ​ជនជាតិ​Rohingya​ប្រមាណ​១៥០.០០០នាក់ ដែល​ប្រឈម​មុខ​នឹង​កង្វះ​អាហារូបត្ថម្ភ​ ត្រូវ​បាន​រឹតត្បិត​តាំង​ពី​ខែតុលា​មកដល់​ដើមឆ្នាំ​នេះ។

ចាប់​ពីពេល​នោះ​មក​ទីភ្នាក់ងារ​បាន​ឲ្យ​ដឹង​ថា​៖ «រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បង្កើន​សកម្មភាព​មនុស្សធម៌​ឡើងវិញ ដែល​អនុញ្ញាត​ឲ្យ​ចែកចាយ​ស្បៀងអាហារ​និង​ឧបករណ៍​សង្គ្រោះបន្ទាន់​ផ្សេងៗ​ទៀត»។ ប៉ុន្តែ​នៅតែ​មាន​ការ​រឹតត្បិត​ជាច្រើន​ ទៀត ដូចជា​ការ​ហាមឃាត់​ចុះ​សាក​សួរសុខទុក្ខ​ពី​សំណាក់​បុគ្គលិក​អង្គការ​អន្តរជាតិ​ជាដើម។

ការ​បំពាន​បាន​រីកដុះដាល​

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី១៣​ ខែ​មីនា​ អ្នក​រាយការណ៍​ពិសេស​ទៅ​លើ​បញ្ហាសិទ្ធិមនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ លោកស្រី​ Yanghee Lee បាន​ចោទ​ប្រកាន់​ថា មាន​ការរំលោភ​បំពាន​ពី​យោធា​កាន់​ខ្លាំង​ឡើង​ទៅ​លើ​ជនជាតិ​Rohingya ដូចជា​ការ​រំលោភ​សេពសន្ថវៈ ឃាតកម្ម​ និង​ការបំផ្លិច​បំផ្លាញ​ភូមិ​ជាដើម។ លោកស្រី​ក៏​បាន​ថ្កោលទោស​ការ​រំលោភ​បំពាន​ទៅ​លើ​តំបន់ផ្សេងទៀត​ដែល​ជនជាតិ​ដើម​រស់នៅ និង​ការ​មិន​ទទួល​បាន​ជំនួយ​នៅ​ក្នុង​តំបន់​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជាដើម។

លោកស្រី​Lee​ បាន​ព្រមាន​ថា​ មីយ៉ានម៉ា​«ប្រហែល​ជា​កំពុង​ព្យាយាម​បណ្តេញ​ជនជាតិ​Rohingya​ទាំងអស់​ចេញពី​ប្រទេស» ហើយ​លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មួយ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លំដាប់​ខ្ពស់​បំផុត​នៃ​អង្គការ​សហប្រជាជាតិ​ ទៅលើ​ករណី​រំលោភ​បំពាន​លើ​ពួក​ជនជាតិ​ភាគតិច​Rohingya។ ប៉ុន្តែ​ប្រទេស​នាំ​មុខ​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប ​បាន​រាយការណ៍​ថា​ចង់​ប្រើប្រាស់​វិធីសាស្រ្ត​ទន់ភ្លន់​ជាង​នេះ។

តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Hau Do Suan​ បាន​ជំរុញ​ឲ្យ​គណៈកម្មការ​នេះ​រង់ចាំ​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​របស់​លោក​ទៅលើ​ករណី​ចោទ​ប្រកាន់​នៃ​ការរំលោភ​បំពាន​របស់​កងទ័ព​ជាមុន​សិន ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស​ជឿ​ថា​នឹង​មិនអាច​ចេញ​ជា​លទ្ធផល​ជា​ដុំកំភួន​អ្វីឡើយ។

លោក Hau Do Suanបាន​និយាយ​ថា អាជ្ញាធរ​កំពុង​សម្របសម្រួល​យ៉ាង​ត្រឹមត្រូវ​ទៅ​លើការ​ឆ្លើយ​តប​ទៅ​នឹង​ជំនួយ​អន្តរជាតិ​នៅ​ក្នុង​រដ្ឋRakhine។ លោក​បាន​បន្ថែម​ថា​ ជនផ្លាស់ប្ដូរ​លំនៅ​ក្នុង​តំបន់​ក្រុម​ឧទ្ទាម​Kachinអាច​ត្រូវ​ឆ្លង​កាត់​ខ្សែប្រយុទ្ធ​ជួរ​មុខ​ដោយ​ថ្មើរជើង​ដើម្បី​ទៅ​យក​ស្បៀងអាហារ​ពី​ចំណុច​ចែកចាយ​របស់​កងទ័ព​។ សំណើ​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ដោយសារ​មូលហេតុ​គ្មាន​សុវត្ថិភាព​ទាល់​តែ​សោះ។

មាន​ដី​មាន​គ្រាប់មីន​ជាច្រើន

គិត​ត្រឹម​ខែ​កញ្ញានេះ រដ្ឋKayinមិន​មាន​ការប្រយុទ្ធគ្នា​អស់​ជាច្រើន​ឆ្នាំមកហើយ​ ហើយ​ក្រុម​ឧទ្ទាម​ធំៗ​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​បទ​ឈប់បាញ់​ទូទាំង​ប្រទេស​ជាមួយ​នឹង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៥។ ប៉ុន្តែ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង នៅ​ពេល​ដែល​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​មួយ​ក្រុម​បាន​អះអាង​ថា កងទ័ព​បាន​សម្លាប់​មេដឹកនាំ​របស់​ខ្លួន។

ជនភៀសខ្លួន​ក្នុង​ប្រទេស​នៅ​ជំរំ Myaing Gyi Nguបាន​ចាកចេញ​ពី​តំបន់ Mae Ta Wawនៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋKayinដែល​ជា​តំបន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា«តំបន់​ខ្មៅ» ឬ​តំបន់​មួយ​ដែល​កងទ័ព​មាន​ការគ្រប់គ្រង​តិចតួច​បំផុត ហើយ​ជន​ណា​ក៏​ដោយ​ក៏​អាច​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​បាន​ដែរ។

អ្នកស្រី​Naw Tin Swe ដែល​ជា​ជន​ផ្លាស់ប្ដូរ​លំនៅ​ក្នុង​រដ្ឋ​Kayinនិយាយ​ថា ជីវិត​នៅ​ក្នុង​ភូមិ​របស់​ពួកគាត់​ត្រូវ​បាន​កាត់ផ្តាច់​ពីសង្គម​ ដោយសារ​គ្មាន​ការបោះឆ្នោត​នោះ​ទេ​ក្នុង​តំបន់​ខ្មៅ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ២០១៥​កន្លង​ទៅ​នេះ។ អ្នកស្រី​មិន​ដែល​ដឹង​ឮ​ពី​ដំណើរការ​សន្តិភាព​នោះ​ទេ ហើយ​អ្នក​ស្រី​ក៏​មិន​ដែល​និយាយ​ភាសា​ភូមា​នោះ​ដែរ។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​គ្រួសារ​របស់​លោកស្រី​ដែល​មាន​សមាជិក​៥នាក់​ ចង់​ត្រឡប់​ទៅរស់នៅ​ក្នុង​ភូមិ​របស់​ខ្លួន​វិញ​ ប៉ុន្តែ​ពួកគេ​ខ្លាច​ថា ភូមិ​របស់​ពួកគេ​នៅតែ​បន្ត​មាន​ភាព​អសន្តិសុខ។

អ្នកស្រី Naw Tin Sweនិយាយ​ថា៖ «ពួក​យើង​ឮ​ថា​លោកស្រី អង់សាន ស៊ូជី បាន​ជាប់ឆ្នោត។ ពួកយើង​មិនដឹង​ច្បាស់​ទេ។ ប្រសិនបើ​លោកស្រីជួយ​ដល់​ពួកយើង​ ពួកយើង​នឹង​ស្វាគមន៍។ ពួកយើង​ពិតជា​ចង់​ត្រឡប់​ទៅ​ស្រែចម្ការ​និង​ផ្ទះ​សម្បែង​របស់​ពួកយើង​វិញ​ណាស់ ប៉ុន្តែ​ពួក​យើង​ឮ​ថា​នៅ​ទីនោះ​មាន​គ្រាប់​មីន​ច្រើន​នៅ​ក្នុង​ដី»៕

ប្រែសម្រួលដោយ​ វិញ ​សុជាតា


XS
SM
MD
LG