ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​នឹង​បន្ត​សវនាការ​ករណី​អ្នកស្រី​យ៉ោម បុប្ផា​នៅ​សប្តាហ៍​ក្រោយ


កូនៗ​អ្នក​​ភូមិ​បឹងកក់​​ចូលរួម​ការ​ទាមទារ​​ឲ្យ​តុលាការ​ដោះលែង​​អ្នកស្រី​យ៉ោម បុប្ផា​ សកម្មជន​ការពារ​សិទ្ធិ​លំនៅឋាន។​
កូនៗ​អ្នក​​ភូមិ​បឹងកក់​​ចូលរួម​ការ​ទាមទារ​​ឲ្យ​តុលាការ​ដោះលែង​​អ្នកស្រី​យ៉ោម បុប្ផា​ សកម្មជន​ការពារ​សិទ្ធិ​លំនៅឋាន។​
សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​លើ​ករណី​អ្នក​យ៉ោ​ម បុប្ផា​ សកម្មជន​ត​រ៉ាវ​រឿង​វិវាទ​ដីធ្លី​ដ៏​លេចធ្លោ​មួយ​នៅ​តំបន់​បឹងកក់។

​បន្ទាប់ពី​បាន​បើក សវនាការ​អស់​រយៈ​ពេល​ប្រមាណ​ជាង​ប្រាំ​ម៉ោង ​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​តាំង ស៊ុន​ឡាយ​បាន​ប្រកាស​ថា​ សវនាការ​នឹង​បន្ត​នៅ​រសៀល​ថ្ងៃ​ទី១៤ ​ខាង​មុខ​នេះ។​

ក្នុង​សវនាការ​រយៈពេល​ជាង​ប្រាំ​ម៉ោង​នេះ ​តុលាការ​ទើបតែ​បញ្ចប់​ការ​សាកសួរ​ទៅលើ​ជន​ជាប់​ចោទ​ចំនួន​ពីរ​រូប​គឺ​អ្នកស្រី​យ៉ោ​ម បុប្ផា ​និង​ស្វាមី​របស់​អ្នកស្រី​គឺ​លោក​លួស សាខន​ ព្រម​ទាំង​ជនរងគ្រោះ​ដែល​ជា​ភាគី​ដើម​បណ្តឹង​ចំនួន​ពីរ​រូប​គឺ​លោក​វ៉ាន់ ថៃ​សេង ​និង​លោក​ង៉ែត ចិន។​
តុលាការ​នឹង​បន្ត​ការ​សាកសួរ​ទៅលើ​សាក្សី​ចំនួន​ប្រាំ​មួយ​រូប​ផ្សេង​ទៀត ​នៅ​ក្នុង​សំណុំ​រឿង​ដ៏​លេច​ធ្លោ​មួយ​នេះ។​

នៅ​ក្នុង​បន្ទប់​សវនាការ អ្នកស្រីយ៉ោ​ម បុប្ផា​សកម្ម​ជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់​នៅតែ​ប្រកាន់​ជំហរ​ថា​ អ្នកស្រី​មិន​បាន​ចូលរួម​បង្ក​របួស​ស្នាម​ដល់​ជន​រងគ្រោះ​ទាំងពីរ​នាក់​នោះ​ទេ។ ​អ្នកស្រី​បាន​ប្រាប់​តុលាការ​ថា ​នៅ​ថ្ងៃ​កើតហេតុ​គឺ​នៅ​ថ្ងៃទី៧​ ខែ​សីហា ​ឆ្នាំ២០១២ ​ អ្នកស្រី​នៅ​ចម្ងាយ​ជិត​២០​ម៉ែត​ពី​កន្លែង​កើត​ហេតុ ​ហើយ​អ្នកស្រី​បាន​ឃើញ​ជន​រងគ្រោះ​ទាំងពីរ​នាក់​រត់​ចេញ​មក​ក្រៅ​ដោយ​មាន​ស្នាម​ប្រឡាក់​ឈាម។​

ជន​រងគ្រោះ​មួយ​រូប​ឈ្មោះ​វ៉ាន់ ថៃ​សេង​បាន​ប្រាប់​តុលាការ​ថា ​ប្អូន​ប្រុស​របស់​អ្នកស្រី​យ៉ោម​ បុប្ផា​គឺ​លោក​យ៉ោ​ម កន្លង់​បាន​ចាប់​រូប​លោក​រួច​វាយ​ឲ្យ​រង​របួស។ ​ចំណែក​អ្នកស្រី​យ៉ោ​ម បុប្ផា​ ជា​អ្នក​ឈរ​បញ្ជា​ឲ្យ​ប្អូន​របស់​អ្នកស្រី​ចាប់​វាយ ​ដោយ​ចោទ​ប្រកាន់​ថា​ ជា​ចោរ​លួច​កញ្ចក់​រថយន្ត។​

ចម្លើយ​របស់​ជន​រងគ្រោះ​វ៉ាន់ ថៃ​សេង​ត្រូវបាន​អ្នកស្រី​យ៉ោម បុប្ផា ជារឿយៗ​ បាន​និយាយ​ថា​ ជា​ការ​ភូតកុហក់ ​និង​បោកប្រាស់។
អ្នកស្រី​យ៉ោ​ម បុប្ផា​បាន​ប្រាប់​អ្នក​កាសែត​ក្រោយពី​បញ្ចប់​សវនាការ​ថា អ្នកស្រី​សង្ឃឹម​ថា​ នឹង​ទទួល​បាន​យុត្តិធម៌​នៅ​សាលា​ឧទ្ធរណ៍ ​ហើយ​អ្នកភូមិ​បឹងកក់​ស្រេក​ឃ្លាន​ណាស់​យុត្តិធម៌។​

លោក​ហម ស៊ីណិត ​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី​យ៉ោម បុប្ផា​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ កូន​ក្តី​របស់​លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។​ លោកនិយាយថា៖ «ពីព្រោះ​យើង​មាន​ស្តាប់​នូវ​ចម្លើយ ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ យើង​ឃើញ​ថា​ មាន​ភស្តុតាង​មួយ​ចំនួន​ដែល​ជា​ការ​ដោះ​បន្ទុក»។​

លោក​អំ សំអាត ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ បាន​និយាយ​ថា ​ឆ្លង​តាម​សវនាការ​ជាង​ប្រាំ​ម៉ោង​នេះ​ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ពិត​ប្រាកដ​មិនទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។​ លោក​បាន​និយាយ​ថា ​គេ​នៅ​មិនទាន់​ឃើញ​ថា ​អ្នកស្រី​យ៉ោម បុប្ផា​ មាន​កំហុស​ណា​មួយដែល​អាច​ចោទ​ប្រកាន់​មក​លើ​អ្នកស្រី​នៅ​ឡើយ។​
លោក​និយាយថា៖ «ខ្ញុំ​គិត​ថា​ រឿង​នេះ ​មុននឹង​អាច​ចោទ​ទៅ​លើ​អ្នកស្រី​យ៉ោម បុប្ផា​បាន ​ទាល់តែ​រក​ជន​ល្មើស​ អ្នក​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ទាំងពីរ​ហ្នឹង​ឲ្យ​ឃើញ​ជា​នរណា​សិន​ ទើប​អាច​ចោទ​ទៅ​លើ​អ្នកស្រី​យ៉ោម បុប្ផា​បាន។ ​បើ​សិនជា​រក​ជន​ល្មើស​ហ្នឹង​មិន​ឃើញ​ទេ ​អញ្ចឹង​ អ្នកស្រី​យ៉ោម បុប្ផា​គឺ​មិន​អាច​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ»។​

នៅ​ខាងក្រៅ​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​ ក្រុម​អ្នកគាំទ្រ​ជា​ច្រើន​រ៉ាប់​រយ​នាក់​ ដែល​មកពី​តំបន់​បឹងកក់​និង​សហគមន៍​រងគ្រោះ​ដីធ្លី​ដទៃ​ទៀត​ បាន​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ និង​ផ្តល់​យុត្តិធម៌​ឲ្យ​អ្នកស្រី​យ៉ោម បុប្ផា។​

អ្នកស្រី​យ៉ោម បុប្ផា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកាត់ទោស​កាលពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​២០១២ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ពីបទ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ជន​រងគ្រោះ​ចំនួន​ពីរ​រូប​នេះ។ ​ចំណែក​លោក​លួស សាខន ​ស្វាមី​របស់​អ្នកស្រី​យ៉ោម បុប្ផា​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ដូចគ្នា​ដែរ​ ក៏​ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ៕​
XS
SM
MD
LG