ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាឧទ្ធរណ៍​បើក​សវនាការ​បណ្ដឹង​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​លោក គឹម សុខ នៅ​ដើម​សប្ដាហ៍​ក្រោយ


លោកគឹម សុខ ដែលជាអ្នកវិភាគនយោបាយនិងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការបានចោទលោកគឹម សុខ ពីបទ «បទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកគឹម សុខ ដែលជាអ្នកវិភាគនយោបាយនិងសង្គម ចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការបានចោទលោកគឹម សុខ ពីបទ «បទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រោយ​ពី​មាន​ពាក្យ​បណ្ដឹង​របស់​មេធាវីរបស់​អ្នកវិភាគ​នយោបាយ​លោក​ គឹម សុខ សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹងជំទាស់​នឹង​ដីកា​ឃុំ​ខ្លួនលោក គឹម សុខ នៅ​ដើម​សប្ដាហ៍​ក្រោយ គឺ​នៅ​ថ្ងៃ​ចន្ទ ទី៦ ខែ​មីនា។ មេធាវី​ការពារ​ក្ដីលើកឡើង​ថា យោងតាម​ច្បាប់ លោក គឹម សុខ គួរ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ តែ​មន្ត្រី​តុលាការ​ច្រាន​ចោទ​ការ​លើកឡើង​នេះ។

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅដើមសប្ដាហ៍ក្រោយគឺនៅថ្ងៃ​ចន្ទ ទី៦ ខែ​មីនា ​លើ​បណ្ដឹង​ជំទាស់​នឹង​ការ​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​អ្នកវិភាគ​នយោបាយ​លោក​ គឹម សុខ។

នេះ​បើ​យោង​តាម​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ គឹម សុខ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក គឹម សុខ បន្ទាប់​ពី​ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង។ លោក គឹម សុខ ត្រូវ​បានចោទ​ប្រកាន់​ចំនួន​២​បទល្មើស​គឺ​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បរិហា​កេរ្តិ៍ជា​សាធារណៈ»។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គឹម សុខ ប្រាប់ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​នេះ។ សាលាឧទ្ធរណ៍​បាន​សម្រេច​លើក​យក​ករណី​នេះ​ទៅ​ជំនុំ​ជម្រះ នៅ​ថ្ងៃទី​៦ ខែមីនា ខាង​មុខ។

លោក ជូង ជូងី មាន​ប្រសាសន៍​ទៀត​ថា ក្រោម​បទ​ចោទ​ទាំង​ពីរ លោក គឹម សុខ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ។ លោក​បន្ត​ទៀត​ថា យោង​តាម​មាត្រា​ទី​២០៤​នៃ​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន អាច​អនុវត្ត​បាន​តែ​ក្នុង​ករណី​ជនត្រូវ​ចោទ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ដែល​ត្រូវ​ផ្ដន្ទាទោស​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ។

«អ៊ីចឹង​គឺ ខ្លឹមសារ​នៃ​មាត្រា​២០៤​ហ្នឹង​ក្នុង​ន័យ​ថា លុះ​ត្រា​តែ​បទ​ចោទប្រកាន់​ដែល​ត្រូវ​ផ្ដន្ទាទោស​គាត់​ អប្បរមា​នៃ​ទោស​មួយ​ឆ្នាំ​ទើប​អាច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​បាន។ ប៉ុន្តែ​ដោយឡែក បទ​ចោទ​ប្រកាន់មកលើលោក​ គឹម សុខ នេះគឹ​អប្បរមា​នៃ​ទោស​គឺ​មិនមែន​១​ឆ្នាំទេ គឺ​៦​ខែ។ ដូច្នេះ​បើផ្អែក​លើ​មាត្រា​២០៤​នេះ ​មិនគួរ​ឃុំ​ខ្លួន​លោក​ គឹម សុខ​ ទេ»។

លោក ជូង ជូងី បន្ត​ទៀត​ថាការ​បន្ត​ឃុំ​ខ្លួន​លោក គឹម សុខ គឺ​ជា​ការ​បំពាន​លើ​មាត្រា​ទី​២០៤​នៃ​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ។

«អាហ្នឹង​គឹ​បាន​ន័យថា អ្នក​អនុវត្ត​ច្បាប់​បំពាន​ច្បាប់។ អាហ្នឹង​វា​ព្យសនកម្ម ដល់​សង្គម វា​អាក្រក់ហា៎!»។

លោក ជូង ជូងី ឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ពាក្យបណ្តឹង​នៅសាលាឧទ្ធរណ៍ លោក​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​កាល​ពី​ថ្ងៃ​សុក្រ ដើម្បីសុំឱ្យដោះលែង​លោក គឹម សុខ ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​បណ្តោះ​អាសន្ន។

VOA មិន​អាច​ទាក់ទង​លោក ទូច ថារិទ្ធិ អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

ទោះបី​ជា​យ៉ាងណា លោក លី សុផាណា ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ជូង ជូងី។

លោក​អះអាង​ថា តុលាការ​សាលាដំបូង​បាន​ធ្វើ​ត្រឹមត្រូវ​តាមនី​តិវិធី​ និង​បានពិនិត្យ​តាម​ផ្លូវ​ច្បាប់​នូវ​លក្ខខណ្ឌ​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន។

លោក លី សុផាណា ប្រាប់​VOA តាម​បណ្ដាញ​សង្គមតេឡេក្រាម (Telegram) កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ក្នុង​ន័យ​ដើម​ដូច​នេះ​ថា «អយ្យការ​បាន​ចោទប្រកាន់​[លោក គឹម សុខ] ពី​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោ​សកម្រិត​អតិបរមា​២​ឆ្នាំ។ ដូចនេះ ​តុលាការ​អាច​ឃុំខ្លួន​បណ្តោះអាសន្ន​បាន​ដោយ​អនុលោម​តាម​មាត្រា ២០៤ និងមាត្រា ២០៥ ក្រមនីតិវិធីព្រហ្មទណ្ឌ»។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ​និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ»​ តាម​ពាក្យ​បណ្ដឹង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ​លោក ហ៊ុន សែន បាន​ប្ដឹងលោក គឹម សុខ ​ថា ​បាន​អធិប្បាយចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​ កែម​ ឡី និងទារ​សំណង​ចំនួន​៥សែន​ដុល្លារ​។

ក្រៅពី​នេះ លោក​នាយក​រដ្ឋមន្ត្រីក៏​បានប្ដឹង​លោក​ គឹម សុខ​ មួយ​ករណី​ទៀតចំពោះ​ការ​អត្ថធិប្បាយ​ថា ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ បណ្ដោយ​ឱ្យ​មាន​ការ​សម្លាប់​មនុស្ស ហើយ​មិន​រក​មុខ​ឃាត​កពិត​ ដូចជា​ក្នុង​ករណី​លោក​ កែម ឡី​ លោក​ ជា​ វិជ្ជា​ ព្រះ​សង្ឃ​ សម​ ប៊ុន​ធឿន​ ​និង​លោក​ឈុត​ វុទ្ធី​ ជា​ដើម។ លោក ហ៊ុន សែន ទាមទារ​ប្រាក់​សំណង១០លាន​រៀល​ផង​ដែរ​សម្រាប់​ករណី​នេះ៕

XS
SM
MD
LG