ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាឧទ្ធរណ៍​សម្រេច​លើកពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹង​ជំទាស់​របស់​លោក នី ចរិយា


រូបឯកសារ៖ លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ ​វិច្ឆិកា/VOA)

រូបឯកសារ៖ លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ ​វិច្ឆិកា/VOA)

តុលាការ​ខេត្ត​សៀមរាម​បាន​ចោទ​ប្រកាន់​លោក​ នី ចរិយា​​ពី​បទ​បរិហារកេរ្តិ៍​ នៅ​ពេល​លោក​បម្រើ​ការ​ងារ​ជា​​មន្ត្រី​សិទ្ធិមនុស្ស​របស់​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ អគ្គ​លេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប) រូប​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​៦ខែ និង​ការ​ពិន័យជា​ប្រាក់​៦លានរៀល។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​លើក​ការ​ប្រកាស​សាលដីកា​លើ​បណ្ដឹង​ទាស់​របស់​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ​ដែល​ត្រូវ​បាន​តុលាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល​ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ខេត្តសៀម​រាប។

​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​ខេត្ត​សៀម​រាប បាន​ប្ដឹង​លោក​ នី ចរិយា​ពី​បទ​បរិហារកេរ្តិ៍​ នៅ​ពេល​លោក​បម្រើ​ការ​ងារ​ជាមន្ត្រី​សិទ្ធិមនុស្ស​របស់សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទា​ទោស​លោក​ នី​ ចរិយា​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​ផ្សព្វ​ផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​ តាម​មាត្រា​៣០៥ មាត្រា​៣១១ មាត្រា​៣១២ និង​មាត្រា​៥២២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ ​

​លោក​ នី ចរិយា​ និយាយ​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សាលា​ឧទ្ធរណ៍​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ចៅក្រមជំនុំ​ជម្រះ បាន​សម្រេច​លើក​ការ​ប្រកាស​សាលដីកា​លើ​បណ្ដឹង​ទាស់​របស់​លោក​ទៅ​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​ខាង​មុខ​នេះ​វិញ។

លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅតុលាការកំពូលនៅ​រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅតុលាការកំពូលនៅ​រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ថ្លែង​បន្ត​ថា​ សាធារណជន​អាច​ធ្វើការ​វិនិច្ឆ័យ​លើ​សវនាការ​ ដែល​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ ហើយ​លោក​សុំ​មិន​ធ្វើការ​អធិប្បាយ​លើ​សវនាការ​នេះ​ទេ។​ ​

«បាទ​ដូចៗ​ខ្ញុំ​ជម្រាប​មិញ​អញ្ចឹង​ ដោយសារ​ខ្ញុំ​ពាក់​ព័ន្ធ​ជា​មួយ​រឿង​ក្ដី​ អញ្ចឹង​ខ្ញុំ​មិន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​ជម្រះ​ហ្នឹង​ទេ។ ហើយ​ជា​ការ​ជម្រះ​សេចក្ដី​ហ្នឹង​ គឺ​ជា​ការ​ធ្វើ​ឡើង​ដោយ​សាធារណៈ​ អញ្ចឹង​អ្នក​សារព័ត៌មាន​ក៏បាន​ចូល​ អ្នក​សង្កេតការណ៍​ក៏បាន​ចូល​ អញ្ចឹង​អ្នកសារព័ត៌មាន​ អ្នកសង្កេតការណ៍​វិនិច្ឆ័យ​ខ្លួន​ឯង​ចុះ»។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ លោក សុក កែវបណ្ឌិត ព្រះ​រាជ​អាជ្ញា​រង និង លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ បាន​ប្ដឹង​លោក នី ចរិយា ពី​បទ​បរិហារ​កេរ្តិ៍​ ក្រោយ​ពីលោក​នី ចរិយា ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​និយាយថា ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ចាប់ខ្លួន​ពលរដ្ឋ​អ្នក​មាន​ទំនាស់​ដីធ្លី​ដោយ​អយុត្តិធម៌ និង​បាន​ប្ដឹង​មន្ត្រី​តុលាការ​មួយ​ចំនួន​ រួម​មាន​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម​តុលាការ​ខេត្ត​សៀមរាប​ទៅ​កាន់​ស្ថាប័ន​ចំនួន​៤ ​រួម​ទាំង​ក្រសួង​យុត្តិធម៌ ​និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ពី​បទ​ចាប់ខ្លួន​ពលរដ្ឋ​រឿង​ដីធ្លី​ និង​ចោទ​ប្រកាន់​ពួកគាត់​ខុស​ ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្វាយលើ​ ខេត្ត​សៀមរាប​ កាលពី​ឆ្នាំ​២០១៤។

លោក​ សំ សុខ​គង់​ ​មេធាវី​តំណាង​ឲ្យ​លោក​ នី​ ចរិយា​ ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ចៅក្រម​នៃ​សាលាឧទ្ធរណ៍​ នឹង​ពិចារណា​លុបចោល​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ទៅតាម​អង្គហេតុ​ និង​ភស្តុតាង​ដែល​បាន​ដាក់​ជូន​សាលាឧទ្ធរណ៍។

«តាម​អ្វី​ដែល​មេធាវី​សង្ឃឹម​ ហើយ​សង្ឃឹម​ទៅ​លើ​សាលា​ឧទ្ធរណ៍​ដែល​ជា​សាលា​ ដែល​ជា​តុលាការ​ជាន់​ខ្ពស់​ មានន័យ​លំដាប់​ជាន់​ខ្ពស់​ហ្នឹង​ នឹង​ពិចារណា​អំពី​អង្គហេតុ​ ក៏​ដូច​ជាភស្តុ​តាង​ផ្សេងៗ​ ហើយ​ក៏​ពិចារណា​ទៅ​លើ​ច្បាប់​ហ្នឹង​ ហើយ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​លុប​ចោល​សាលក្រម​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ហ្នឹង​ ហើយ​និង​សម្រេច​ឲ្យ​ កូន​ក្ដី​រួចផុត​ពី​បទ​ចោទ»។

លោក​បន្ថែម​ថា​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ដឹកនាំ​ដោយ​លោក​ចៅ​ក្រម​ ប្លង់​ សំណាង​ បាន​សម្រេច​លើក​ការប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​វិញ ដោយ​យល់​ឃើញ​ថា​ រឿង​ក្តី​នេះ​ មាន​ភាព​ស្មុគស្មាញ​ច្រើន​ និង​ត្រូវ​ការ​ពេល​វេលាពិនិត្យ​ ​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​ធ្វើ​ការ​សម្រេច​សេចក្ដី។​

លោក​ ទូច​ ថារិទ្ធិ​ ជា​អគ្គ​លេខាធិការ​រង​ និង​ជាអ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ VOA ថា​ សាលា​ឧទ្ធរណ៍​នឹង​ធ្វើការ​វិនិច្ឆ័យ​រឿង​ក្តី​ទៅតាម​អំណាច​របស់​តុលាការ​ ហើយ​ក៏​មិន​រង​សម្ពាធ​ពី​បញ្ហា​នយោបាយ​នោះ​ទេ។​

«បាទ​ អានេះ​ ខ្ញុំ​មិន​ហ៊ាន​អី​ទេ​បង​ គ្រាន់​តែ​ថា​ ប្រកាស​ទៅ​តាម​ រាល់​នីតិវិធី​របស់​តុលាការ​បង។​ អត់​មាន​ពាក់​ព័ន្ធ​នឹង​អី​ទេ​ គ្រាន់​តែ​ថា​ ទៅតាម​នីតិវិធីរបស់​តុលាការ​ ដែល​ក្រុម​ប្រឹក្សា​ គាត់​សម្រេច​ អញ្ចឹង​ចាំ​ដឹង​ ចាំ​ទទួល​លទ្ធផល​នៅ​ថ្ងៃ​ទី​១៤​បាទ»។​

លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនា​ការ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនា​ការ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្រៅពី​ទទួល​ការ​កាត់​ទោស​ពី​បទ​បរិហារកេរ្តិ៍​នេះ​ លោក​នី ចរិយា​ ក៏​កំពុង​ជាប់​ក្នុង​ក្ដីក្ដាំ​ ទាក់​ទិន​ការ​ចោទប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​ក្នុង​រឿងអាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ស្ថិត​នៅក្នុង​ចំណោម​ មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​បួន​រូប​ផ្សេងទៀត​ ដែល​កំពុង​ជាប់​ក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ ពី​បទ​សូកប៉ាន់​សាក្សី​ ពាក់​ព័ន្ធ​និង​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​នេះ។

កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ តុលាការ​កំពូល​ បាន​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ របស់​លោក​ នី ចរិយា​ និង​មន្ត្រី​សិទ្ធិមនុស្ស​ទាំងបួន​នាក់​នោះ។

តុលាការ​ ​សំអាង​ថាការ​ដោះ​លែង​អ្នក​ទាំង៥​ឲ្យនៅ​ក្រៅ​ឃុំ​ នឹង​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​ និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​ជន​ជាប់​ចោទ និង​អ្នក​សម​គំនិត។

ដោយ​ឡែក​ លោក​ កឹម សុខា អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ បែរ​ជា​ទទួល​បាន​ការ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​តាម​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន៕

XS
SM
MD
LG