ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សាលា​ឧទ្ធរណ៍​ផ្តន្ទាទោស​អ្នកស្រី​យ៉ោម​បុប្ផា​ឲ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំ


បាតុករ​​ ទាមទារ​​ឲ្យ​​​សាលា​ឧទ្ធរណ៍​ដោះ​លែង​អ្នកស្រី​យ៉ោម បុប្ផា ​និងតាំង​រូប​ធ្វើ​ពី​​ក្រណាត់ តំណាង​ឲ្យ​ជនរង​គ្រោះ​នៃអំពើហិង្សា
បាតុករ​​ ទាមទារ​​ឲ្យ​​​សាលា​ឧទ្ធរណ៍​ដោះ​លែង​អ្នកស្រី​យ៉ោម បុប្ផា ​និងតាំង​រូប​ធ្វើ​ពី​​ក្រណាត់ តំណាង​ឲ្យ​ជនរង​គ្រោះ​នៃអំពើហិង្សា
សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រនេះ​បានសម្រេច​ផ្តន្ទាទោស​អ្នកស្រី​យ៉ោម បុប្ផា​ សកម្មជន​ត​រ៉ាវ​រឿង​វិវាទ​ដីធ្លី​ដ៏​លេចធ្លោ​មួយ​នៅ​តំបន់​បឹងកក់ ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​បី​ឆ្នាំ​ពីបទ​ផ្តើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា។​

ចៅក្រម​ជំនុំជម្រះ​បាន​ប្រកាស​សាលាដីកា​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ដោយ​តម្កល់​ការ​សម្រេច​ទោស​សាលា​ដំបូង​រាជធានី​ភ្នំពេញដោយ​ព្យួរទោស​ចំនួន​មួយឆ្នាំ​ក្នុង​ចំណោម​ទោស​ជាប់​ពន្ធនាគារទាំងបី​ឆ្នាំ។ ​ប៉ុន្តែ​ចៅក្រម​បាន​ប្តូរ​បទចោទ​ពី​បទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ពីបទ​ផ្តើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា។​

មាន​បាតុករ​សរុប​ជិត​១០០​នាក់ដែល​ជាជន​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​នៃ​សហគមន៍​ក្រីក្រ​នៅ​បឹងកក់​និង​បុរីកីឡា​ បាន​ស្រែក​នៅ​ក្រៅ​របង​សាលា​ឧទ្ធរណ៍​ថា​ការ​ផ្តន្ទាទោស​នេះ​ជា​«អំពើ​អយុត្តិធម៌»។​

ម្តាយ​អ្នកស្រី​យ៉ោម បុបា្ផ​បានដួល​សន្លប់​ភ្លាមៗ​បន្ទាប់ពី​ការ​ប្រកាស​សាលដីកា​ផ្តន្ទាទោស​កូនស្រី​របស់​ខ្លួន។​

លោកអំ សំអាត​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ហៅ​ការ​សម្រេច​ទោស​នេះ​ថា​ មិនមាន​យុត្តិធម៌។​

លោកនិយាយថា៖«វានៅតែ​អយុត្តិ​ដដែល​សម្រាប់​អ្នកស្រី​យ៉ោម បុប្ផា ពីព្រោះ​យើង​មើល​ការ​ដេញដោល​នេះ ​យើង​មិន​ទាន់រក​ឃើញ​ថា​ អ្នក​ណា​ជាអ្នក​ប្រព្រឹត្ត​បទល្មើស​ពិត​ប្រាកដ​ទេ»។​

អ្នកស្រី​យ៉ោម បុប្ផា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​កាលពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​២០១២ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ពីបទ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ អំពើ​ហិង្សា​ទៅលើ​ជន​រង​គ្រោះ​ចំនួន​ពីរ​រូប​ កាលពី​ខែសីហា​ ឆ្នាំ​ដដែល។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម
មាន​ជន​ជាប់ចោទ​បួន​នាក់​ក្នុង​សំណុំរឿង​នេះ​ក្នុង​នោះ​មាន​ប្អូនប្រុស​របស់​អ្នកស្រី​យ៉ោម បុប្ផា​ពីរនាក់​និងប្តី​របស់​អ្នកស្រី។​

សាលា​ឧទ្ធរណ៍​បាន​ពិន័យ​ជន​ជាប់ចោទ​ទាំង​បួននាក់​ចំនួន​២០​លានរៀល៕
XS
SM
MD
LG