ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​រិះគន់​តុលាការ​ថា​កាត់​ទោស​ឈ្មួញ​គ្រឿងញៀនមិនសម​ទម្ងន់ទោស


សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើ​ក្រុម​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)

សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើ​ក្រុម​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ)

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនបាន​រិះគន់​តុលាការ​ថា បាន​បន្ធូរបន្ថយ​ទោស​ដល់​​ជនល្មើស​គ្រឿងញៀនដែល​បាន​ប្រព្រឹត្តិទោស​កំហុស​ធ្ងន់ធ្ងរ ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​សមត្ថកិច្ច​ដែលអនុវត្ត​ច្បាប់។

ខណៈពេល​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំងគ្រឿង​ញៀន នៅ​ថ្ងៃ​អង្គារ​នេះ លោក កែ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនបាន​រិះគន់​តុលាការ​ថា​ បាន​កាត់​ទោស​ជនល្មើស​មួយ​ចំនួន​មិនសម​ទៅ​នឹង​ស្ថានទម្ងន់​ទោស​របស់​ពួកគេនោះទេ។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនរូបនេះ​រិះគន់​តុលាការ​ថា បាន​បន្ធូរបន្ថយ​ទោស​ដល់ជនល្មើស​គ្រឿងញៀនដែល​បាន​ប្រព្រឹត្តិទោស​កំហុស​ធ្ងន់ធ្ងរ ដែលធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​សមត្ថកិច្ច​ដែលអនុវត្ត​ច្បាប់។ លោក​ក៏​លើកឡើង​ដែរ​ថា ឈ្មួញ​ជួញដូរ​គ្រឿងញៀន​មួយចំនួន មានតែ​ឈ្មោះ​ជាប់​ពន្ធនាគារ ប៉ុន្តែ​ជាក់ស្ដែង ពួកគេ​នៅ​ក្រៅ​ពន្ធនាគារ ហើយ​បន្ត​ជួញ​ដូរ​គ្រឿងញៀន​នៅ​ខាង​ក្រៅ​ក្នុង​ទ្រង់ទ្រាយ​កាន់​តែ​ធំជាងមុន។

ការ​រិះគន់ទៅលើប្រព័ន្ធតុលាការ​ដ៏កំម្រនេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ និង​ការបណ្ដុះបណ្ដាល​ជនបង្គោល​របស់​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្រសួង​មហាផ្ទៃ។

នាយឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែងនៅ​ក្នុង​ពិធី​នេះថា ច្បាប់​ស្ដីពី​គ្រឿងញៀន​បាន​ចែង​យ៉ាង​តឹងរ៉ឹង​និង​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ជួញ​ដូរ។ ក៏​ប៉ុន្តែ​លោកថា កន្លង​មក លោក​សង្កេត​ឃើញ​មាន​ការ​បន្ធូរ​បន្ថយទោស​ចំពោះករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំមួយ​ចំនួន ជាពិសេស​អ្នក​មាន​ទ្រព្យ​សម្បត្តិច្រើន​។

លោក​ កែ គឹមយ៉ាន ថ្លែង​ថា៖

«គេ​ថា​ច្បាប់​អត់​តឹង។ អត់ទេ ច្បាប់​តឹង​តើ! ប៉ុន្តែ​មនុស្ស​អ្នក​កាត់​តើ​ដែល​បន្ធូរ។ ច្បាប់​សរសេរ​តឹងមែនទែន​ច្បាប់​នេះ។ បើ​ប្រៀបធៀប​ច្បាប់​មុន ខុស​គ្នា​ឆ្ងាយ​ណាស់។ យើងអត់មាន​ច្បាប់​ប្រហារ​ជីវិត​ទេ ប៉ុន្តែ​ច្បាប់​ជាប់​គុក​នេះ​ក៏​មិន​ធូរ​ដែរ។ ឥឡូវ​មើល ​ចាប់​៥​គីឡូ ៤គីឡូ ៣​គីឡូ ១​គីឡូ ប៉ុន្តែ​មានមាន​អ្នក​ណា​ជាប់​មួយ​ជីវិត​ទេ? ដូច​ខ្ញុំ​មិន​ដែល​ឮ»។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បន្ថែម​ទៀត​ថា ក្រៅ​ពី​ការ​បន្ធូរបន្ថយទោស​នេះ អ្នកទោស​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​ចំនួន​ក៏​មិន​បាន​អនុវត្តទោស​ខ្លួន​ឱ្យ​បាន​ពេញលេញ​នោះទេ ហើយ​ថែម​ទាំង​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​កាន់​តែធំជាង​មុន។

«អ្នកខ្លះ​អ៊ីចេះ កាត់​រួច​ហើយ​យក​ទៅ​ដាក់​គុក។ មាន​តែ​ឈ្មោះទេ មនុស្ស​នៅ​ក្រៅរក​ស៊ី​កាន់​តែ​ធំឡើង។ ចាប់​ម្ដង​ទៀតកាន់​តែ​ធំ​ឡើង»។

លោក កែ គឹមយ៉ាន ថ្លែង​បន្ត​ថា​៖

«ដែល​ខ្ញុំ​ថា ចាប់​ដំបូង​តិច ចេញ​មក​ខ្លាំង​ហ្នឹង​ខ្ញុំ​ស្គាល់តើ! ហើយ​មក​ជួល​ផ្ទះ​កូនចៅ​ខ្ញុំ។ ដល់​ឥឡូវ​បន្ធូរ​ចុះ​បន្ធូរ​ឡើង សល់​តែ​៣​ឆ្នាំ។ ហើយ​អាហ្នឹង​មាន​ទាំង​ម៉ាស៊ីន​ដាក់​លើ​ឡាន​ទៅ​ផលិត​គ្រប់​កន្លែង»។

លោក កែ គឹមយ៉ាន បន្ត​ទៀត​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​បែប​នេះ​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​ស្មារតី​អនុវត្ត​ច្បាប់របស់​សមត្ថកិច្ច​។

«ហើយ​បើ​យើង​ធូរ​អ៊ីចឹង​ហេ! អ្នក​អនុវត្ត​ច្បាប់​វា​អស់​ទឹក​ចិត្ត​ហើយ ចឹង​ហើយ​បាន​យើង​ចាប់​យក​លុយ​ដែរ​ទៅ»។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក លី សុផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

លោក នុត សវនា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់ ​VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ពុំ​ដែល​បានដឹង​ថា ​មាន​ករណីអ្នកទោស​នៅ​ក្រៅ​ពន្ធនាគារ​នេះ​ទេ។ ទោះយ៉ាងណា លោកថា អគ្គនាយកដ្ឋានពន្ធនាគារនឹង​ធ្វើ​ការ​ស្រាវជ្រាវបញ្ហា​នេះឱ្យ​បាន​ច្បាស់។

អ្នក​នាំពាក្យថ្លែងថា៖

«ជួនកាល​វា​កញ្ឆក់​កន្ដៀត​អី​យ៉ាង​ម៉េច ហើយ​បង្ក​ឡើង​ដោយ​ហេតុ​អី​យ៉ាងម៉េច អា​ហ្នឹង​ខ្ញុំ​គិត​ថា យើង​នឹង​ស្រាវ​ជ្រាវ​រឿង​នេះ តាម​សម្ដី​របស់​ថ្នាក់​ដឹកនាំ​យើង​ណា!»។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​មាន​ប្រសាសន៍​ថា បទល្មើស​គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ចម្បង​ដោយសារជំនាញ​និង​សមត្ថភាព​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​ និង​ទប់ស្កាត់​បទ​ល្មើសគ្រឿងញៀននៅ​មាន​កម្រិត។ លោកថា បញ្ហា​និទណ្ឌភាព​នៃ​ជនល្មើស​គ្រឿងញៀន​ក៏​ជា​បញ្ហា​ធំជាង​គេ​មួយ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់។

«មិនដឹង​ថា​តើ របៀប​ដែល​ពួកឧក្រិដ្ឋជន​ហ្នឹង​គេ​នៅ​ក្រៅ​ពន្ធនាគារ​គេ​នៅដោយ​របៀបណា។ តើ​វា​ជា​អំពើ​ពុករលួយ​នៅ​ក្នុង​កម្រិត​តុលាការ​ឬ​ក៏​ជា​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ។ ហ្នឹង​វា​ជា​កិច្ចការ​ដែល​ត្រូវ​ស៊ើបអង្កេត​បន្ត​ទៀត»។

កាល​ពី​ចុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​បើក​យុទ្ធនាការប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើកទី១ដែល​មាន​រយៈពេល​៦​ខែ។ យុទ្ធនាការ​នេះ​បាន​ប៉ានស្មានថា អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​ជាង​៥.០០០នាក់នៅ​ទូទាំង​ប្រទេស​នឹងត្រូវនាំ​ខ្លួនដាក់​ក្នុង​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន។

បើ​តាម​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បច្ចុប្បន្ន​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​សរុប​នៅ​ទូទាំងប្រទេស​មាន​ជាង​២០.០០០នាក់ ដោយ​ក្នុង​នោះ ៤០​ភាគរយ​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន៕

XS
SM
MD
LG