\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ


ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​រង់ចាំ​ផ្តិត​យក​រូបភាព​នៃ​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ប្រាសាទ​ អង្គរវត្ត កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី​/VOA)

ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​រង់ចាំ​ផ្តិត​យក​រូបភាព​នៃ​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ប្រាសាទ​ អង្គរវត្ត កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី​/VOA)

លោក​ខៀវ ធី​ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​អង្គរ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​ ដោយ​លោក​បន្ថែម​​ថា ​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក៏​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា ​និង​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។

អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ឡើង​ថា ​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រម្មណីយដ្ឋានអង្គរ​គឺ​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ពេក។​ ​ពួក​គេ​យល់​ថា​ វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា ​និង​ប៉ះពាល់​ដល់​ការ​មក​ទស្សនារបស់​ភ្ញៀវ​អន្តរជាតិ​មក​កាន់​តំបន់​បេតិកភណ្ឌ​ពិភព​លោកមួយ​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​គ្រឹះស្ថាន​អង្គរ ​ដែល​ជា​ស្ថាប័ន​រដ្ឋ​គ្រប់គ្រង​លើ​ការ​លក់​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​និយាយ​អំពី​ការ​ដំឡើង​តម្លៃ​សំបុត្រ​សម្រាប់​ជន​បរទេស។​ បើ​តាម​សេចក្ដី​ជូន​ដំណឹង​នោះ​ ​ចាប់​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​តទៅ ​ តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​រយៈពេល​១ថ្ងៃ​នឹង​ត្រូវ​កើន​ពី​២០​ដុល្លារ​ទៅ​៣៧​ដុល្លារ​ពោល​គឺ​ឡើង​ចំនួន​១៧​ដុល្លារ។ ​តម្លៃ​សំបុត្រ​រយៈ​ពេល​៣​ថ្ងៃ​នឹង​កើនពី​៤០​ដុល្លារ​ទៅ​៦២​ដុល្លារ​ ពោលគឺ​ឡើង​២២​ដុល្លារ។​ ចំណែក​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​រយៈ​ពេល​មួយ​សប្ដាហ៍​នឹង​ត្រូវ​កើន​ពី​៦០​ដុល្លារ​ទៅ​៧២​ដុល្លារពោល​គឺ​ឡើង​ចំនួន១២​ដុល្លារ។​

គ្រឹះស្ថាន​អង្គរ​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ផង​ដែរ​ថា ​តម្លៃ​ថ្មី​នៃ​បណ្ណ​ទាំង​៣​ប្រភេទ​គឺ​បាន​បញ្ចូល​តម្លៃ​បន្ថែម​ចំនួន​២​ដុល្លារ ​ដែល​គ្រឹះស្ថាន​អង្គរ​អះអាង​ថា​ នឹង​ត្រូវ​បង់​ចូល​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​សម្រាប់​ព្យាបាល​ជំងឺ​កុមារ​ក្រីក្រ​កម្ពុជា។ ​ទោះយ៉ាងណា ​គ្រឹះស្ថាន​អង្គរ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដំឡើង​តម្លៃ​សំបុត្រ​នេះ​ទេ។​

លោក​ហូ វណ្ឌី ​អគ្គ​លេខាធិការ​សម្ព័ន្ធ​ទេស​ចរណ៍​ជាតិកម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ដំឡើង​ថ្លៃ​សំបុត្រ​នេះ​គឺ​ខ្ពស់​ហួសហេតុ​ពេក។ ​លោក​ថា​ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ក៏​ដូច​ជា​ការ​មក​ទេសចរណ៍របស់​ភ្ញៀវ​អន្តរជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប៉ុន្តែ​ពី​២០​ទៅ​៣៧​ដុល្លារ ​នៅ​ក្នុង​ហ្នឹង​មាន​២​ដុល្លារ​ដែល​គ្រឹះស្ថាន​អង្គរ​ថា​ នឹង​ជួយ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ​ បាទ​ដូច្នេះ​បើ​យើង​កាត់​២​ដុល្លារ​ចេញ វា​[ឡើង]​១៥​ដុល្លារ។ ​អីចឹង ១៥​ដុល្លារ​ តួលេខ​នេះ​វា​ស្មើ​នឹង​៧០​ទៅ​៨០​ភាគរយ​ឯណោះ។​ អីចឹង យើង​ឃើញ​ថា​ ទំនិញ​អ្វី​មួយ​នៅ​លើទីផ្សារ​ បើ​សិន​ជា​ដំឡើង​ថ្លៃ​[ខ្ពស់​]​អីចឹង​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍...ទី​២​ វា​អាច​កាត់​បន្ថយ​ការ​ដើរហើរ​របស់​គេ​ដែរ។​ ជួន​កាល​គេធ្លាប់​មក​៣​ថ្ងៃ ​គេ​អាច​មក​មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃ​ ដូច្នេះ​ការ​ខាតបង់​ហ្នឹង​វា​មាន។ ជួន​កាល​មិន​ខាត​បង់​ត្រង់​ទៅ​លើ​ហ្នឹង ​ក៏​ប៉ុន្តែ​ខាត​បង់​ទៅ​លើ​អតិថិជន​ ឬ​ក៏​ដូច​ជា​ពលរដ្ឋ​ដែល​គាត់​រកស៊ី​នៅ​ក្នុង​ឧស្សាហ​កម្ម​ហ្នឹង»។​

លោក​ហូ វណ្ឌី​បន្ត​ថា ​បណ្ដា​សមាគម​និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍នឹងជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​គ្នា​ពី​ការ​កើន​ឡើង​នៃ​តម្លៃ​សំបុត្រ​ចូល​តំបន់​អង្គរ​នេះ​ មុន​នឹង​ទៅ​ជជែក​គ្នា​ជាមួយ​រដ្ឋាភិបាល។​

លោក​ខៀវ ធី​ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​អង្គរ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​ ដោយ​លោក​បន្ថែមថា ​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក៏​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​កម្ពុជា ​និង​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។​

លោក​មាន​ប្រសាសន៍​ថា៖​

«បាទ​ ពីព្រោះ​ប្រទេស​ជិតខាង​ ដូចជា​ប្រទេស​វៀតណាម ​ ​គេ​ព្យាយាម​ទម្លាក់​តម្លៃ​ហើយ​និង​មិន​យក​តម្លៃ​លើ​វីសា​ (ទិដ្ឋាការ)​ ហើយ​និង​គេ​ព្យាយាម​លើក​តម្កើង​ផ្នែក​អនឡាញ​ហ្នឹង​ អ៊ីនធើណែត​ Wifi ​ហ្នឹង​គ្រប់​ Free ​(ឥត​គិត​ថ្លៃ) ​ពេល​ណា​ចូល​ដល់​ទីក្រុង​គេ។ ​ អីចឹងពេល​ដល់​ស្រុក​ប្រទេស​កម្ពុជា​យើង ​យើង​អត់​មាន​សេវា​កម្ម​អី​ដើម្បី​ទាក់ទាញ ​មាន​តែ​ការ​តម្លើង​ថ្លៃ​បន្ថែម។ ​ អីចឹងហើយ​ជា​ការ​ប្រណាំង​ប្រជែង​របស់​យើង​ វា​នៅ​មាន​កម្រិត​ចាញ់​គេ ​ហើយ​កេរ្តិ៍​ឈ្មោះ​មុខមាត់​ការ​ទិតៀន​របស់​ភ្ញៀវប្រាកដជា​មាន​ចំពោះ​ប្រទេសខ្មែរយើង»។​

លោក​ខៀវ ធី​ឱ្យ​ដឹង​ដែរ​ថា ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ​រូប​លោក​និង​សមាគម​ព្រម​ទាំងវិស័យ​ឯកជន​ផ្សេងទៀត ​នឹង​ជួប​ប្រជុំ​ជាមួយ​មន្ត្រីរដ្ឋាភិបាលពិភាក្សា​អំពី​វិស័យ​ទេសចរ​ នៅ​ឯ​សាលា​ខេត្ត​សៀមរាប។​ លោក​បន្ថែម​ថា ​លោក​គ្រោង​នឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​តម្លៃ​ដែល​បាន​កំណត់​ដំឡើង​នេះ។​

លោក​ហុក សេង ​មន្ត្រី​រដ្ឋបាល​នៃ​គ្រឹះស្ថាន​អង្គរ​ មាន​ប្រសាសន៍​ថា ​លោក​ពុំ​បាន​ដឹង​ព័ត៌មាន​លម្អិត​ និង​មូលហេតុ​នៃ​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​នោះ​ទេ ​ដោយ​លោក​ថ្លែង​ថា​ គ្រឹះស្ថាន​អង្គរ​គ្រាន់​តែ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត​ប៉ុណ្ណោះ។​ លោក​ឱ្យ​ដឹងថា ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នឹង​ពិភាក្សា​អំពី​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ ​ដោយមាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​គឺ​លោក​ថោង ខុន​នោះ​ទេ។ ​លោក​ឲ្យ​ដឹង​ថា ​អ្នក​ចូល​រួម​អាច​បញ្ចេញ​មតិ​យោបល់ និង​ចោទ​ជា​សំណួរ​បាន។​

VOA ​មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​គឺ​លោក​ថោង ខុន​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ ​ទោះយ៉ាងណា ​លោក​បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា តម្លៃ​ថ្មី​៣៧​ដុល្លារ​ដែល​កំណត់​សម្រាប់​ឆ្នាំ​២០១៧​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​២០​ដុល្លារ​កាល​ពី​ឆ្នាំ​១៩៩៤​ ដោយ​លោក​បាន​លើក​ឡើង​ថា ​ការ​ឡើង​ថ្លៃ​នេះ​គឺ​ដោយសារ​ការ​កើន​ឡើង​តម្លៃ​មុខ​ទំនិញ​នានា​នៅ​លើ​ទីផ្សារ។

យោង​តាម​របាយ​ការណ៍​របស់​គ្រឹះស្ថាន​អង្គរ ​ ចំណូល​បានពី​ការ​លក់​សំបុត្រ​ ចូល​ទស្សនា​តំបន់​អង្គរ​មានជាង​៣១​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០១៦​នេះ។ ​តួលេខ​នេះ​កើន​១,៧៥​ភាគរយ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៥។ ​របាយ​ការណ៍​នោះ​បង្ហាញ​ដែរ​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​បាន​កើន​ឡើង​០,៧០​ភាគរយ ​បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥៕

XS
SM
MD
LG