ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្ន​កវិភាគ​៖ ការ​លាលែង​ពី​តំណែង​របស់​មន្ត្រី​​បក្ស​ប្រឆាំង​៣​រូប​ទៀត​ អាច​ដោយសារ​សម្ពាធ​នៃ​​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ


រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា ការ​លា​លែង​នេះ​គឺ​ដោយសារ​ការ​រង​សម្ពាធ​ពី​​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា​អនុម័ត។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​៣​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​ បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ ​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន​បំណងរំលាយ​គណបក្សណា ដែលមាន​មេដឹកនាំ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ នឹង​ត្រូវចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​យោង​តាម​លិខិត​លាលែង ដែល​VOA ទទួល​បាន។​

អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា ការ​លា​លែង​នេះ​គឺ​ដោយសារ​ការ​រង​សម្ពាធ​ពីវិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា​អនុម័ត។​

​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី និង​លោក មាជ សុវណ្ណរ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​ជាប់​ពន្ធនាគារ ពី​២ឆ្នាំ​កន្លះ ទៅ​២០​ឆ្នាំ ​ពាក់ព័ន្ធ​នឹង​បទ​ធ្វើ​កុប្បកម្ម និងញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន។

រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកអ៊ុំ សំអាន និង​លោកមាជ សុវណ្ណារ៉ា បាន​សរសេរ​លិខិត​ដាក់​ជូន​ទៅ​លោក ប៉ុល ហំម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​លោក ហុង សុខហួរ សរសេរ​ជូន​លោក ទាវ វណ្ណុល ​ប្រធាន​គណបក្ស សម រង្ស៊ី។

លិខិត​របស់​ពួកគេ​ទាំង​៣​នាក់​ដែល​សរសេរ​ចេញពី​ក្នុង​ពន្ធនាគារ​បញ្ជាក់​ថា​ពួកគេ ​បានប្រកាស​លា​លែង​ចេញ​ពី​សមាជិក​ភាពនៃ​គណៈកម្មាធិការ​នាយក​របស់​គណ​បក្ស ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ​មានមូល​ហេតុ​ផ្ទាល់​ខ្លួន។

ប្រធាន​គណៈកម្មាធិការ​នាយក គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ប្រាប់ VOA ថា ការ​លា​លែង​ពី​តំណែង​របស់​លោក ហុង សុខហួរ លោក អ៊ុំ សំអាន និង​លោក មាជ សុវណ្ណារ៉ា គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។

លោក ប៉ុល ហំម មិន​បាន​បកស្រាយ​លម្អិត​ពី​មូល​ហេតុ​នៃ​ការ​លាលែង ក្រៅ​តែ​ពី​មូល​ហេតុ​ដែល​បានលើកឡើង​ដោយ​ពួកគេ​ទាំង​៣រូប​នោះ​ទេ។ ទោះជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា លោក​សោកស្ដាយ​ចំពោះ​ការ​លាលែង​នេះ ហើយ​ថា​គណបក្ស​នឹងតែង​តាំង​អ្នកជំនួស​តាម​នីតិវិធី​ប្រសិន​មាន​ករណី​ចាំបាច់។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​ធម្មតា​សមាជិក​គណៈកម្មាធិការ​នាយក គឺ​អនុម័ត​ដោយ​សមាជ ឬ​បើ​មិន​អញ្ចឹង​ទេ គណៈកម្មាធិការ​នាយក​អាច​អនុម័ត​បាននៅ​ពេល​មាន​សំណើ​ពី​ប្រធាន អនុ​ប្រធាន​គណ​បក្ស។ បើ​មាន​សំណើ​ពី​ប្រធាន អនុ​ប្រធាន​គណបក្ស​ គណៈកម្មាធិការ​នាយក អាច​សម្រេច​ជ្រើស​រើស​ សមាជិក​គណៈកម្មាធិការ​នាយក​ថ្មី ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត ទើប​អ្នកថ្មី​ហ្នឹង​អា​ច​ចូលបាន»។

លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ពត៌មានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង ឡែន/VOA)
លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ពត៌មានគណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង ឡែន/VOA)

កាល​ពី​ថ្ងៃទី១១ កុម្ភៈ លោក សម រង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​អះអាង​ថា លោក​លាលែង​ពី​តំណែង​នេះ ដើម្បី​ការពារកុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំងនេះ។

ការ​លាលែងរបស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​រុំ​ព័ទ្ធ​ដោយ​បណ្ដឹង​ដែល​ប្ដឹង​ដោយ​មេដឹកនាំ​ធំៗ​ របស់​គណបក្ស​កាន់​អំណាចនេះ កើត​ឡើងតែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់ស្ដីពី​គណ​បក្ស​នយោបាយ។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កំណត់​ថា ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍​ ហើយ​គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មេដឹកនាំ​បក្ស​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

បើ​ទោះ​បី​ជា​ក្នុង​លិខិត​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ទាំង៣​រូប​បាន​បញ្ជាក់ថា ការ​លា​លែង​របស់​ពួកគេ​ធ្វើ​ឡើង​ដោយ​សារ​មាន​មូលហេតុ​ផ្ទាល់​ខ្លួន​ក្ដី ក៏​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយនៅ​កម្ពុជា​យល់​ថា ការ​លាលែង​នេះ​កើត​ឡើង​ដោយសារ​សម្ពាធ​នៃវិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​ដែល​នឹង​ត្រូវ​ចូល​ជាធរមាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

លោក មាស នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា ការ​លាលែង​ពី​តំណែង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្សប្រឆាំង​ទាំង​៣​រូបនេះ កើត​ឡើង​ដោយសារការ​រង​ឥទ្ធិពល​ពី​មាត្រា​មួយ​ចំនួន​ដែល​ទើប​តែ​ត្រូវ​បានបន្ថែម និង​កែប្រែ​ក្នុង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក​បន្ថែម​ថា ការ​លា​លែង​នេះ​ ក៏​អាច​ជា​មូល​ហេតុ​ជួយសម្រួល​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​ឡើង​កម្ដៅ​ផង​ដែរ។ ​

លោក​បញ្ជាក់​ថា៖ «ទី១ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹងច្បាប់​ដែល​ទើប​អនុម័ត​ថ្មីៗ ហើយ​ទី២​ទៀត​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ឈាន​ទៅ​រក​ការ​សុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​អី​អញ្ចឹង​ទៅ។ ហើយ​ឈាន​ទៅ​រក​ការដោះ​លែង។ ដោយសារ​តែ​បើសិនជារឿង​នេះ​ជា​រឿង​នយោបាយ​ទៀត​ ក៏​វា​មាន​ភាព​ធូរ​ស្រាល​លើ​ទោស​ទណ្ឌ​ថ្ងៃ​ខាង​មុខ»។

​មាត្រា​១៨​ថ្មី នៃ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយដែលរដ្ឋសភាទើប​តែអនុម័ត​កាល​ពី​ថ្ងៃ​ចន្ទ​នេះ ចែង​ថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​នាយក​ដែល​មាន​ទោស មិន​ត្រូវ​ឲ្យ​មាន​តួនាទី​ក្នុង​គណបក្ស។

មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​រិះ​គន់​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​នេះ​ ថា​ជា​គ្រោះ​ថ្នាក់​មួយ​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួកគេ​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​បើ​ក​សិទ្ធិ​ឲ្យ​រដ្ឋាភិបាលមាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ​ក្នុង​ការ​រារាំង​គណ​បក្ស​នយោបាយ​ដទៃ​ដែល​ជា​គូ​ប្រជែង​ខ្លួន​ មិន​ឲ្យ​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា​បាន៕

XS
SM
MD
LG