ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​ថា​គណៈរដ្ឋមន្ត្រី​ស្រមោល​ល្អ​ប៉ុន្តែ​រដ្ឋាភិបាល​ថា​ខុសច្បាប់


រូប​ឯកសារ៖ រដ្ឋ​សភា​ជាតិ​បាន​ប្រថាប់​ត្រា​យល់​ព្រម​លើ​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រយៈពេល​មិនដល់​មួយ​ម៉ោង​នោះ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
រូប​ឯកសារ៖ រដ្ឋ​សភា​ជាតិ​បាន​ប្រថាប់​ត្រា​យល់​ព្រម​លើ​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រយៈពេល​មិនដល់​មួយ​ម៉ោង​នោះ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

ក្រុម​អ្នកវិភាគ​​ថា​​ ទោះបី​ជា​ប្រព័ន្ធ​ស្រមោល​នេះ​បាន​ដំណើរការ​ទៅ​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ ក៏​ប្រព័​ន្ធ​នេះ​ពិបាក​នឹង​យក​មក​អនុវត្ត​នៅ​កម្ពុជា។

ប្រទេសមាន​ប្រព័ន្ធ​សភានិយម​បាន​បើក​ឲ្យ​ធ្វើប្រតិបត្តិការ​គណៈរដ្ឋមន្ត្រី​ស្រមោល ឬ​រដ្ឋាភិបាល​ស្រមោល​ដើម្បី​ធ្វើ​ការសិក្សា​និង​ចោទសួរ​លើគោលនយោបាយ​សំខាន់ៗ​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ​តាម​ក្រសួង​រដ្ឋ​នីមួយៗ។​ នេះ​បើ​យោង​តាម​ការពន្យល់​ពី​ក្រុម​អ្នក​វិភាគ​ផ្នែក​នយោបាយ​ និង​សង្គម​ ដែល​បាន​សិក្សា​ពី​ប្រព័ន្ធ​នៃ​គណៈរដ្ឋមន្ត្រី​ស្រមោល​នៅ​ប្រទេស​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។ ​

ការ​ដាក់​ឲ្យ​ដំណើរ​ការ​គណៈរដ្ឋមន្ត្រី​ស្រមោល​ បាន​បើក​ឱកាស​ឲ្យ​ក្រុម​មន្ត្រី​បម្រើ​ក្រសួង​រដ្ឋ​ អាច​ត្រៀម​ការ​ឆ្លើយ​តប​ ប្រសិន​បើ​ក្រុម​មន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ស្រមោល​ផ្ដើម​ការ​ចោទសួរ​ អំពី​ដំណើរ​ការ​អវិជ្ជមាន​នៃ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល។​

ក្រុម​អ្នកវិភាគ​និយាយ​ថា ទោះបី​ជា​ប្រព័ន្ធ​ស្រមោល​នេះ​ បាន​ដំណើរការ​ទៅ​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ ក្នុង​នោះ​គឺ​ចក្រភព​អង់គ្លេស​ក្តី​ ក៏​ប្រព័​ន្ធ​នេះ​ពិបាក​នឹង​យក​មក​អនុវត្ត​នៅ​កម្ពុជា ដែល​អ្នក​នយោបាយ​ភាគច្រើន​មិន​ទាន់​យល់​ពី​ដំណើរ​ការ​នៃ​ប្រព័ន្ធ​នេះ។​

ពួកគេ​យល់​ឃើញ​ខុសៗ​គ្នា​ថា​ អ្នកនយោបាយ​ខ្មែរ​អាច​ផ្តើម​សិក្សា​លម្អិ​ត​ពី​ប្រព័ន្ធ​ស្រមោល​នេះ​ ឬក៏​ប្រព័ន្ធ​មិន​អាច​ត្រូវ​បាន​យក​មក​អនុវត្តន៍​តែ​ម្តង​ ដោយ​ហេតុ​តែ​អ្នក​នយោបាយ​ខ្មែរ​មិន​អាច​ផ្លាស់​ប្តូរផ្នត់​គំនិត​ភ័យ​ខ្លាច​នៃ​ការ​បាត់​បង់​អំណាច​របស់​ខ្លួន។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត
លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ថ្លែង​ថា​ ក្រុម​អ្នក​នយោបាយ​កម្ពុជា​មក​ពី​គណបក្ស​ធំៗ​ក្នុង​សភា​ជាតិ​ អាច​ចាប់​ផ្តើម​ពិភាក្សា​ ស្វែងយល់​ពី​ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​នេះ​ ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​គ្នា​ ដែល​បាន​អូស​បន្លាយ​រាប់​សិប​ឆ្នាំ​មក​ហើយនៅ​ក្នុង​នយោបាយ​ខ្មែរ។​

លោក​និយាយ​ថា​ ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ មិន​គិត​គូ​ឲ្យ​បាន​ហ្មត់​ចត់​អំពី​តួនាទី​នៃ​គណៈរដ្ឋមន្ត្រី​ស្រមោល​នេះ​ទេ​ នោះ​ទំនាស់​នយោបាយ​តាម​បែប​បុគ្គល​ នឹង​មិន​អាច​រក​ទី​បញ្ចប់​បាន​ឡើយ​ ហើយ​ផ្នត់​គំនិត​នយោបាយ​ចាស់​របស់​ពួកគេ​ក៏​មិន​អាច​ផ្លាស់​ប្តូរ​បាន​ដែរ​។ ​

«ខ្ញុំ​សោក​ស្តាយ​មែនទែន​ ព្រោះ​អ្វី​អ្នក​នយោបាយ​យើង​ អត់​ព្រម​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ​ គិត​តែ​ហៃ​អើ​ គិតតែ​ឈូឆរ​ខ្លាំង​ពេក​ ដោយ​សារ​អីចឹង​ទៅ យើង​គិត​តែ​ឈ្លោះ​គ្នា»។​

​លោក​ថា​ អ្នក​នយោបាយ​ខ្មែរ​ មិន​មាន​អ្វី​ដែល​ត្រូវ​ពិបាក​ក្នុង​ការ​ស្វែងយល់​ដំណើរការ​នៃ​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល​ ដែល​អាច​ជំរុញ​ឲ្យ​មានការ​ប្រកួត​ប្រជែង​គ្នា​ស៊ីជម្រៅ​នៅ​ក្នុង​ការ​អនុវត្ត​ និង​ពិនិត្យ​ឡើងវិញ​នៃ​គោល​នយោបាយ​ដែល​មិន​ចំណេញ​ដល់​ជាតិ។​

«ការ​ប្រកួត​ប្រជែង​បែប​រដ្ឋាភិបាល​ស្រមោល​នេះ​ គឺ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​ធ្វើ​ដូច​ស្រុក​ខ្មែរ​ ដែល​មាន​សភា​និយម​ហ្នឹង​ គឺ​គេ​ធ្វើ​អីចឹង​ ហើយ​អីចឹង​មាន​អ្វី​ពិបាក​ក្នុង​ការ​សិក្សា។​ ខ្ញុំ​មើល​ទៅ​មាន​ប្រទេស​ភាគ​ច្រើន​ដែល​មាន​គំរូ​ហ្នឹង​រួច​ទៅ​ហើយ។​ អីចឹង​ ខ្ញុំ​មើល​ទៅ​គាត់​ព្យាយាម​ទៀត​ទៅ​ យល់​ហើយ​បាទ»។

ឯកសារ​នានានិយាយ​ពី​គណៈរដ្ឋមន្ត្រី​ស្រមោល​ ដែល​កំពុង​ដាក់​ឲ្យ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ ​បាន​ពន្យល់​ថា​ គណៈ​រដ្ឋមន្ត្រី​ស្រមោល​ គឺ​ជា​ក្រុម​នៃ​អ្នក​នយោបាយ​ ចេញពី​គណបក្ស​នយោបាយ​ ដែល​មាន​ចំនួន​សមាជិក​សភា​ខ្ពស់​បំផុត​លំដាប់​ទីពីរ​នៅ​ក្នុង​សភា​ថ្នាក់​ទាប​នៃ​សភា​ចក្រ​ភព​អង់គ្លេស។​ វា​គឺ​ជា​ជម្រើស​ជំនួស​មួយ​សម្រាប់​គណៈរដ្ឋមន្ត្រី។​

គណៈរដ្ឋមន្ត្រី​ស្រមោល​ ​បាន​បង្កើត​ឲ្យ​មាន​រដ្ឋមន្ត្រី​ស្រមោលជាច្រើន។ រដ្ឋមន្ត្រី​ស្រមោលទាំង​អស់​នោះ​ គឺ​ជា​អ្នក​នយោបាយ​ ដែល​នឹង​ឡើង​ធ្វើ​ជារដ្ឋ​មន្ត្រីផ្លូវ​ការ ដូចជា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​រដ្ឋ​មន្ត្រី​ការបរទេស​ជាដើម​ ​ប្រសិន​បើ​គណបក្ស​របស់​ពួក​គេ​ឈ្នះ​ការបោះឆ្នោត។

​គណៈ​រដ្ឋ​មន្ត្រី​ស្រមោល​ដដែល​នេះគឺ​ជា​ផ្នែក​មួយ​របស់​ក្រុម​ប្រឆាំង​និង​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​ប្រឆាំង។​ប្រធាន​ក្រុម​ប្រឆាំង​នេះ​ គឺ​ជា​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ដែល​មាន​ចំនួន​សមាជិក​សភា​ខ្ពស់​បំផុត​លំដាប់​ទីពីរ​នៅ​ក្នុង​សភា​ថ្នាក់​ទាប​នៃ​សភា​ចក្រ​ភព​អង់គ្លេស។​ តាម​រយៈ​ការ​រៀបចំ​គណៈរដ្ឋមន្ត្រី​ស្រមោល​នេះ គណបក្ស​ប្រឆាំង​ផ្លូវ​ការ​ ប្រឹងប្រែង​បង្ហាញ​ខ្លួន​ថា​ ជា​រដ្ឋាភិបាល​ជំនួស​កំពុង​រង់​ចាំ។

លោក​ ហេង ស្រ៊ាង​ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម
លោក​ ហេង ស្រ៊ាង​ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម

លោក​ ហេង ស្រ៊ាង​ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម​ បាន​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​សៅរ៍ថា​ប្រទេស​ដែល​បើក​ទូលាយ​ និង​អនុវត្ត​លទិ្ធប្រជាធិបតេយ្យ​ពេញលេញ​ បាន​អនុញ្ញាត​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ ឬ​គណបក្ស​ប្រឆាំង​បង្កើត​រដ្ឋាភិបាល​ស្រមោល​ ដើម្បី​ឃ្លំា​មើល​ និង​តម្រង់​ទិស​នៃ​ការ​ធ្វើ​ច្បាប់​ និង​អនុវត្ត​គោល​នយោបាយ​ឲ្យ​ចំ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រទេស។​

ផ្ទុយ​ទៅវិញ​ លោក​ថា​ ប្រទេស​កម្ពុជា​ ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ​នោះ​ បែរ​ជា​មើល​ឃើញ​ថា​ រដ្ឋាភិបាល​ស្រមោល​នេះ​ គឺ​ជា​ការគំរាម​កំហែង​ដល់​អំណាច​របស់​រដ្ឋាភិបាល​ស្រប​ច្បាប់។​ លោក​និយាយ​ថា​ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ អាច​នឹង​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ​ឡើង​ក្នុង​កាលៈ​ទេសៈ​មាន​វត្តមាន​រដ្ឋាភិបាល​ស្រមោល​នេះ។​ លោក​ថ្លែង​ថា៖​

«ធម្មតា​គណបក្ស​ប្រឆាំង​ជា​អ្នក​ធ្វើ។​ ដូច្នេះ​ គណបក្ស​គ្រប់​គ្រង​អំណាច​ តែង​តែ​មានការ​មិន​ទុកចិត្ត​ថា​តើ​សភា​ស្រមោល​ ឬ​គណបក្ស​ស្រមោល​ ឬក៏​រដ្ឋាភិបាល​ស្រមោល​ហ្នឹង​ទៅ​ ប្រមូល​អ្នក​គាំទ្រ​ហ្នឹង​មក​ផ្ដួល​ខ្លួន​អី អីចឹង​ទៅ​ណ៎ា​ ដូច​ករណី​រដ្ឋាភិបាល​អីចឹង​ខ្ញុំ​ស្តាប់​ទៅ។​ ដូច្នេះ​ ខ្ញុំ​គិត​ថា​ អាហ្នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ នយោបាយ​ស្រុក​ខ្មែរ​កាន់​តែ​ធ្ងន់​ទៅ​ទៀត»។​

លោក​ ហេង​ ស្រ៊ាង​ ថ្លែង​បន្ត​ថា​ កង្វះ​វិជ្ជាជីវៈ​អាជីព​ជា​អ្នកនយោបាយ​ពិតប្រាកដ​នៅ​កម្ពុជា​ នឹង​ពុំ​អាច​បើក​ផ្លូវ​ឲ្យ​ប្រទេស​ អាច​យក​ប្រព័ន្ធ​ស្រមោល​នេះ​ មក​អនុវត្ត​បាន​ទេ​ ហើយ​នយោបាយ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ​នឹង​មិន​មាន​អ្វី​ប្រែប្រួល​ពី​នយោបាយ​ ដែល​អ្នកនយោបាយ​ខ្មែរ​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នោះ​ដែរ។​

«ស្រុក​យើង​នេះ​ ខ្ញុំ​ស្តាប់​មើល​ទៅ​ហាក់​ដូច​ជា​ នយោបាយ​ស្រុក​ខ្មែរ​យើង​ ហាក់​ដូច​ជា​អត់ អត់​ទៅ​មុខ​រួច​បាទ!​ ហើយ​អត់​សូវ​ថា​ តើ​វា​ចាស់​ទុំ​ ជា​ពិសេស​វា​ដូច​ខ្វះ​នូវ​អាជីព​ ជា​អ្នកនយោបាយ​ ដូច្នេះ​គឺ​តែ​ច្បាំង​គ្នា​ ជា​លក្ខណៈ​បុគ្គល​ ជា​បក្ស​ ហើយ​ដើម្បីគិត​ថា ​មុខមាត់​បក្ស​យក​ឈ្នះ​ចាញ់​ទៅ​វិញ​ទៅ​មក»។​

បើ​ទោះ​ជា​មានការ​បកស្រាយពី​លទ្ធភាព​នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​គណៈ​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ និង​ផល​ប៉ះ​ពាល់​នៃ​ប្រព័ន្ធ​នេះ​ទៅលើ​នយោបាយ​ខ្មែរ​ក្តី​ ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​អះអាង​តែ​ម្យ៉ាង​ថា ប្រទេស​កម្ពុជា​ពុំ​មាន​ច្បាប់ចែង​ពី​ការ​បង្កើត​គណៈរដ្ឋ​មន្ត្រី​ស្រមោល​ ហើយ​ក៏​មិន​ចាំបាច់​អ្វី​ ដែល​តម្រូវ​ឲ្យ​មាន​កម្លាំង​ពី​តតាំង​គ្នា​ក្នុង​រដ្ឋាភិបាល​នោះ​ដែរ។​

ជាក់​ស្តែង​ លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១​ ខែ​សីហា នេះថា ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ណាមួយ​ដើម្បី​តាម​ដាន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ខុស​ច្បាប់។​

«ស្អី​ក៏ដោយ​ឲ្យ​តែ​ត្រូវ​ច្បាប់។ ​ កុំ​ឲ្យ​ចេញ​មក​ហ្នឹង​ថា​ខ្ញុំ​ជា​គណៈកម្មការ​ស្រមោល​ដើម្បី​តាមដាន​រដ្ឋាភិបាល​អាហ្នឹង​ខុសច្បាប់​ហើយ»។ ​

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

ស្រដៀង​គ្នា​នឹង​ការ​អធិប្បាយ​របស់​លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ VOA​ កាលពី​ថ្ងៃ​សៅរ៍​ថា​ កម្ពុជា​មិន​ចាំបាច់​មាន​ប្រព័ន្ធ​រដ្ឋាភិបាល​ស្រមោល​នោះ​ទេ ទោះ​ជា​កម្ពុជា​ជា​ប្រទេស​អាស្រ័យ​លើ​ប្រព័ន្ធ​សភា​និយម​ក្តី។​

លោក​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬ​ក៏​តាក់តែង​ច្បាប់​មួយ​ដើម្បី​អនុ​ញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ស្រមោល​នេះ​ ក៏​មិន​អាច​ទៅ​រួច​ដែរ​ ព្រោះ​លោក​យល់​ថា​ ប្រព័ន្ធ​នេះ​នឹង​មិន​បម្រើ​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​ខ្មែរ​នោះ​ឡើយ។​

«កុំ​និយាយ​ទៅ​ដល់​ថា​ រឿង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ឬ​ធ្វើ​ច្បាប់​មួយ​ដើម្បី​បញ្ចូល​ អា​ករណី​រដ្ឋាភិបាល​ស្រមោល​នេះ​ អាហ្នឹង​វា​ហាក់​ ទៅ​មិន​រួច​ទេ​ ខ្ញុំ​យល់ថា​ វា​នាំ​មាន​បញ្ហា​ វា​មិន​បាន​បម្រើ​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​ ដល់​ប្រជាជន​ទេ​ វា​មាន​តែ​ពី​រឿងបង្កើត​កម្លាំង​ពីរ​ប្រឆាំង​គ្នា​ ហើយ​មួយ​ស្រប​ច្បាប់​ មួយ​មិន​ស្រប​ច្បាប់​ ទៅ​ម៉េច​រួច»។​

រូប​ឯកសារ៖ លោក​ ជាម​ ច័ន្ទនី​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នាំខ្លួន​ក្រោយ​ពី​ត្រូវ​បាន​តុលាការយោធា​នៅ​ភ្នំពេញ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០០៥។ លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ពី​បទការ​កេណ្ឌ​កងទ័ព​ស្រមោល​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ (AP Photo/Andy Eames)
រូប​ឯកសារ៖ លោក​ ជាម​ ច័ន្ទនី​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នាំខ្លួន​ក្រោយ​ពី​ត្រូវ​បាន​តុលាការយោធា​នៅ​ភ្នំពេញ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០០៥។ លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ពី​បទការ​កេណ្ឌ​កងទ័ព​ស្រមោល​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ (AP Photo/Andy Eames)

កាល​ពី​ឆ្នាំ​២០០៥​ លោក​ ជាម​ ច័ន្ទនី​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួល​បន្ទុក​ផ្នែក​ការពារជាតិ​ ដោយ​គណបក្ស​ប្រឆាំង​ នៅ​គ្រា​ដែល​គណបក្ស​នេះ​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ស្រមោល។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទនាំ​បំបះ​បំបោរ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ចោទ​លោក​ពី​ការ​កេណ្ឌ​កងទ័ព​ស្រមោល​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ស្ថិត​ក្នុង​ស្ថានភាព​នយោបាយ​ដែល​កំពុង​ជួប​វិបត្តិ​បច្ចុប្បន្ន​នេះ​ ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា​ គណបក្ស​របស់​ពួកគេ​មិនបាន​ត្រៀម​បង្កើត​រដ្ឋាភិបាល​ស្រមោល​នោះ​ឡើយ​ ហើយ​គណៈកម្មការ​ទាំង១០​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ និង​ស្រដៀង​គ្នា​និង​គណៈកម្មការ​របស់​សភា​នោះ​ គឺ​ជា​យន្តការ​សិក្សា​ស្រាវជ្រាវ​និង​ផ្តល់​យោបល់សម្រាប់​ជួយ​ការ​ងារ​ក្នុង​គណបក្ស​ និងនៅ​សភា​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG