ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​បង្ហាញ​ពី​បញ្ហា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

  • ម៉ែន គឹមសេង

រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅឃុំសង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។

មាន​គណបក្ស​នយោបាយ​ចំនួន​១២​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅថ្ងៃ​ទី​៤ ខែមិថុនា​ខាងមុខ។

គណបក្ស​នយោបាយ​គួរផ្តោត​លើ​បញ្ហា​សន្តិសុខ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​សេវា​សាធារណៈ ​និង​ចំណាក​ស្រុក​ដើម្បី​ទាក់​ទាញ​អ្នកបោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ក្នុង​ពេល​ខាងមុខ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ។

លោក​អ៊ូ វីរៈ ​ដែល​ជា​ប្រធាន​និង​ស្ថាបនិក​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​យល់​ឃើញ​ថា​ បញ្ហា​នៅថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​បង្ក​ជា​ការ​ព្រួយ​បារម្ភ ​និង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ​ក្នុង​នោះ​មាន​ដូចជា​អ​សន្តិសុខ​បង្កឡើង​ដោយ​ក្រុម​ក្មេង​ពាល ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​ផ្លូវ​ ភ្លើង​និង​ទឹក​ និង​ក្រដាសស្នាម​រដ្ឋបាល​និង​ការធ្វើចំណាកស្រុក​ជាដើម។

លោក​បញ្ជាក់​បន្ថែម​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​«បើ​និយាយ​ពី​សន្តិសុខ​គឺ​ជា​បញ្ហា​ឆ្លង​ដែន​ទៅ​ទៀត។ អ្នកក្រុង​ក៏​ព្រួយ​បារម្ភ​ពីព្រោះ​គេ​ប្លន់​ម៉ូតូ​និង​ប្លន់​អ្វីៗ។ អ្នក​មូលដ្ឋាន​ក៏​ព្រួយ​បារម្ភ​ដោយ​សារ​គេ​ប្លន់​ម៉ូតូ ​ប្លន់​មាន់ ​ហើយ​ឥឡូវ​រហូត​ដល់​ប្លន់​គោ​ហើយ​ពេល​អាពាហ៍ពិពាហ៍​ គឺ​មាន​កាប់​ចាក់​គ្នា​ដោយ​ក្មេង​ស្ទាវ​ដាវ​សាម៉ូរ៉ៃ​ ឬ​មួយ​ការ​ប្រើ​ប្រាស់​គ្រឿងញៀន​ គឺ​ជា​ប្រធានបទ​ទាក់ទង​នឹង​សន្តិសុខ​ទាំងអស់‍»។

​កាលពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ឆ្នាំ​២០១២ ​ការធ្វើ​ចំណាក​ស្រុក​មិន​ទាន់​ជា​បញ្ហា​ចោទ​ខ្លាំង​នៅឡើយ​ទេ ​ប៉ុន្តែ​ដោយ​មាន​ពលរដ្ឋ​ជាង​១លាននាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ជិតខាង​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​នៅ​ពេល​នេះ​ និង​មាន​ពលរដ្ឋ​ខ្លះ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​នាំ​ឱ្យ​ការ​ដោះស្រាយ​ឯកសារ​ក្រដាស​ស្នាម​ដែល​ជួយ​សម្រួល​ពួក​គាត់​ឱ្យ​ធ្វើ​ចំណាកស្រុក​ដោយ​ស្រប​ច្បាប់​ បាន​ក្លាយ​ជា​ប្រធាន​បទ​ថ្មី​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ វីរៈ។

មាន​គណបក្ស​នយោបាយ​ចំនួន​១២​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅថ្ងៃ​ទី​៤ ខែមិថុនា​ខាងមុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ បាន​ដាក់​បេក្ខជន​នៅ​គ្រប់​ឃុំ-សង្កាត់​ទាំង​១.៦៤៦។ រីឯ​គណបក្ស​ដទៃ​ទៀត​គឺ​មាន​ដូចជា​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជាដើម​ បាន​ដាក់​បេក្ខជន​ដោយ​ចន្លោះៗ។

គណបក្ស​ប្រជាជន​កម្ពុជា​ផ្តោត​ការ​ឃោស​នា​លើ​សន្តិភាព ​សន្តិសុខ ​និង​ការរីក​ចម្រើន​សេដ្ឋកិច្ច រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​លើ​ការពង្រឹង​សិទ្ធិ​អំណាច​ពលរដ្ឋ ​សេវាសាធារណៈ ​សន្តិសុខ ​និង​លើក​កម្ពស់​ជី​វភាព​ប្រជាពលរដ្ឋ​ជាដើម។

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ទិស​ស្លោក​ដែល​មាន​លក្ខណៈ​ទាក់ទាញ​មួយ​សម្រាប់​ការបោះឆ្នោត​ឃុំ​-សង្កាត់​នេះ​គឺ​ «ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ‍»។ ប៉ុន្តែលោក​អ៊ូ វីរៈ ​មើល​ឃើញ​ថា​ ផ្អែក​តាម​ច្បាប់​បោះឆ្នោត​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ពិបាក​ក្នុងការ​ឱ្យ​មេឃុំ​ជាប់​ឆ្នោត​បម្រើ​ប្រជាពលរដ្ឋ​បាន​ពេញលេញ​ណាស់​ដោយ​សារតែ​បញ្ជី​ឈ្មោះ​បេក្ខជន​នៅតែ​គណបក្ស​ជាអ្នក​រៀបចំ​នៅ​ឡើយ។

លោក​បន្ថែម​ថា៖ «ដូរមេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ ​ទាល់តែ​យើង​ដូរ​ច្បាប់​បោះឆ្នោត​បានន័យ​ថា​ច្បាប់​បោះឆ្នោត​ឃុំ-សង្កាត់​ទាល់តែ​មិន​ឱ្យ​ឈរ​ជា​បញ្ជី​បក្ស។ នេះ​បាន​ន័យ​ថា​ឈរ​បោះឆ្នោត​ជា​ឯកត្តនាម​ ហើយ​មិន​ឈរ​ក្នុង​ន័យ​បក្ស​ទៀត​គឺ​អាច​ទៅរួច។ អីចឹង​អ្វី​ដែល​គណបក្សសង្គ្រោះជាតិ​លើក​ឡើង​ហ្នឹង​ជា​គោលនយោបាយ​មួយ​ល្អ​ដែរ ​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ឃើញ​រូបមន្ត​ដែល​ថា​ជា​ឆន្ទៈ​ពិត​ទេ‍​លើកលែង​តែ​គាត់​បង្ហាញ​រូបមន្ត​មួយ​ថា​ធ្វើ​អីចឹង​ទៅ​កើត​ហ្នឹង​ទើប​អាច​ជា​មូលដ្ឋាន​មួយ»។​

បើយោង​តាម​ប្រភព​រដ្ឋាភិបាល​ និង​អ្នក​ការទូត​នានា​ ការ​ស្ទង់​មតិ​ដែល​ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ គណបក្ស​កាន់​អំណាច​អាច​នឹង​បាត់បង់​សំឡេង​គាំទ្រ​ចំនួន​១០​ភាគរយ​នៅក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ។ ​អ្នក​ខ្លះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​បាត់​បង់​សំឡេង​គាំទ្រ​រហូត​ដល់​ ៣០​ភាគរយ ​ឯណោះ។

លោកអ៊ូ វីរៈ ​យល់​ថា​ ប្រសិនបើ​ប្រជាប្រិយភាព​របស់​គណបក្ស​ធំៗ​ទាំងពីរ​នៅ​ឋេរ​ដូច​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បាត់​បង់​ការ​គ្រប់គ្រង​ឃុំ​មួយ​ចំនួន​ ប៉ុន្តែ​នៅ​តែ​ឈ្នះ​បាន​ឃុំ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ ទាំងនេះ​ដោយ​សារតែ​កត្តា​ជំរុញ​ទឹកចិត្ត​របស់​អ្នក​បោះឆ្នោត​ និង​សមាសភាព​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

លោក​បន្ថែម​ថា៖ «បោះឆ្នោត​ថ្នាក់​ជាតិ​ពឹង​ផ្អែក​ទៅលើ​ប្រធានបទ​ជាតិ​ដែល​មាន​អន្តោប្រវេសន៍​រឿង​ព្រំដែន​ មាន​អំពើ​ពុករលួយ​ មាន​ចង់​ដូរ​ មាន​យុវជន​ចូលរួម។ នេះ​អាច​មាន​សន្ទុះ​ខ្លាំង​ជាង​ ប៉ុន្តែ​ថ្នាក់​ឃុំ​គឺ​គេ​មើល​ទៅលើ​បុគ្គល​ច្រើន​ជាង​ ហើយ​បុគ្គល​គឺ​មេឃុំ​មេភូមិ​ដែល​ប្រជាពលរដ្ឋ​គាត់​ស្គាល់​តាំងពី​ដើម​មក​ម្ល៉េះ​យូរ​មក​ហើយ​ គឺ​គាត់​នៅមាន​សមានចិត្ត​ នៅ​មាន​ចិត្ត​រាប់​អាន​ច្រើន​ជាង​នៅ​ថ្នាក់​ជាតិ‍»។

បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ក៏​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ទីផ្សារ​កសិផល​ និង​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប៉ុន្តែ​លោក​អ៊ូ វីរៈ​ យល់​ថា​វា​គឺ​ជា​បញ្ហា​ថ្នាក់​ជាតិ​ដែល​អាច​កំណត់​តាម​រយៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨៕

XS
SM
MD
LG