ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេឃុំ​គណបក្ស​ជំទាស់​មួយ​រូប​ត្រូវ​បាន​លើក​លែង​ទោស​ ​ក្រោយ​ពី​មាន​ភាពធូរ​ស្រាល​នយោបាយ

  • ហ៊ាន សុជាតា

លោក ស៊ាង ចែត (កណ្តាល) មេឃុំ​ស្រក នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​ត្រូវបាន​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន ដើម្បី​សាកសួរ​រឿង​អាស្រូវ​រវាង​នាង ខុម ចាន់ដារ៉ាទី និង​លោក​ កឹម សុខា។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក អេង ឆៃអ៊ាង)។

ការ​​លើក​លែង​ទោស ​លោក​ មេឃុំ​ ស៊ាង ចែត​ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​បន្ទាប់​​ពី​ការ​ទម្លាយ​ភាព​ទាល់​ច្រក​​​នយោបាយ​ ​រវាង​គណបក្ស​ធំៗ​ទាំង​២​ដែល​មាន​កៅអី​​​ក្នុង​រដ្ឋ​សភា​ ​និង​ការនិវត្តន៍​ចូល​សភា​វិញ​របស់​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ​លោក​កឹម សុខា​ ។​ ​​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ​ចំនួន​៤រូប​និង​លោក​នី ចរិយា​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គ.ជ.ប​ ​អាច​នឹង​ត្រូវ​ដោះ​លែង​នា​ពេល​ខាង​មុខ​ផង​ដែរ។

ព្រះ​មហាក្សត្រ​កម្ពុជា​ ​ព្រះបាទ​នរោត្តម​ ​សីហមុនី​ ​នា​ថ្ងៃ​ពុធ​នេះ​ ព្រះរាជទាន​លើក​លែង​ទោស​ ​លោក​មេឃុំ ស៊ាង ចែត​នៃ​គណបក្ស​ជំទាស់​មក​ពី​ខេត្ត​កំពង់​ចាម​ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ ​កាត់​ទោស​ឲ្យ​ជាប់​ ​ពន្ធនាគារ​៥ឆ្នាំ​កាល​ពី​ថ្ងៃចន្ទ។​ ​នេះ​បើ​យោង​តាម​ ​ព្រះ​រាជក្រឹត្យ​ ​ដែល​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ។​

​ការលើក​លែង​ទោស​ ​លោក​ មេឃុំ​ ស៊ាង ចែត​ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​បន្ទាប់ពី​ការ​ទម្លាយ​ភាព​ទាល់​ច្រក​នយោបាយ​ ​រវាង​គណបក្ស​ធំៗ​ទាំង​២​ដែល​មាន​កៅអី​ក្នុង​រដ្ឋ​សភា​ ​និង​ការនិវត្តន៍​ចូល​សភា​វិញ​របស់​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ​លោក​កឹម សុខា​ ​ដោយ​រួម​មាន​ការ​ជជែក​បញ្ហា​នយោបាយ​មួយ​ចំនួន​ផង​ដែរ។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ជាតិថា​ លោក​មេឃុំ​ស៊ាង​ ចែត​ នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យជាប់​ក្នុង​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ (ហ៊ុល រស្មី/VOA)
រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ជាតិថា​ លោក​មេឃុំ​ស៊ាង​ ចែត​ នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យជាប់​ក្នុង​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ (ហ៊ុល រស្មី/VOA)

​ក្រោយ​កិច្ចប្រជុំនៅ​រដ្ឋសភា​នា​ព្រឹក​មិញ​នេះ​ ​លោក​ ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​ក៏​បាន​ឲ្យ​អ្នក​សារព័ត៌​មាន​ដឹង​ផង​ដែរ​ថា​ ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ​ចំនួន​៤រូប​និង​លោក​នី ចរិយា​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គ.ជ.ប​ ​អាច​នឹង​ត្រូវ​ដោះ​លែង​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​២០១៦​នេះ​។

«ដោះ​លែង​ថ្ងៃនេះ​ដូច​ជា​មាន​ករណី​ដោះលែង​លោក​មេឃុំ​ ស៊ាង ចែត។​ ​ក្រៅ​ពី​នោះ​តាម​ខ្ញុំ​អត់បាន​ជជែក​រឿង​នេះ​ទេ​ ​គឺ​ឯកឧត្តម​ កឹម សុខា​ ជជែក​ជាមួយ​សម្តេច​ហ៊ុន សែន ​ហើយ​បើតាមខ្ញុំ​ដឹង​ មុន​ដំណាច់​ខែ​១២នេះ ​នឹង​មាន​ការ​ដោះស្រាយ​ករណី​មន្ត្រី​សិទ្ធិមនុស្ស​ និង​អគ្គ​លេខា​ធិការ​រង​»។​

លោក​ ​ស៊ាង ចែត​ ​មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ​រួមទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ ​និង​មន្ត្រី គ.ជ.ប​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ ​ចាប់​និង​កាត់​ទោស​ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងស្នេហា​លួចលាក់​របស់​លោក​ ​កឹម សុខា ​និង​នាង​ខុម ចាន់តារាទី​ឬ​ស្រីមុំ។ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នា​ចុងខែ​មេសា​ ​ពី​បទ​សូក​ប៉ាន់​សាក្សី​និងត្រូវ​បានកាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ ​៥ឆ្នាំ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

ដោយ​មាន​ឪពុកម្តាយ​ជរា​ក្នុង​បន្ទុក​ ​លោក​មេឃុំ​ ​ស៊ាង​ ចែត​ ​វ័យ​៤៦​ឆ្នាំ​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោកស្រី​ ស្រេង​ សុខ​ខឿន​ វ័យ​៤៣ឆ្នាំ​ ​នៅ​ក្នុង​ឆ្នាំ​១៩៩២​ ​និងមាន​កូន​៥នាក់។

​លោក​ ស៊ាង​ ចែត​ ​មេឃុំរូប​នេះ​ ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឯ​វិទ្យាល័យ​សម្តេច​ជួនណាត និង​ក្លាយជា​សមាជិក​ ​គណបក្ស​សម រង្ស៊ី​ នៅ​ក្នុង​ឆ្នាំ​២០១០​ មុន​ពេលរូប​លោកក្លាយ​ជា​មេឃុំ​នៅ​ក្នុង​ឆ្នាំ​២០១២។​

​លោក​ អេម កុសល​ ​វ័យ​ ៤៧ឆ្នាំ​ ​ជា​អ្នក​ជិតខាង​និង​មិត្ត​ជិតស្និទ្ធរបស់​លោក​ ស៊ាង​ ចែត បាន​បញ្ជាក់​ប្រាប់​ VOA​ ​ថា​លោក​ ​ស៊ាង​ ចែត​ គឺ​ជា​បុគ្គល​ដែល​មានសប្បុរសធម៌មួយរូប​ ​ដែល​តែង​ជួយ​យក​អាសារ​អ្នក​ភូមិ​ជាមួយ​គ្នា។

ក្នុង​អាណត្តិ​ជា​មេឃុំ​របស់​ខ្លួន​ ​លោក​ ស៊ាង​ ចែត​ ​ចាប់​ផ្តើម​កសាង​សមិទ្ធផល​ ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ភូមិ​ ដូច​ជា​អណ្តូង​ទឹក​ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ទឹកស្អាត​ និង​ធ្វើ​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាពជាដើម។

​«មិន​ធ្លាប់​មាន​គាត់​ធ្វើបាន​ទាំង​អស់ដូចជា​ផ្លូវ​ ​កាល​ពី​មុន​គេ​ធ្វើ​ឈប់ៗ​ ​ឥលូវ​គាត់​ធ្វើ​អភិវឌ្ឍ​ទាំង​អស់​ សេវា​ ក្មេង​ទំនើង​ក៏​អត់​មាន​ អំពើ​ហិង្សា​ ​ល្បែង​ស៊ីសង​ក៏អត់​មាន»។

លោក​ អេម​ កុសល​ ​រំលឹក​ពី​ទិដ្ឋភាព​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំស្រក​ ​ស្តាយ​ស្រណោះ​ចំពោះ​លោកលោក​ ស៊ាង​ ចែត​ ​ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ចាប់​តាំងពី​ចុង​ខែ​មេសា​ យ៉ាង​ដូច្នេះ៖​

«ហូ៎! អ្នក​ភូមិ​វិញ​ មិន​បាច់​និយាយ​ទេ។ គេ​យំ! គេនឹក​នា​ គ្រាន់​តែ​ផ្តិត​មេដៃ​ សុំ​ឲ្យ​ដោះលែង។​ ​ខ្ញុំ​និយាយ​ឲ្យ​អស់​ ​ទោះ​កូន​បក្ស​ណា​ក៏​គេជួយ​ដែរ​ ​គេ​អាណិត​មនុស្ស​ គេ​មិន​គិត​បក្ស​ទេ។​ ​នៅ​ឃុំ​ស្រក​ ​គេ​លែង​ស្រលាញ់បក្ស​ហើយ​ គេ​ស្រលាញ់មនុស្ស»។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក​ អ៊ូ វីរៈ​ ​ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​បញ្ជាក់​ប្រាប់​ VOA​ ថា​ការ​លើក​លែង​ទោស​ជា​បន្ត​បន្ទាប់​នេះ​ ​ជា​សញ្ញា​ណ​វិជ្ជមាន​មួយ​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។​ ​លោក​បន្ត​ថា​ ​ស្ថានការណ៍​នយោបាយ​នឹង​រឹត​តែ​ប្រសើរ​ជាង​នេះ​ទៀត​ ​នៅ​ពេល​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ ​និង​មន្ត្រី​គ.ជ.ប​គឺ ​លោក​នី ចរិយា​នឹង​ត្រូវ​ដោះលែង​នា​ពេល​ខាង​មុខ។​

​«ហើយ​អ្វី​ដែល​យើង​រង់ចាំ​ដែរ​ ​សញ្ញាណ​ល្អ​ជាង​ហ្នឹង​គឺ​ ​សកម្មជនសិទ្ធិ​មនុស្ស​៥រូប​រួម​ទាំង​លោក នី ចរិយា​ផងដែរ។​ ​បើ​អ្នក​ទាំង​អស់​ហ្នឹង បាន​លើកលែង​ ខ្ញុំ​មើល​ទៅ​ស្ថានភាព​នយោបាយ​ចាប់​ផ្តើម​នឹង​នរ។​ ​មាន​រូបភាព​មួយ​ដែល​សភា​ចាប់​ផ្តើម​ពេញ​អង្គ​ ​ពេញ​មុខមាត់​។ គណបក្ស​ប្រឆាំង​មាន​ភាព​ធូរ​ស្បើយ​»។​

VOA​ ​មិន​អាច​ទំនាក់ទំនង​ក្រុម​តំណាង​រាស្ត្រគណបក្ស​ជំទាស់​ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែមបាន​ទេ​ នា​ល្ងាច​ថ្ងៃ​ពុធ​នេះ៕

XS
SM
MD
LG