\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​បច្ចុប្បន្ន​ប្រឈម​ជា​មួយ​អតីត​ថ្នាក់​ដឹក​នាំ​​ជុំវិញ​រឿង​អាស្រូវ​ពុក​រលួយ

  • Ron Corben

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ថ្លែង​ក្នុង​សន្និសីទ​យុទ្ធសាស្ត្រ​មហា​សមុទ្រ​ខៀវ​ជាតិ កាល​ពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ២០១៦។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ថ្លែង​ក្នុង​សន្និសីទ​យុទ្ធសាស្ត្រ​មហា​សមុទ្រ​ខៀវ​ជាតិ កាល​ពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ២០១៦។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក ​ណាជីប រ៉ាហ្សាក់ កំពុង​ប្រឈម​​មុខ​​ជា​មួយ​អតីត​ថា្នក់​ដឹកនាំ​មួយរូប​ ខណៈ​ពេល​រដ្ឋបាល​របស់​លោក​កំពុង​ព្យាយាម​ទប់​ស្កាត់​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ​ទាក់​ទិន​នឹង​ការ​ចំណាយ​ខុស​ខ្ទង់​លើ​មូនិធិ​អភិវឌ្ឍន៍​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​មួយ។

អតីត​មេ​ដឹក​នាំ​មួយ​រូប​របស់​ម៉ាឡេស៊ី លោក ម៉ាហាធៀ មូហាម៉ាត់ (​Mahathir Mohammad) ដែល​បាន​បម្រើ​ការ​ងារ​ជា​នាយក​រដ្ឋមន្រ្តី​ពីឆ្នាំ​១៩៨១ ​ដល់​ឆ្នាំ​២០០៣ បាន​ចាក​ចេញ​ពី​បក្ស​អង្គការ​ឯក​ភាព​ជាតិ​ម៉ាឡេ (UNMO) និង​បាន​បង្កើតគណបក្ស​ថ្មី​មួយ​ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ណាជីប រ៉ាហ្សាក់។

គណបក្ស​ ​Parti Pribumi Bersatu ឬ Bersatu (United) ត្រូវ​បាន​ដឹក​នាំ​ដោយ​អតីត​ឧបនាយក​រដ្ឋមន្រ្តី​មក​ពី​បក្ស​អង្គការ​ឯកភាព​ជាតិម៉ាឡេ (UNMO) លោក​ មូហីឌិន យ៉ាស់ស៊ីន ដែល​កាល​នោះ​លោក ​យ៉ាស់​ស៊ីន ​ផ្ទាល់​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ណាជីប (Najib) ក្រោយ​ពី​លោក​ដេញ​ដោល​ពី​តួនាទី​របស់​លោក ណាជីប (Najib) ក្នុង​គម្រោង​ថវិកា​ដែល​ហៅ​ថា ​1Malaysia Development Berhad ឬ 1MDB។

ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​សហរដ្ឋ​អាមេរិក​តាមរ​យៈ​ក្រសួង​យុត្តិធម៌​ផ្ដោត​លើ​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ប្រាក់​ជាង៣៥០០​លាន​ដុល្លារ​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​គម្រោង​ថវិកា​ 1MDB ​ដែល​បាន​បង្កើត​ឡើង​ដោយ​លោក​ណា​ជីប (Najib) កាល​ពី​ឆ្នាំ​២០០៩។ ការ​លាត​ត្រដាង​នេះ ​បាន​ធ្វើ​ឲ្យ​កម្តៅ​នយោបាយ​នៅ​ប្រទេស​ម៉ាឡេស៊ី​កើន​ឡើង​យ៉ាង​ខ្លាំង ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​មួយ​រយៈ​ពេល​កន្លង​មក​នេះ ​លោក​ ណាជីប (Najib) ​អាច​គេច​ផុត​ពីការ​ចោទ​ប្រកាន់​ពី​សំណាក់​ក្រុម​ដែល​មាន​បំណង​កម្ចាត់​លោក​ចេញ​ពី​ដំណែង។

លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួន​ដោយ​អះ​អាង​ថា មូនិធិ​ទាំង​អស់​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ត្រឹមត្រូវ​ ហើយ​វា​គឺ​ជា​ «ការ​បរិច្ចាគ​ដ៏​សប្បុរស» ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​អង្គការ​ឯក​ភាព​ជាតិ​ម៉ាឡេ (UNMO) ដឹក​នាំ​រដ្ឋាភិបាល​ចម្រុះ ​Barisan National ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ក្រោយ​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៥៩។ លោក ​មាហាធៀ ​(Mahathir) គ្រប់​គ្រង​ស្ថាន​ភាព​នយោបាយ​ម៉ាឡេស៊ី​ទាំង​ស្រុង​ រហូត​ដល់​ពេល​លោក​ចុះ​ចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៣។

ប៉ុន្តែ​នៅ​ពេល​ដែល​រឿង​ចម្រូង​ចម្រាស់​ស្ដី​ពី​អំពើ​ពុក​រលួយ​ទាក់​ទង​គម្រោង​ថវិកា 1MDB ត្រូវ​បាន​លាត​ត្រដាង​កាល​ពី​ឆ្នាំ​ទៅ លោក មាហាធៀ (Mahathir) បាន​អំពាវ​នាវ​ជា​សាធារណៈ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្ន​ចាក​ចេញ​ពី​តំណែង។ ហើយ​នៅ​ពេល​ដែល លោក មាហាធៀ (Mahathir) មិន​អាច​បញ្ចុះ​បញ្ចូល​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ (UNMO) ឲ្យ​ប្រឆាំង​លោក ណាជីប (​Najib) បាន​នោះ​ លោក មាហាធៀ (Mahathir) ក៏​បាន​ចាក​ចេញ​គណបក្ស​នេះ​ រួច​ទៅ​ដឹក​នាំ​បក្ស​ប្រឆាំង​មួយ។

លោក ​វីល្លៀម ខេស (William Case) អ្នក​វិទ្យាសាស្រ្ត​នយោបាយ​មក​ពី​សាកល​វិទ្យាល័យ ​City University ក្នុង​ទី​ក្រុង​ហុងកុង​បាន​និយាយ​ថា ចំណាត់ការ​របស់​លោក មាហាធៀ (Mahathir) បង្កើន​សំពាធ​ដល់​លោក ណាជីប (Najib)។

លោក ខេស ​និយាយ​ថា៖ «វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ នៅ​ពេល​ដែល​អតីត​នាយក​រដ្ឋមន្ត្រី (លោក មាហាធៀ) បាន​ឈាន​មួយ​ជំហាន​ទៅ​មុខ។ លោក​បាន​ចាប់​ផ្ដើម​ពី​អ្វី​ដែល​យើង​ហៅ​ថា «សេចក្ដី​ប្រកាស​របស់​ពលរដ្ឋ» បន្ទាប់​មក​ក៏​ប្ដូរ​ទៅ​ជា «ចលនា​សង្គ្រោះ​ម៉ាឡេស៊ី» ហើយ​លោក​បាន​បន្ត​ប្រើ​មធ្យោបាយ​នេះ​ដើម្បី​បង្កើត​បក្ស​ប្រឆាំង​ថ្មី​មួយ ប្រសិន​បើ​អាច​ចុះ​បញ្ជី​ជា​ផ្លូវការ​បាន»។

គណបក្ស Bersatu (United) ត្រូវ​បាន​គាំទ្រ​ដោយ​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម​ (Anwar Ibrahim) មេ​ដឹកនាំ​ក្រៅ​ផ្លូវ​ការ​របស់​បក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែល​កំពុងជាប់​ពន្ធ​ធនាគារ​ប្រាំ​ឆ្នាំ ពី​បទ​ល្មើស​ផ្លូវ​ភេទ​ ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ជឿ​ជាក់​ថា ជា​រឿង​នយោបាយ។ ​គណបក្ស​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ​គាំទ្រ​ចិន-ម៉ាឡេ ហៅ​កាត់ថា​ DAP ​ជា​បក្ស​ដែល​លោក ​មាហាធៀ (Mahathir)​ ធ្លាប់​រិះ​គន់​មិន​សំចៃ​មាត់​ក្នុង​ពេល​កន្លង​មក​ថា​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ីស្លាម និង​ម៉ាឡេ។

លោក ​អាន់ដ្រូ ​អេរៀ​ សាស្ត្រាចារ្យ​ជំនួយ​មក​ពី​សកលវិទ្យាល័យ​ Universiti Malaysia ​Sarawak ​បាន​និយាយ​ថា ​ដើម្បី​ពឹង​ពាក់​អ្នក​គាំទ្រ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ (UNMO) ដែល​ជា​ជន​ជាតិម៉ាឡេ ឬ Bumiputera​ បក្ស​ប្រឆាំង​ប្រហែល​ជា​ត្រូវ​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រជាជន​ចិន​ម៉ាឡេ​ ដែល​ជា​អ្នក​គាំទ្រ​សំខាន់​របស់​គណ​បក្ស DAP។

លោក អេរៀ​ បាន​និយាយ​ថា៖ «អ្នក​គាំ​ទ្រ​ជា​ច្រើន​នៅ​ក្នុង​បក្ស (Bersatu) សុទ្ធ​តែ​ជា​សមាជិក​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ (UNMO)។ ពួក​គេ​បាន​ប្តូរ​ការ​គាំទ្រ ប៉ុន្តែ​ការ​ប្ដូរ​នេះ​គឺ​ប្ដូរ​ជា​មួយផ្នត់គំនិត​ជាក់​លាក់​មួយ ហើយ​ផ្នត់​គំនិតនោះ​គឺ​សំដៅលើ​ផ្នត់​គំនិត​ជាតិសាសន៍។ ដូច្នេះ ពួក​គេ​កំពុង​តែ​ព្យាយាម​កែ​ប្រែ ឬ​បង្កើត​គណបក្ស Barisan National រួបរួមគ្នា»។ លោក​សាស្ត្រាចារ្យ​បានថ្លែង​ថា​ គេ​ត្រូវរង់​ចាំ​មើល​ថា​តើ​គណបក្ស​នេះ​នឹង​អាច​ដោះ​ស្រាយ​ភាព​ខុស​គ្នា​នៅ​ក្នុង​បក្ស​ដែរ​ឬ​ទេ។

នៅ​ក្នុង​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី ណាជីប (Najib) កំពុង​ប្រឈម​មុខ​បញ្ហា​ជា​ច្រើន​ជា​មួយ​អន្តរជាតិ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ទាក់​ទិន​នឹង​ការ​ចំណាយ​ខុស​ខ្ទង់​លើ​មូលនិធិ​អភិវឌ្ឍន៍។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ប្រឆាំង​នឹង​លោក ​ណាជីប (Najib) សង្ឈឹម​ថា​អាច​រឹប​អូស​បាន​ទ្រព្យ​សកម្ម​តម្លៃ​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ ដែល​បាន​ផ្ទេរ​ចេញ​ពី​មូលនិធិ​អភិវឌ្ឍន៍ 1MDB ចូល​មក​សហរដ្ឋ​អាមេរិក​តាម​រយៈ​ក្រុមហ៊ុន​ក្លែងក្លាយ​ជា​ច្រើន។​

ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​លោក ​ណាជីប (Najib) នៅ​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​ណា​មួយ ដោយមាន​ការ​គាំទ្រ​ពី​សំណាក់​អ្នកគាំ​ទ្រ​សំខាន់ៗ​ រួមទាំង​ទេសាភិបាល​ធនាគារ​កណ្ដាល​ផង​ដែរ។

លោក ជេម ឈិន (James Chin) នាយក​វិទ្យាស្ថាន​អាស៊ី​ប្រចាំ​សាកល​វិទ្យាល័យ Tasmania​ ប្រទេស​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​បង្ក​បញ្ហា​កាន់​តែ​ធំ​សម្រាប់ លោក ណាជីប ​(Najib) ខ្លាំង​ជាង​គូ​ប្រជែង​នយោបាយ​ក្នុង​ស្រុក។

លោក ឈិន (Chin) និយាយ​ថា៖ «តាម​គំនិត​របស់​ខ្ញុំ វា​មិន​មែន​ជា​ការ​គំរាម​ដល់​លោក ណាជីប នោះ​ទេ។ ប្រសិន​បើ​យើង​ក្រឡេក​មើល​ប្រវត្តិសាស្រ្ត​នយោបាយ​ដែល​បាន​កើត​ឡើង​ស្រដៀង​គ្នា នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ (UNMO) បង្កើត​បក្ស​នយោបាយស្រដៀង​គ្នា​មួយ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​បក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ (UNMO)។ កាល​នោះ​អ្នក​ទាំង​ពីរ​ទទួល​បរាជ័យ ហើយ​ខ្ញុំ​សង្ស័យ​ថា​ គណបក្ស​របស់​លោក មហាធៀ (Mahathir)​ នឹង​ដើរ​ផ្លូវ​ដូច​គ្នា គឺ​គាត់​នឹង​បរាជ័យ»។

ប្រទេស​ម៉ាឡេស៊ី​គ្រោង​ធ្វើការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ២០១៨។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី ណាជីប (Najib) អាច​នឹង​ប្រកាស​បោះឆ្នោត​មុន​ពេល​កំណត់ ហើយ​ក្នុង​នាម​ជា​បេក្ខជន​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​យ៉ាង​ច្រើន និង​ទទួល​ការ​គាំ​ទ្រ​ពី​គណបក្ស​កាន់​អំណាច​ដែល​មាន​ឥទ្ធិពល​ផង​នោះ លោក​ទំនង​ជា​ត្រូវ​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដដែល ទោះ​បី​ជា​មាន​ភាព​ចម្រូង​ចម្រាស់​យ៉ាង​ណា​ក៏​ដោយ៕

រាយការណ៍​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG