\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ អូបាម៉ា៖ អាមេរិក​មិន​ទាន់​ខិត​ទៅ​ជិត​ការ​ផ្សះផ្សា​រវាង​ប្រជាជន​និង​ប៉ូលិស​នៅ​ឡើយ

  • Cindy​ Saine​

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និយាយ​ទៅ​កាន់​អ្នក​កាសែត​ បន្ទាប់​បី​កិច្ចប្រជុំ​មួយ​នៅ​អគារ Eisenhower Executive Office នៅ​ក្នុង​បរិវេណ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និយាយ​ទៅ​កាន់​អ្នក​កាសែត​ បន្ទាប់​បី​កិច្ចប្រជុំ​មួយ​នៅ​អគារ Eisenhower Executive Office នៅ​ក្នុង​បរិវេណ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​នានា​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ និង​សមាជិក​សំខាន់ៗ​នៃ​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​ អស់​រយៈ​ពេល​ជិត​បួន​ម៉ោង​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​សេត​វិមាន​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​ថា​អាមេរិក​ នៅ​មិន​ទាន់​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​នៃ​ការ​មិន​ទុកចិត្ត​គ្នា​រវាង​ភាគី​ទាំង​ពីរ​ ដែល​ចេះ​តែ​កើន​ឡើង​អស់​រាប់​ទសវត្សរ៍​នោះ​នៅ​ឡើយ។​

លោក​ អូបាម៉ា បាន​មាន​និយាយ​ថា៖ «យើង​នៅ​មិន​ទាន់​ដល់​ចំណុច​នោះ​នៅ​ឡើយ​ទេ។​ យើង​មិន​ទាន់​ទាំង​ខិត​ជិត​ទៅ​ដល់​កន្លែង​ដែល​យើង​ចង់​ទៅ​នោះ​ផង»។

លោក​បាន​បន្ត​ថា៖ «យើង​មិន​ទាន់​ទៅ​ដល់​ចំណុច​ដែល​បណ្តា​សហគមន៍​ពណ៌​សម្បុរ​នានា​ មាន​ទំនុក​ចិត្ត​ថា​អង្គភាព​ប៉ូលិស​របស់​ពួក​គេ​ កំពុង​ធ្វើ​ការ​បម្រើ​ពួក​គេ​ដោយ​ភាព​ថ្លៃ​ថ្នូរ ​ការ​គោរព​ និង​សមភាព​ ហើយ​យើង​នៅ​មិន​ទាន់​ដល់​ចំណុច​ដែល​បណ្តា​អង្គភាព​ប៉ូលិស​យល់​ថា​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​គ្រប់​កម្រិត​ទាំង​អស់​នោះ​ដែរ»។

​ក្នុង​កម្មវិធី​ប្រជុំ​ផ្លាស់​ប្តូរ​មតិ​យោបល់​នេះ​ មាន​អ្នក​ចូល​រួម​មក​ពី​បណ្តា​ស្ថាប័ន​នានា​ជាច្រើន​ រួម​មានរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ លោកស្រី ​Loretta Lynch អភិបាល​រដ្ឋ​ Louisiana លោក​ John Bel Edwards ចៅ​ហ្វាយ​ក្រុង​ Los Angeles លោក​ Eric Garcetti ប្រធាន​សមាគម​ជាតិ​ដើម្បី​ភាព​រីកចម្រើន​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​ (NAACP) លោក Cornell Brooks មន្ត្រី​ជាប់ឆ្នោត​នានា ប្រធាន​ស្នងការ​ប៉ូលិស​មក​ពី​ទីក្រុង​ធំៗ​មួយ​ចំនួន​ សកម្មជន​តំណាង​ចលនា​ដើម្បីជីវិត​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ ដែល​ហៅ​ថា​ភាសា​អង់គ្លេស​ថា Black Lives Matter និង​មេដឹកនាំ​លទ្ធិ​ជំនឿ​មួយ​ចំនួន។
លោក​ប្រធានាធិបតី និយាយ​ថា​លោក​ចង់​នាំ​មនុស្ស​ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​មក​ក្នុង​បន្ទប់​ប្រជុំ​នោះ​ ដើម្បី​ស្តាប់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​កោះ​ហៅ​ប្រជុំ​នេះ​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព្រឹត្តិការណ៍​អាក្រក់​ដែល​បានកើត​ឡើង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជាច្រើន​មាន​ការ​អន្ទះសា​ និង​ក្រៀម​ក្រំ។​ បុរស​ស្បែក​ខ្មៅ​ពីរ​នាក់​ ត្រូវ​មន្ត្រី​ប៉ូលិស​ស្បែក​ស​បាញ់​សម្លាប់​ក្នុងចម្ងាយក្បែរប៉ូលិសក្នុង​រដ្ឋ Louisiana និង​រដ្ឋ Minnesota។​ ហើយ​បន្ទាប់​មក​ មន្រ្តី​ប៉ូលិស​ស្បែក​ស​ប្រាំ​នាក់​ ត្រូវ​បុរស​ខ្មាន់​កាំភ្លើង​ស្បែក​ខ្មៅ​ម្នាក់​ បាញ់​សម្លាប់​ នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​នោះ​ នៅ​រដ្ឋ​ Texas។​ បុរស​ស្បែក​ខ្មៅ​នោះ​ បាន​និយាយ​ថា ខ្លួន​ចង់​សម្លាប់​ជន​ជាតិ​ស្បែក​ស។

បន្ទាប់​ពី​កិច្ចប្រជុំ​ដែល​មាន​រយៈ​ពេល​វែង​ជាង​ការ​គ្រោង​ទុកនៅ​សេតវិមាន លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ថ្លែង​ថា​ដំណឹង​ល្អ​នោះ​ គឺ​វិធានការ​នៅ​ក្នុង​អង្គភាព​ប៉ូលិស​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ កំពុង​មាន​វឌ្ឍនភាព។​ លោក​មាន​ប្រសាសន៍​ថា​ កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ពុធ​ នឹង​កើត​ចេញ​ជា​ «ក្រុម​ការងារ​ពិសេសសម្រាប់​ការ​រក្សា​សណ្តាប់ធ្នាប់​សតវត្សរ៍​ទី​២១»​ នៃ​រដ្ឋបាល​របស់​លោក​ ហើយ​និង​ចែក​រំលែក​ដំណោះស្រាយ​នានា​ពី​សហគមន៍​ដែល​បាន​រក​ឃើញ​វិធី​កសាង​ទំនុក​ចិត្ត​ និង​កាត់​បន្ថយ​ភាព​ប្រេះឆា​ដោយសារ​ជាតិសាសន៍។

ប៉ុន្តែ​ លោក​បាន​ថ្លែង​បន្ថែម​យ៉ាង​ម៉ឺង​ម៉ាត់​ដូច្នេះ​ថា៖​ «ជា​រឿង​ធម្មតា​ទេ​ដែល​ថា​អង្គភាព​ប៉ូលិស​ខ្លួនឯង​ នៅ​តែ​មាន​អារម្មណ៍​ប្រឈម​បញ្ហា និង​ឧបសគ្គ និងត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​មិន​ត្រឹម​ត្រូវ។​ ជា​រឿង​ធម្មតា​ទេ​ ដែល​សហគមន៍​ប្រជា​ពលរដ្ឋ​ភាគ​តិច​ ដូចជា​បណ្តា​សហគមន៍​ពណ៌​សម្បុរ​ យល់​ថា ​វា​ជា​ការ​ចំណាយ​ពេលយូរ​ខ្លាំង​ពេក​ក្នុង​ការ​ធ្វើ​រឿង​ត្រឹមត្រូវ។​ អ្នក​ខ្លះ​នឹង​យល់​ថា​ជំហាន​នៃ​ការ​ផ្លាស់​ប្តូរ​ មាន​លក្ខណៈ​ឆាប់​រហ័ស​ពេក​ ហើយ​អ្នក​ខ្លះ​នឹង​យល់​ថា​យឺត​ពេក»។

លោក​បន្ថែម​ថា​ ដោយសារ​តែ​ស.រ.អា.​ជា​ប្រទេស​ធំ​មួយ៖​ «ខ្ញុំ​គិត​ថា​វា​ជា​រឿង​សម​ហេតុ​ផល​ដែល​និយាយ​ថា​យើង​នឹង​នៅ​តែ​ឃើញ​មាន​ភាព​តាន​តឹង​រវាង​ប៉ូលិសនិង​សហគមន៍​នានា​ច្រើន​ទៀត​ នៅ​ខែ​នេះ​ ខែ​ក្រោយ​ ឆ្នាំ​ក្រោយ និង​មួយ​រយៈ​ពេល​បន្ត​ទៀត»។

លោក​ប្រធានាធិបតី​និយាយ​ថា​ វឌ្ឍនភាព​នៃ​ការ​ទប់ស្កាត់​ការ​បាញ់​សម្លាប់​ដូច​ករណី​ដែល​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន​ នឹង​មិន​អាច​ធ្វើ​បាន​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ទេ​ ដោយសារ​តែ​ដើមហេតុ​ដែល​ចាក់​ឫស​គល់​នេះ​ មិន​មែន​ត្រឹម​តែ​ប៉ុន្មាន​ទសវត្សរ៍​មុន​នោះ​ទេ​ ប៉ុន្តែ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។​ លោក​បាន​និយាយ​ថា៖​ «អ្វី​ដែល​យើង​អាច​ធ្វើ​បាន»​ គឺ​ត្រូវ​បង្កើត​ការ​ជួប​សន្ទនា​គ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។

លោក​ អូបាម៉ា​ បាន​ថ្លែង​ថា៖​ «ក្នុង​នាម​ជា​ប្រទេស​តែ​មួយ​ យើង​ត្រូវ​អង្គុយហើយ​រក​ដំណោះស្រាយ​និង​បំបែកបញ្ហា​ទាំង​នោះ»។

ទោះ​ជា​យ៉ាង​ក៏​ដោយ​ ក៏​កិច្ចប្រជុំ​នោះ​ បាន​បង្កើត​ចេញ​នូវ​បញ្ជី​ការងារ​អាទិភាព​ចម្បងៗ​ ដែល​លោក​អូបាម៉ា​ និយាយ​ថា​ជា​បញ្ជី​ដែល​អ្នក​ចូល​រួម​ប្រជុំ​គ្រប់​គ្នា​បាន​យល់​ស្រប​តាម។ បញ្ជី​នេះ​ក៏​មាន​រាប់​បញ្ចូល​ការ​សហការ​ការងារ​ជាមួយ​អង្គភាព​ប៉ូលិស​ ដើម្បី​បង្កើន​ការ​ហ្វឹកហាត់​បន្ថែម និង​វិធី​សាស្រ្ត​កាត់​បន្ថយ​ការ​រីករាលដាល​បញ្ហា​ រួម​នឹង​ការ​បង្កើត​ «ប្រព័ន្ធ​ទទួល​ខុស​ត្រូវ»​ ដែល​អាច​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​រក​ទិន្នន័យ​សកម្មភាព​អនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់តែ​ច្រើន។​

លោក​ Eric Garcetti ជា​អភិបាល​ក្រុង Los Angeles បាន​និយាយ​ថា​ ការ​ពិភាក្សា​អំពី​បញ្ហា​ពណ៌​សម្បុរ​ ជា​រឿង​ដែល​បន្ទាន់​ខ្លាំង​ ហើយ​ទោះបី​ជា​មនុស្ស​មួយ​ចំនួន​មិន​យល់​ស្រប​លើ​រឿង​គ្រប់​យ៉ាង​ក៏​ដោយ​ ក៏​វត្តមាន​របស់​សកម្មជន​ មន្រ្តី​ប៉ូលិស​ និង​មន្ត្រី​ជាប់ឆ្នោត​ជាច្រើន​ នឹង​អាច​ស្តារ​ឡើង​វិញ​នូវ​តម្លៃ​របស់​មនុស្ស​ទូទៅ​ដែរ។​

អ្នក​ចូល​រួម​មួយ​ចំនួន​ក្នុង​កិច្ច​ប្រជុំ​ បាន​ចាត់ទុក​កិច្ចប្រជុំ​នេះ​ជា​ព្រឹត្តិការណ៍​នាំ​រក​ភាព​ជោគជ័យ​មួយ​ និង​បាន​និយាយ​ថា អ្នក​ចូលរួម​ទាំងអស់​មាន​ឱកាស​និយាយ​ ហើយ​អ្នក​ចូលរួម​ទាំងអស់​មាន​អារម្មណ៍​រីករាយ​ដោយសារ​បាន​ដឹង​ថា ​អ្នក​ដែល​តែងតែ​ជំទាស់​នឹង​ពួក​គេ​លើ​បញ្ហា​ប្រេះឆា​ដោយសារ​ពណ៌​សម្បុរ​ និង​ការ​អនុវត្ត​ច្បាប់​ទាំង​អស់​ ពិត​ជា​បាន​ស្តាប់​ឮ​អ្វី​ដែល​ពួក​គេ​បាន​និយាយ។​ លោក​អភិបាល​ក្រុង​ Garcetti បាន​មាន​ប្រសាសន៍​ថា​ព្រឹត្តិការណ៍​នាំ​រក​ភាព​ជោគជ័យ​នោះ គឺ​នៅ​ពេល​ដែល​សកម្មជន​ម្នាក់​របស់​ចលនា​ Black Lives Matter បាន​ងាក​មក​ប្រាប់​មន្រ្តី​ប៉ូលិស​ថា​គាត់​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​មន្រ្តី​ប៉ូលិស​ប្រាំ​នាក់​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​ម្នាក់​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ Dallasកាល​ពី​សប្ដាហ៍​មុន។

កិច្ច​ពិភាក្សា​អំពី​ពូជ​សាសន៍​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​នឹង​ពិធី​បុណ្យ​សព​នៃ​មន្រ្តី​ប៉ូលិស​បី​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ដែល​ត្រូវ​បាញ់​សម្លាប់​កាល​ពី​សប្ដាហ៍​មុននៅ​ក្នុង​ទីក្រុង​ Dallas ។​ នៅ​ក្នុង​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​ Texas លោក​ John Cornyn បាន​ចេញ​បកស្រាយ​ច្បាប់​ដែល​ចែង​ថាការ​សម្លាប់​មន្រ្តី​ប៉ូលិស​ នឹង​ក្លាយ​ជា​បទ​ល្មើស​សហព័ន្ធ។​ លោក​ ​មាន​ប្រសាសន៍​នៅ​ក្នុងការ​ថ្លែងការណ៍​មួយ​ថា៖ «ខណៈ​ពេល​ដែល​ប្រទេស​យើង​នៅ​បន្ត​សោកសៅ​ចំពោះ​សោកនាដកម្ម​កាល​ពី​ស​ប្ដាហ៍​មុន​ នៅ​ទីក្រុង​ Dallas យើង​ក៏​ត្រូវ​តែ​ចូល​រួម​សហការ​គ្នា​គាំទ្រ​អ្នក​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង​ ដើម្បី​រក្សា​សុវត្ថិភាព​របស់​យើង​ដែរ»។

នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ លោក​ អូបាម៉ា​ ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិក​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ ចែក​រំលែក​មតិ​យោបល់​របស់​ខ្លួន​ទាក់​ទង​នឹង​ការ​ព្យាបាល​ដំបៅ​បញ្ហា​ពូជ​សាសន៍​នេះ​ និង​រក្សា​សុវត្ថិភាព​ប្រជាជន៖ «ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​ ខ្ញុំ​ចង់​ឮគំនិត​យល់​ឃើញ​របស់​ពលរដ្ឋ​អាមេរិក​ច្រើន​ថែម​ទៀត​ អំពី​វិធី​ដែល​យើង​អាច​ជម្នះ​ដោះ​ស្រាយ​ឧបសគ្គ​ទាំង​នេះ​ទាំង​អស់​គ្នា​ជា​ជាតិ​តែមួយ​ ជា​ប្រទេស​មួយ។ មាន​ន័យ​ថា​ គឺ​អ្នក​ទាំង​អស់គ្នា។​ មិន​ថា​អ្នក​ជា​មន្រ្តី​ប៉ូលិស​ ធ្វើ​ការរក្សា​សុវត្ថិភាព​របស់​សហគមន៍យើង​ ជា​សកម្ម​ជន​អ្នក​រៀបចំ​ធ្វើ​ក្បួន​ដង្ហែ​នានា​ ឬ​ជា​អ្នក​ណា​ក៏​ដោយ​ ក៏​អ្នក​អាច​ចែក​រំលែក​រឿង​រ៉ាវ​ និង​គំនិត​យល់​ឃើញ​របស់​អ្នក​នៅ​ត្រង់​គេហទំព័រ​នេះ៖ go.wh.gov/VDPvKz»។

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា

XS
SM
MD
LG