\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះចៅអធិរាជ​ជប៉ុន Akihito គ្រោង​ថ្លែង​សារ​មួយ​ដែល​អាច​បញ្ជាក់​ពី​គម្រោង​ដាក់​រាជ្យ​របស់​ព្រះអង្គ


ព្រះចៅអធិរាជ​ជប៉ុន Akihito បោយដៃទៅកាន់អ្នកទាំងឡាយដែលជូនពរព្រះអង្គនៅឯវិមានអធិរាជសម្រាប់ការចំរើនព្រះជន្ម៨២ឆ្នាំរបស់ព្រះអង្គ។

ព្រះចៅអធិរាជ​ជប៉ុន Akihito បោយដៃទៅកាន់អ្នកទាំងឡាយដែលជូនពរព្រះអង្គនៅឯវិមានអធិរាជសម្រាប់ការចំរើនព្រះជន្ម៨២ឆ្នាំរបស់ព្រះអង្គ។

ប្រជាពលរដ្ឋ​ជប៉ុន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​សារ​ជា​វីដេអូ​ដ៏​កម្រ​មួយ​របស់​ព្រះ​អធិរាជ​ជប៉ុន Akihito ព្រះ​ជន្ម ៨២ ព្រះ​វស្សា ដែល​ព្រះ​អង្គ​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ដែល​ថា​ព្រះអង្គ​នឹង​ដាក់​រាជ្យ​ក្នុង​អំឡុង​ពេល​ពីរ​ឬ​បី​ឆ្នាំ​ខាង​មុខ​នេះ ដែល​ដំណឹង​ពី​ការ​ដាក់​រាជ្យ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជប៉ុន​មាន​ការ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​អាទិត្យ​នេះ។

នៅ​ក្នុង​សារ​ដែល​ថត​ទុក​របស់​ព្រះអង្គ នៅ​ថ្ងៃ​ចន្ទ​ស្អែក ព្រះអង្គ​គ្រោង​នឹង​មាន​ព្រះរាជ​បន្ទូល​អំពី​តួនាទី​របស់​ព្រះអង្គ​ក្នុង​ការ​គង់​ជា​និមិត្តរូប​របស់​ជាតិ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ព្រះរាជវាំង​ជប៉ុន។ ព្រះអង្គ​នឹង​ទំនងជា​មិន​មាន​ព្រះរាជ​បន្ទូល​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ការ​ដាក់​រាជ្យ​នោះ​ទេ ដោយសារ​តែ​ការ​ដាក់​រាជ្យ​នេះ​ទាក់ទិន​នឹង​ដំណើរការ​តាម​ផ្លូវ​នយោបាយ និង​ផ្លូវ​ច្បាប់​នានា ដែល​ព្រះអង្គ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ព្រះ​រាជ​បន្ទូល​អំពី​រឿង​នេះ​ទេ។

ព្រះមហាក្សត្រ Akihito នៅតែ​ធ្វើ​ការ​ដូច​ធម្មតា ទោះបីជា​ជំនួយការ​ព្រះអង្គ​បាន​ផ្ទេរ​តួនាទី​ព្រះអង្គ​មួយ​ចំនួន​ទៅ​ឲ្យ​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Naruhito ដែល​ជា​ព្រះរាជ​បុត្រ​ច្បង​ក្នុង​ចំណោម​បុត្រា​ទាំង​ពីរ​របស់​ព្រះអង្គ​ក៏ដោយ។ កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះមហាក្សត្រ Akihito បាន​បញ្ជាក់​ថា ដោយសារ​តែ​ព្រះជន្ម​របស់​ព្រះអង្គ​កាន់តែ​ជរា​ទៅ ព្រះអង្គ​បាន​ប្រព្រឹត្តិ​កំហុស​តិចតួច​នៅ​ក្នុង​ពិធី​បុណ្យ​មួយ​ចំនួន ដូចជា​នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​ពីរ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៥ ព្រះអង្គ​បាន​ចាប់ផ្ដើម​អាន​សុន្ទរកថា​របស់​ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​គួរតែ​រក្សា​ភាព​ស្ងៀមស្ងាត់។

សាធារណជន​ទូទៅ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ដំណឹង​នៃ​គម្រោង​ដាក់​រាជ្យ​របស់​ព្រះអង្គ ដោយ​បាន​លើកឡើង​ថា ព្រះចៅអធិរាជ​ឧស្សាហ៍​ព្យាយាម​អំណត់​អត់ធន់​មួយ​រូប​នេះ គួរ​ត្រូវ​បាន​សម្រាក​ពី​កិច្ចការ​ព្រះរាជវាំង និង​សប្បាយ​រីករាយ​ជាមួយ​នឹង​ជីវិត​ចូល​និវត្តន៍​របស់​ព្រះអង្គ។ ដោយ​ការ​លុប​បំបាត់​ចោល​នូវ​បម្រាម​មិន​ឲ្យ​មាន​ការ​ដាក់​រាជ្យ ដែល​ជា​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​សម័យ​មុន​សង្គ្រាម​នោះ នឹង​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​ឱកាស​កាន់តែ​ចូល​ជិត​ជាមួយ​សាធារណជន​ទូទៅ៕

XS
SM
MD
LG