ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​​មន្រ្តី​អាដហុក និង​មន្រ្តី​គ.ជ.ប ដើម្បី​ស៊ើបអង្កេត​ចំនួន​៦​ខែទៀត


លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។ (VOA Khmer)

ការ​សម្រេច​បន្ត​ឃុំ​៦​ខែ​ទៀត​​នេះ​​បណ្តាល​ឲ្យ​រង​ការ​​រិះ​គន់​ពី​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ស្រប​ពេល​ដែល​អ្នក​ទាំង​៥ ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់​ព្រ័ត្រ​​សម្រាប់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧។

រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ​ដែល​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប និង​មន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) មួយ​រូប ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ពី​បទ​សូកប៉ាន់ និង​សម​គំនិត​សូកប៉ាន់​សាក្សី។ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ពួកគេ​បន្ត​៦​ខែ​ទៀត ដើម្បី​ស៊ើបអង្កេត ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សរិះ​គន់​ថា ការ​សម្រេចធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ពួកគេ។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ ​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ​និងលោក នី ចរិយា អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម​អាដហុក។​ អ្នកទាំង​៥​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿងស្នេហា​លួច​លាក់​របស់​លោក កឹម សុខា ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​សម្រេច​បន្ត​ឃុំ​៦​ខែ​ទៀតនេះបណ្តាល​ឲ្យ​រង​ការរិះ​គន់​ពី​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ស្រប​ពេល​ដែល​អ្នក​ទាំង​៥ ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់​ព្រ័ត្រសម្រាប់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧។

លោក សួស វិទ្យារ៉ាន់ឌី អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់ VOA ថា តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​មន្រ្តី​អាដហុក និង​មន្រ្តី គ.ជ.ប ទាំង​៥រូប​ដើម្បី​បន្ត​នីតិវិធី។ ​ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​លម្អិត​នៃ​ការ​សម្រេច​របស់តុលាការនោះ​ទេ។​

រហូត​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​៥​ត្រូវ​បានតុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​គត់ ​គឺ​ចាប់តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​មុន។ យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ការ​ឃុំ​ខ្លួន​បណ្តោះអាសន្នក្នុង​បទល្មើស​ឧក្រិដ្ឋ អាច​មាន​ត្រឹម​រយៈ​ពេល​១៨​ខែ​ប៉ុណ្ណោះ។ នោះ​មាន​ន័យ​ថា នេះ​ជា​ការ​សម្រេច​ឃុំ​ខ្លួន​បន្ត​លើក​ចុង​ក្រោយ បន្ទាប់​ពី​អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្នអស់​រយៈពេល​១​ឆ្នាំ​រួច​មក​ហើយ។

ខណៈ​ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរចូល​ក្នុង​ឡាន​ទ្រុង​ដើម្បី​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ ក្រុម​មន្រ្តី​អាដហុក​ទាំង​នោះ​និយាយ​ថា ការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត គឺ​ជា​រឿង​អយុត្តិធម៌។

ក្រុម​មេធាវី​ការពារ​មន្រ្តី​ទាំង​៥​រូប​លើក​ឡើង​ថា ចៅក្រម​ ធាម ច័ន្ទពិសិដ្ឋ បាន​សម្រេចបន្ត​នីតិវិធី​ឃុំ​ខ្លួន​កូន​ក្តី​របស់ពួកគេរយៈពេល​៦ខែ​ទៀត​ ដោយ​លើក​មូល​ហេតុ​ថា ការ​ស៊ើបសួរ​កំពុង​បន្ត ​សាក្សី​មួយ​ចំនួន​មិន​ទាន់​បាន​ចូល​បំភ្លឺ និងមូលហេតុគ្រោង​កោះ​ហៅ​សាក្សី​ផ្សេង​ទៀត​មក​បំភ្លឺ។ ទោះ​ជា​យ៉ាង​ណា​ មេធាវី​ទាំង​នោះ​លើក​ឡើង​ថា ពួកគេ​មិន​បាន​ឃើញ​ឈ្មោះ​របស់​សាក្សី​ដែល​តុលាការ​គ្រោង​នឹង​កោះ​ហៅ​នោះ​ទេ។

លោក ឡោ ជុនធី មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​មន្រ្តី​អាដហុកទាំង​នោះ ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចេញ​ពី​សាលសវនាការ​ថា ការ​បន្ត​នីតិវិធីឃុំ​ខ្លួន​កូនក្តី​របស់​លោក គឺជា​ការ​សម្រេច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូនក្តី​លោក​ធ្ងន់ធ្ងរ។

លោក​ ឡោ ជុនធី បញ្ជាក់​ថា៖​

«យើង​អត់​ចង់​ឲ្យ​មាន​ការ​ពន្យារ​តទៅ​ទៀត យើង​បាន​ស្នើ​សុំ​ហើយ។ ហើយ​អ្វី​ដែល​ពន្យារ​តទៅ​ទៀត គឺ​ប៉ះពាល់​ទៅ​ដល់សិទ្ធិ​គាត់​ធ្ងន់ធ្ងរ ទាំង​ការ​អ្វី​ដែល​គាត់​ឃុំ​ខ្លួននៅ​ទី​នោះ មាន​ការ​លំបាក គាត់​ចាស់ៗ​ហើយ»។​

ថ្មីៗ​នេះ អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រសម្រាប់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧។ ការ​ផ្ដល់​ពាន​រង្វាន់​នេះ ត្រូវ​បាន​ជ្រើសរើស​ដោយ​សហគមន៍​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ផ្ដល់​ជូន​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជ្រាលជ្រៅ និង​មាន​ភាព​ក្លាហាន ខណៈ​ប្រឈម​ហានិភ័យ​ផ្ទាល់​ខ្លួន។

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រាប់ VOA ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​អស់​រយៈពេល​១​ឆ្នាំ និង​សម្រេចបន្ត​ឃុំ​ខ្លួន​បន្ថែម​រយៈពេល​៦ខែ​ទៀត​គឺជា​ ការរំលោភ​សិទ្ធិ​របស់​អ្នក​ទាំង៥ និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​របស់រដ្ឋាភិបាល។ លោក​បន្ថែម​ថា តុលាការ​គួរ​ពន្លឿន​នីតិវិធី​ជម្រះ ឬ​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ ​ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាសបន្តការងារ​បម្រើ​ដល់​សង្គម។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​សិន​ជា​គាត់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន គាត់​នឹង​អាច​បំពេញ​ការងារក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​គឺ​អាច​ជួយ​ផ្នែក​អភិវឌ្ឍន៍​សិទ្ធិ​មនុស្ស​មួយ​ផ្នែក សម្រាប់​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ផង​ដែរ។ ប៉ុន្តែ​យើង​សោកស្តាយ ការ​ឃុំ​ខ្លួន​បន្ត​របស់​ពួក​គាត់​នេះ វា​ធ្វើ​ឲ្យ​ខាត​បង់​ច្រើន ហើយ​នឹង​មាន​ការ​រិះ​គន់​បន្ត​ទៀត​ពី​សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ»។

កាល​ពី​ដើម​ខែ​មីនា​នេះ​ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរ​ជាតិ​ចំនួន​៧៨ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​និង​បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​តាម​ផ្លូវ​តុលាការ​ ​និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នានា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

​សេចក្ដី​ថ្លែង​ការណ៍​នោះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នា​ពេល​ចុង​ក្រោយ​នេះ​គឺ​ហាក់​ដូច​ជា​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​គិត​ទុក​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ ​និង​រារាំង​ការ​បញ្ចេញ​សំឡេង​ជំទាស់​នានា​ ​ខណៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ឆាប់ៗ​ខាង​មុខ។

តំណាង​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ក៏​ធ្លាប់​បាន​ហៅ​ការ​ចាប់ខ្លួន​ និង​ឃុំ​ខ្លួន​អ្នក​ទាំង​៥​នាក់​ ថា​ធ្វើ​ឡើង​«តាម​អំពើ​ចិត្ត»ផង​ដែរ។

ចំណែក ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់​នោះ​ផង​ដែរ។ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា ការ​ចោទប្រកាន់​លើ​អ្នក​ទាំង​៥ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​កម្ពុជា ហើយ​ថា​ចំណាត់​ការ​របស់​តុលាការ គឺ ​«មិនមែន​ជា​ការ​កាត់​សេចក្ដី​តាម​អំពើ​ចិត្ត​នោះ​ឡើយ»៕

XS
SM
MD
LG