\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ផ្ដល់​កម្ចី​និង​ជំនួយ​ជាង​៤០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ហិរញ្ញវត្ថុ


រូបឯកសារ៖ ក្រដាស​ប្រាក់​១០០​ដុល្លារ​អាមេរិក ដែល​ទើបតែ​បោះពុម្ភ​ហើយ​ថ្មីៗ។ (AP)

រូបឯកសារ៖ ក្រដាស​ប្រាក់​១០០​ដុល្លារ​អាមេរិក ដែល​ទើបតែ​បោះពុម្ភ​ហើយ​ថ្មីៗ។ (AP)

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​តែ​ងាយ​ប្រឈម​នឹង​ភាព​ក្រីក្រ ជា​ពិសេស អ្នក​ដែល​រស់នៅ​តាម​តំបន់​ជន​បទ ជា​ទី​ដែល​មាន​ប្រជាពលរដ្ឋ​ក្រីក្រ ៩០% រស់​នៅ ហើយ​មាន​ប្រជាពលរដ្ឋ ៤១% រស់នៅ​ជា​មួយ​នឹង​ចំណូល​ក្រោម ២ដុល្លារ ក្នុង​មួយ​ថ្ងៃ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​អនុម័ត​ផ្ដល់​កម្ចី​ចំនួន ៤០ លាន​ដុល្លារ និង​ផ្ដល់​ជំនួយ​បច្ចេកទេស​ជា​ជំនួយ​ឥត​សំណង​ក្នុង​ទឹក​ប្រាក់ ៦សែន​ដុល្លារ ដើម្បី​លើក​កម្ពស់​ការ​ទទួល​បាន​សេវា​ធនាគាររបស់​ពលរដ្ឋ​នៅ​កម្ពុជា។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ចេញ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី ៤៧,៨% ក្នុង​ឆ្នាំ ២០០៧ មក​នៅ ១៣,៥% ក្នុង​ឆ្នាំ ២០១៤។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​តែ​ងាយ​ប្រឈម​នឹង​ភាព​ក្រីក្រ ជា​ពិសេស អ្នក​ដែល​រស់នៅ​តាម​តំបន់​ជន​បទ ជា​ទី​ដែល​មាន​ប្រជាពលរដ្ឋ​ក្រីក្រ ៩០% រស់​នៅ ហើយ​មាន​ប្រជាពលរដ្ឋ ៤១% រស់នៅ​ជា​មួយ​នឹង​ចំណូល​ក្រោម ២ដុល្លារ ក្នុង​មួយ​ថ្ងៃ។

លោក Hiroyuki Aoki អ្នក​ឯកទេស​ជាន់​ខ្ពស់​ខាង​វិស័យ​ហិរញ្ញវត្ថុ​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​របស់ ADB បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ការ​សម្រេច​នូវ​កំណើន​ទទួល​សេវា​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា គឺជា​បញ្ហា​ប្រឈម​មួយ​ ជាពិសេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ពុំ​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ។

លោក​បន្ថែម​ក្នុង​សម្រង់​សម្ដី​ដើម​ថា៖ «គម្រោង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​កម្ពុជា​អភិវឌ្ឍន៍វិស័យ​ហិរញ្ញ​វត្ថុរបស់​ខ្លួន សំដៅ​កាត់បន្ថយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ពុំបាន​ទទួល​សេវា​ហិរញ្ញ​វត្ថុ និង​លើក​កម្ពស់​កំណើនប្រកប​ដោយ​បរិយាប័ន្ន [ការ​ដាក់​បញ្ចូល​ក្នុង​ឬ​មិន​ទុក​ឲ្យ​នៅ​ក្រៅ​ប្រព័ន្ធ]»។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​បែប​បរិយាប័ន្ន ឬ​ការ​ជំរុញ​លើក​កម្ពស់​ឲ្យទទួល​បានអត្ថប្រយោជន៍​អ្វី​មួយ (IFSDP) នឹង​ជួយ​នាំ​ប្រជាពលរដ្ឋ​ទាំងនេះ​ មកក្នុង​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការ​វិញ តាមរយៈ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​មួយ ដែល​មាន​ប្រសិទ្ធ​ភាព និង​ស្ថិរភាព។

ការ​គាំទ្រ​គោល​នយោបាយ និង​ការ​លើក​កម្ពស់​ការ​ការពារ​អតិថិជន នឹង​ផ្ដល់​ប្រយោជន៍​ដល់​គ្រួសារ​ដែល​រស់នៅ​តំបន់​ជនបទ ដូចជា​កសិករ និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជាដើម។

កម្មវិធីនេះ​ នឹង​ធ្វើការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់ សំដៅ​គាំទ្រ​ដល់​ការ​បង្កើត​សេវា និង​ផលិតផល​ថ្មីៗ។​

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចាន់នី ប្រាប់ VOA ថា ការ​ផ្ដល់​កម្ចី និង​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីដើម្បី​ពង្រឹង​ការ​ទទួល​បានសេវា​ធនាគារ ​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​ មាន​ភាព​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​បង្កើន​ប្រភព​ទុន​សម្រាប់​ការ​ផ្ដល់​កម្ចីដល់​ប្រជា​ពលរដ្ឋ។

«កាលណា​គាត់​មាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​ច្រើន គាត់​អាច​បង្កើត​មុខរបរ​ថ្មី គាត់​អាច​ពង្រីក​មុខរបរ​របស់​គាត់ ហើយ​ការ​បង្កើត​មុខរបរ​ថ្មី ការ​ពង្រីក​មុខរបរ គឺជា​ឱកាស​ការងារ​មួយ​សម្រាប់​ខ្លួន​គាត់ គឺ​គាត់​អាច​ជួយ​កម្មករ ហើយ​កាល​ណា​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​គឺ​គាត់​បាន​ប្រាក់​ចំណូល​បន្ថែម ហើយ​ការ​បន្ថែម​ឲ្យ​មាន​ការងារ​ថ្មី ហើយ​ការ​បន្ថែម​ឲ្យ​មាន​ប្រាក់​ចំណូល​បន្ថែម​ទៀត​ហ្នឹង គឺ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ហើយ ព្រោះ​អី​ពលរដ្ឋ​កម្ពុជា​មាន​ការងារ​ធ្វើ ពលរដ្ឋ​កម្ពុជា​មាន​ប្រាក់​ចំណូល​បន្ថែម ហើយ​ចំណែក​ទាំងពីរ​ហ្នឹង​ ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»។

កន្លង​មក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក រង្សី វិស្សុត លើក​ឡើង​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បច្ចុប្បន្ន ​មាន​ចំនួន​ជាង​៥០​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ស្រប​ពេល​បញ្ហាគ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​ដែល​មិនបាន​ចុះ​បញ្ជី​កំពុង​ជា​បញ្ហា​ចោទ ដោយ​សារ​គ្រឹះ​ស្ថាន​ទាំង​នោះ​ផ្ដល់ប្រាក់​កម្ចី​ឲ្យ​ប្រជា​ពលរដ្ឋ​ដោយ​មិន​មាន​ស្តង់ដារ​ត្រឹមត្រូវ ។

លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​មិន​ចុះ​បញ្ជី​ត្រឹមត្រូវ​នេះ ពុំ​បាន​យក​ប្រាក់​កម្ចី​នោះ ទៅប្រើ​ប្រាស់​ឲ្យ​ចំ​ទិស​ដៅ​នោះ​ទេ ដោយ​បណ្ដាល​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​រឹប​អូស​ដីធ្លី​របស់​ពួកគេ៕

XS
SM
MD
LG