ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ការងារ​​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រុង​ប្រយ័ត្ន​ក្នុង​ការបញ្ជូន​ពលករ​ទៅ​កាតា

  • ម៉ែន គឹមសេង

លោក ឌី ថេហូយ៉ា​មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការសង់ត្រាល់​។

«នៅ​ប្រទេស​កាតា​គឺជា​ ប្រទេស​អ្នកមាន​ ហើយ​គេ​ជួល​ពលរដ្ឋ​មក​ពីប្រទេស​ក្រីក្រ​​មក​ធ្វើ​ការ​ហើយ​ប្រទេស​នេះ​ មិនមាន​អង្គការ​សង្គម​ស៊ីវិល​អង្គការ​សិទ្ធិ​មនុស្ស​អ្វីទេ ​ហើយ​គេ​ក៏អត់​ខ្វល់​ពី​សិទ្ធិមនុស្ស​ទេ‍»។

អ្នកការពារ​សិទ្ធិ​ពលករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដាក់ចេញ​នូវ​វិធានការ​ជាក់​លាក់​មុន​នឹង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅប្រទេស​កាតា​ ដើម្បី​ជៀសវាង​ការកេងប្រវ័ញ្ច​ និង​ការ​ធ្វើ​បាប។ ​

លោក​ ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​(​សង់ត្រាល់)​ បាន​ស្នើឡើង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេសកម្ពុជា​គួរ​តែ​មាន​ស្ថានទូត​នៅ​ប្រទេស​កាតា​ជាមុន​សិន​ មុន​នឹង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ ​ហើយ​ត្រូវ​បង្កើត​គណៈកម្មការ​ចុះ​តាមដាន​ការអនុវត្ត​អនុស្សារណៈ​ស្តីពីការ​យោគយល់ ​(​MOU)​ដែលបាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​កាតា​និង​ប្រទេស​កម្ពុជា​ ទន្ទឹម​នឹង​នោះ​ត្រូវ​ជួយ​ពលករ​ឱ្យ​យល់​ពី​វប្បធម៌​និង​របៀប​របប​នៃ​ការរស់នៅ​ក្នុង​ប្រទេស​នេះ​ជាដើម។

លោក​ហូយ៉ា​ព្រួយបារម្ភ​ថា ​ពលរដ្ឋ​ខ្មែរ​អាច​ក្លាយ​ជា​ជនរងគ្រោះ​នៅទីនោះ​ដោយសារ​ប្រទេស​នេះ​មិនមាន​វត្តមាន​អង្គការ​សិទ្ធិ​មនុស្ស​និង​ការងារ​ ហើយ​តាម​រយៈ​បទពិសោធន៍​នៃ​ប្រទេស​ដទៃទៀត​គឺ​មាន​ការល្មើស​នឹង​កិច្ច​សន្យា​និង​ធ្វើ​បាប​ពលករ។

លោក​បន្ថែម​ថា៖ «នៅ​ប្រទេស​កាតា​គឺជា​ ប្រទេស​អ្នកមាន​ ហើយ​គេ​ជួល​ពលរដ្ឋ​មក​ពីប្រទេស​ក្រីក្រមក​ធ្វើ​ការ​ហើយ​ប្រទេស​នេះ​ មិនមាន​អង្គការ​សង្គម​ស៊ីវិល​អង្គការ​សិទ្ធិ​មនុស្ស​អ្វីទេ ​ហើយ​គេ​ក៏អត់​ខ្វល់​ពី​សិទ្ធិមនុស្ស​ទេ‍»។

រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​យល់​ព្រម​កាលពីឆ្នាំ​២០១២​ឱ្យ​កម្ពុជា​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​កាតាតាមអនុស្សារណៈ​នៃ​ការយោគយល់​រវាង​កម្ពុជា​និង​ប្រទេស​កាតា។

ប្រទេស​កាតា​បាន​សម្តែង​ការចាប់​អារម្មណ៍​ក្នុង​ការ​ទទួល​ពលករ​ខ្មែរ​ចំនួន​៣៣.០០០នាក់ ​ហើយ​រហូតមក​ដល់​ពេល​នេះ​មាន​អ្នកដាក់ពាក្យ​ចំនួន​១.០០០​នាក់ ​ហើយ​មាន​២០០​នាក់​បាន​ឆ្លងកាត់​ការប្រឡង​សមត្ថភាព។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកឌី ថេហូយ៉ា។ ​

រូបឯកសារ៖ បុរស​ម្នាក់​ពិនិត្យ​មើល​ការដ្ឋាន​សំណង់​កីឡាដ្ឋាន Al Wakrah ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ប្រើ​ជា​កីឡាដ្ឋាន​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ នៅ​ប្រទេស​កាតា​ ក្នុង​ក្រុង Al Wakrah កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៦។

រូបឯកសារ៖ បុរស​ម្នាក់​ពិនិត្យ​មើល​ការដ្ឋាន​សំណង់​កីឡាដ្ឋាន Al Wakrah ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ប្រើ​ជា​កីឡាដ្ឋាន​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ នៅ​ប្រទេស​កាតា​ ក្នុង​ក្រុង Al Wakrah កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៦។

សកម្មជន​សិទ្ធិ​ពលករ​រូប​នេះ​ក៏​យល់​ថា ​រដ្ឋាភិបាល​គួរតែ​ពិនិត្យមើល​លើ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ផង​ដែរ៖​

«​ខ្ញុំ​គិត​ថា​ ក្រុមហ៊ុន​ឯកជន​ដែល​ត្រៀម​នឹង​បញ្ជូន​ទៅ​ក៏គួរតែ​តាមដាន​ឱ្យ​មែនទែន​ថា​តើ​គាត់​គោរព​សិទ្ធិ​ពលករ​គោរព​ច្បាប់​ការ​ងារ​ដែរ​ឬអត់​ឬមួយ​វាមាន​លក្ខណៈ​កេងប្រវ័ញ្ច​ដូចជា​បទពិសោធន៍​ជូរចត់​ទៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ផ្សេងៗ​ជាដើម‍»។​

មុន​នឹង​ពលករចាកចេញ​ពី​ប្រទេស ​រដ្ឋាភិបាល​គួរតែ​អញ្ជើញ​អង្គការ​ជា​ដៃគូ​ទៅ​ចូលរួម​ផ្តល់​ជា​យោបល់​ក្នុង​ការត្រៀម​ខ្លួន ​និង​មាន​លេខ​ទំនាក់​ទំនង​ក្នុង​ពេល​ដែល​មាន​បញ្ហា។

លោក​ឌី ថេហូយ៉ា​បន្ថែម​ថា៖«ប៉ុន្តែ​ទាំងអស់​ហ្នឹង​មិនធានា​បាន​ថា​តើ​នៅពេលគាត់​មាន​បញ្ហា​យើង​ទៅ​ជួយ​គាត់​បាន​ទេ‍»។​

ក្នុង​ពេល​កន្លង​មក​ មាន​ពលករ​មក​ពី​ប្រទេស​នេប៉ាល់ ​ឥណ្ឌា ​និង​បង់ក្លាដែស ​ត្រូវ​រង​ការធ្វើ​បាបដោយ​ម្ចាស់​ក្រុមហ៊ុន​បាន​ហែក​កិច្ចសន្យា​ចោល​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល​តាម​ការសន្យា​និង​ដកយក​លិខិត​ឆ្លងដែន​ពួកគេ​ទុក​មិន​អាច​ឱ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​បាន។ ​

​អង្គការ​សិទ្ធិមនុស្ស Amnesty International ​បាន​លើកឡើង​ពី​ករណីរំលោភបំពាន​ទាំង​នេះ​ នៅក្នុងរបាយការណ៍​ដែលមាន​ចំណងជើង​ថា«The ugly side of the beautiful game: Exploitation on a Qatar 2022 World Cup site» (ជ្រុង​ដ៏អាក្រក់​នៃ​កីឡា​ដ៏​ល្អ៖ ការកេងប្រវ័ញ្ច​នៅលើ​ការដ្ឋាន​កីឡា​ពិភពលោក​នៅប្រទេស​កាតា​ឆ្នាំ​២០២២) ​ចេញផ្សាយ​ខែ​មីនា​ឆ្នាំ​២០១៦។

លោកស្រី សាលីល សេទី អគ្គលេខាធិការ​នៃ​អង្គការ​ Amnesty International ​បាន​បញ្ជាក់ថា​«សម្រាប់​កីឡាករ​និង​អ្នកទស្សនា​ កីឡាដ្ឋាន​ពានរង្វាន់​ពិភពលោក​នេះ​គឺ​ទីនៃ​ក្តីសុបិន្ត​មួយ។ សម្រាប់​កម្មករ​ខ្លះ​ដែល​បាន​និយាយ​ប្រាប់​យើង​ វាគឺ​ជា​សុបិន្ត​អាក្រក់​ដែល​កំពុង​បន្ត‍»។​

ពលរដ្ឋ​ខ្មែរមួយ​ចំនួន ដែល​អង្គការ​សង់ត្រាល់សាកសួរ​នៅតាម​ជនបទ​កម្ពុជា​ គឺ​មិនបាន​ដឹង​ពី​ការរំលោភ​ទាំងអស់​នេះ​ទេ​ ហើយ​អ្នកខ្លះ​មិន​ទាំង​ស្គាល់​ថា ​ប្រទេស​កាតា​នៅ​ទីណាផង៕

XS
SM
MD
LG