ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​រិះ​គន់​ការ​តម្លើង​ប្រព័ន្ធ​ចាប់​មីស៊ីល THAAD មុន​ពេល​កំណត់


បាតុករ​កាន់​បដា​ប្រឆាំង​នឹង​ប្រព័ន្ធ​ចាប់​មីស៊ីល THAAD ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ដើម្បី​ប្រឆាំង​នឹង​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​នេះ​ នៅ​ក្បែរ​ស្ថានទូត​អាមេរិក ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

បេក្ខជន​នាំ​មុខ​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​រិះគន់​ដល់​ការ​ប្រញាប់ប្រញាល់​ដាក់​តាំង​ប្រព័ន្ធ​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល THAAD របស់​ស.រ.អា.​ក្នុង​ពេល​តិច​ជាង​ពីរ​សប្តាហ៍​មុនការ​បោះឆ្នោត​ក្នុង​ប្រទេស​ពួក​គេ។​

កាលពី​ព្រឹកថ្ងៃ​ពុធ ក្បួន​យោធា​មួយ​មាន​ឡាន​២០គ្រឿង​ដឹក​ផ្នែក​ជា​ច្រើន​នៃ​ប្រព័ន្ធ​ការពារ​ THAAD ប្រឆាំង​នឹង​កាំ​ជ្រួច​មីស៊ីល​ទៅ​កាន់​កន្លែង​ដាក់​ពង្រាយ​នៅ​ឯ​កន្លែង​លេង​កីឡា​កូនហ្គោល​មួយ​របស់​ក្រុម​ហ៊ុន Lotte ក្នុង​តំបន់​ជនបទ​មួយ​ក្នុង​ស្រុក Seongju នា​ផ្នែក​អាគ្នេយ៍​ប្រទេស​កូរ៉េ​ខាង​ត្បូង។​រួម​បញ្ចូល​ក្នុង​ប្រព័ន្ធ​នេះ​មាន​ផ្នែក​សំខាន់ៗ​ដែល​គេ​ត្រូវ​ការ​សម្រាប់​ឱ្យ​ប្រព័ន្ធ​ THAAD មាន​ដំណើរ​ការ​បាន​គឺ​មាន​ប្រដាប់​បាញ់​ចល័ត កាំជ្រួច​មីស៊ីល​សម្រាប់​បាញ់​ស្ទាក់​ប្រដាប់​ដោយ​បច្ចេកទេស​ស្វែង​រក​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដោយ​មាន​ប្រើ​កាំរស្មី និង​ប្រព័ន្ធ​រ៉ាដា​ខ្លាំង​មួយ​ដើម្បី​យក​កាំជ្រួច​មីស៊ីល​សត្រូវ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ប្រព័ន្ធ THAAD បាន​ត្រូវ​ដាក់​ពង្រាយ​មុន​ពេល​កំណត់​ដើម្បី​ទប់ទល់​នឹង​កំណើន​ការ​គំរាម​កំហែង​ដោយ​បរមាណូ​ និង​ដោយ​កាំ​ជ្រួច​មីស៊ីល​ផ្លោង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Moon Sang-kyun អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ «ដោយ​ផ្អែក​លើ​ការ​យល់​ដូច​គ្នា​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​ស.រ.អា. និង​ដោយសារ​មាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​នៅ​លើ​ឧបទ្វីប​កូរ៉េ សេចក្តី​ត្រូវ​ការ​ឱ្យមាន​កិច្ច​ប្រតិបត្តិការ​ជា​បន្ទាន់ប្រកប​ដោយ​ប្រសិទ្ធិភាព​នៃ​ប្រព័ន្ធ THAAD បាន​ត្រូវ​ពន្លឿន»។

លោក​ឧត្តមនាវី​ Harry Harris មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ស.រ.អា.​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា​ PACOM បាន​មាន​ប្រសាសន៍​ប្រាប់​សវនកម្ម​មួយ​នៅ​ក្នុង​សភា​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​ថា​ប្រព័ន្ធ​ THAAD នឹង​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ក្នុង​ពេល​ប៉ុន្មានថ្ងៃ​ខាង​មុខ​នេះ៕

XS
SM
MD
LG