\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកសន្យា ជំរុញការអភិវឌ្ឈន៍សេដ្ឋកិច្ចកម្ពុជា

  • VOA

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក បានសន្យាជួយជំរុញការអភិវឌ្ឈន៍សេដ្ឋកិច្ចរបស់
ប្រទេសកម្ពុជា។ ការសន្យានេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក
រយៈពេលមួយថ្ងៃនៅថ្ងៃនេះ។

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោកជីម វេបនៅថ្ងៃអង្គារនេះបានសន្យាជម្រុញ
ការវិនិយោគពីសហរដ្ឋអាមេរិកមកកន់ប្រទេសកម្ពុជាឲ្យបានច្រើន ស្របពេល
ដែលការវិនិយោគរបស់អាមេរិកនៅស្រុកខ្មែរនៅពាក់កណា្តលឆ្នាំ ២០០៩ គឺមិន
មានទាល់តែសោះ។ ការសន្យានេះធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពា-
ណិជ្ជកម្ម លោក ចម ប្រសិទ្ធ។

លោក ជីម វេប ដែលជាប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ីខាងកើត
និងបាស៊ីហ្វិក បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងភ្នំពេញ ក្នុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃ នៅប្រទេសកម្ពុជា។ វាគឺជាដំណើរទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និង
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមាន ប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា កម្ពុជា
និងវៀតណាម។

លោកជីម វេបនិយាយថា រដ្ឋាភិបាលរបស់សហអាមេរិកបានចាប់អារម្មណ៍យ៉ាង
ខ្លាំងក្នុងការទាក់ទាញឲ្យមានការវិនិយោគនៅកម្ពុជា។

"យើងបាននិយាយគ្នាពីបញ្ហាពាណិជ្ជកម្ម ហើយខ្ញុំបានបង្ហាញចំណាប់អារម្មណ៍
របស់សហរដ្ឋអាមេរិកក្នុងការជម្រុញឲ្យមានការវិនិយោគនៅប្រទេសកម្ពុជាដែល
នឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសយើងទាំងពីរ។"

គួរបញ្ជាក់ថា ការវិនិយោគរបស់អាមេរិកនៅប្រទេស កម្ពុជាកាលពីឆ្នាំ២០០៨គឺ
មានចំនួនជាង ៦៧១លាន៧ សែនដុល្លា។ ក៏ប៉ុន្តែ រហូតមកដល់ពាក់កណ្តាល
ឆ្នាំ ២០០៩ នេះ មិនមានការវិនិយោគក្នុងគម្រោងថ្មីរបស់សហរដ្ឋអាមេរិកនោះ
ទេ ដែលធ្វើឲ្យតួលេខវិនិយោគធ្លាក់ដល់ចំណុចសូន្យ។ នេះបើយោងតាមតួលេខ
ចុងក្រោយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កាលពីខែមិថុនា សហរដ្ឋអាមេរិកបានដកប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅពាណិជ្ជ
កម្ម ហើយមន្ត្រីអាមេរិករំពឹងថា ធនាគារនីហរណ៍ អាហរណ៍នឹងផ្តល់ប្រាក់កម្ចី
ដល់ក្រុមហ៊ុនអាមេរិកណាដែលចង់មកវិនិយោគនៅប្រទេសកម្ពុជា។

មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ លោកជីម វេប បានបំពេញទស្សន
កិច្ចនៅប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ ហើយលោកបានចាកចេញនៅប្រទេស
វៀតណាមកាលពីរសៀលថ្ងៃនេះ។

នៅប្រទេសកម្ពុជា លោក ជីមវេប បានជួបជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី
ក្រសួងពាណិជ្ជកម្ម។ នៅក្នុងជំនួបពិភាក្សានោះលោកបានសន្យាពិនិត្យមើល
លើនិតិវិធីលើកលែងពន្ធទៅលើការនាំចូលផលិតផលឧស្សាហកម្មកាត់ដេរ
របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។ ហើយលោកបានស្នើឲ្យកម្ពុជាយកចិត្ត
ទុកដាក់លើស្តង់ដាការងារ ធ្វើយ៉ាងណាឲ្យមានលក្ខណៈស្របតាមស្តង់ដា
អន្តរជាតិ។

ស្របពេលជាមួយគ្នានោះ លោកជីម វេបក៏បានជួបពិភាក្សាជាមួយមេដឹកនាំ
គណបក្សប្រឆាំងផងដែរ ដោយលោកពិភាក្សាពីបញ្ហាលទ្ធិប្រជាធិបតេយ្យ
សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិមនុស្ស។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោកព្រឹទ្ធសមាជិក ជីម វេបបានជួប
ជាមួយលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន។ នៅក្នុងជំនួបនោះ លោកជីម វេប
បានសន្យាជួយជម្រុញវិស័យសេដ្ឋកិច្ចរបស់កម្ពុជាឲ្យមានការរីកចម្រើន។

គួរកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក
និងកម្ពុជា កាន់តែខិតជិតចូលគ្នាខ្លាំងឡើង តាមរយៈដំណើរទស្សនកិច្ចរបស់
ថ្នាក់ដឹកនាំ និងជំនួយផ្សេងៗជាច្រើនរបស់អាមេរិក។

នៅក្នុងជំនួបជាមួយព្រឹទ្ធសមាជិកអាមេរិកលោក ជីម វេប លោក ហ៊ុន សែន
បានចាត់ទុកថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឈានដល់ចំណុចកំពូល
មួយ។ នេះបើយោងតាមអ្នកនាំពាក្យនៃជំនួបលោក អៀង សុផល្លែត៕ ចប់

XS
SM
MD
LG