\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​កម្ពុជា​ភ្ញាក់​ផ្អើល​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក

  • នៅ វណ្ណារិន

លោកស្រី ​កង សេងមករា វ័យ​៣៦ឆ្នាំ​ ​ដែល​គាំទ្រ​លោក​ Donald Trump​​​ សង្ឃឹម​ថា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ នឹង​ជួយ​ឲ្យ​មាន​ការ​នាំ​ចេញ​ផលិត​ផល​ខ្មែរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ដោយ​មិន​យក​ពន្ធគយ​ឲ្យ​បាន​កាន់​តែ​ច្រើន។

ការ​បោះឆ្នោត​លើក​ទី​៥៨​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ដោយ​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​និង​ប្រផឹតប្រផើយ។

ប្រជា​ពលរដ្ឋ​អាមេរិក​បាន​ជ្រើស​រើស​លោក​ ដូណាល់ ត្រាំ (Donald Trump) ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​ពួកគេ ជាជាង​លោក​ស្រី​Hilary Clinton ​បេក្ខជនមក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ទោះបីជា​អ្នកគាំទ្រ​លោក​ស្រី​ Clinton មួយ​ចំនួន​ធំ​ មាន​ការ​ខក​ចិត្ត​ក៏​ដោយ​ ក៏​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​មួយ​ចំនួន ​បាន​សាទរ​ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ ​Donald Trump​ ដោយ​ពួកគេ​សង្ឃឹម​ថា​ មហា​សេដ្ឋី​អចលន​ទ្រព្យ​រូប​នេះ​ នឹង​អាច​ជួយ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង។

លោកស្រី ​កង សេងមករា វ័យ​៣៦ឆ្នាំ​ ​ដែល​គាំទ្រ​លោក​ Donald Trump​ សង្ឃឹម​ថា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ នឹង​ជួយ​ឲ្យ​មាន​ការ​នាំ​ចេញ​ផលិត​ផល​ខ្មែរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ដោយ​មិន​យក​ពន្ធគយ​ឲ្យ​បាន​កាន់​តែ​ច្រើន។

«សម្រាប់​ខ្ញុំ​គាំទ្រ​លោក​ គឺ​ដោយ​សារ​តែ​លោក​ជា​មហាសេដ្ឋី។ អញ្ចឹង​ហើយ​ គាត់​ធ្វើ​សេដ្ឋកិច្ច​អញ្ចឹង​ យើង​ក៏​ចង់​ឲ្យ​គាត់​ជួយ​សេដ្ឋកិច្ច​ខ្មែរ​យើង​ មាន​ការ​ប្រសើរ​ឡើង​ផង​ដែរ»។

យ៉ាង​ណា​ក៏​ដោយ​ ពល​រដ្ឋ​មួយ​ចំនួន​ដូច​ជា​លោក​ស្រី កង សេងមករា​ ជាដើម ក៏​ចង់​ឲ្យ ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ​ មាន​លក្ខណៈ​សេរី​ យុត្តិធម៌​ និង​គ្មាន​ជម្លោះ​ផង​ដែរ។

«សម្រាប់​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ឲ្យ​មាន​ភាព​រលូន​ដូចគ្នា​ ដូច​កាល​ពី​មុន​ចឹង។ ចង់​និយាយ​ថា​ កាល​មុន​ដែល​មាន​ក្រុម​បាតុករ​មាន​អីចឹង​ខ្ញុំ​អត់​ចង់​បាន​ទេ។ ធម្មតា​ទេ​ មនុស្ស​ម្នាក់ៗ​ មាន​ការ​ស្រលាញ់​ខុស​គ្នា​ ក៏ប៉ុន្តែ​បើ​ការ​ស្រលាញ់​របស់​យើង​គួរ​ទុក​ក្នុង​ចិត្ត​របស់​យើង​ទៅ។ ​យើង​ត្រូវ​ចាំ​ថា​អត់​មាន​នរណា​ធំ​ជាង​ខ្លួន​យើង​ទេ។ យើង​ត្រូវ​ស្រលាញ់​ខ្លួន​យើង​ទាំង​អស់​គ្នា។ អញ្ចឹង​ចង់​ឲ្យការ​បោះ​ឆ្នោត​ហ្នឹង​កុំ​ឲ្យ​មាន​រឿង​អី​ ចង់​បាន​តែ​សុខ​ហ្អេ! »។

ស្រប​គ្នា​នោះដែរ​ ​លោក ទ្រី យ៉ន​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​VOA​ថា៖

«Donald Trump​ ​គេ​ថា​ជា​អ្នក​រក​ស៊ី​ អ្នក​ជំនួញ​ ​អញ្ចឹង​ទៅ​ទស្សនៈ​របស់គាត់​គឺ​វា​ហាក់​ដូច​ជា​ប្លែក។ និយាយ​ទៅ​វា​រាង​ភ្លាវ​ជាងគេ​បន្តិច​ ប្រៀបធៀប​ទៅ​អ្នក​នយោបាយ​មុនៗ​នៅ​អាមេរិក។ និយាយ​ទៅ​ Hillary Clinton​ ​គឺ​គាត់​ល្អ​ ​ទស្សនៈ​ល្អ។ ក៏​ប៉ុន្តែ​គាត់​មាន​បញ្ហា​សុខភាព​ខ្លះ។​ ​សូម្បី​នៅ​អាមេរិក​ ប្រហែល​ជា​គេ​នៅ​តែ​គិត​រឿង​ស្រី​ ឬ​ប្រុស​ ប្រសិន​បើ​គាត់​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​ស្រី​ ពិបាក​ប្រឈម​មុខ​មហា​អំណាច​ផ្សេងៗ​អ៊ីចឹង​ ​ដូច​ជា​រ៉ុស្ស៊ី​ ចិន​អ៊ីចឹង​ ​ការ​ជជែក​វា​លក្ខណៈ ​Personal (ផ្ទាល់​ខ្លួន)​ វា​ពិបាក​បន្តិច»។

ពល​រដ្ឋ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ នឹង​ប្រកប​ដោយ​ភាព​សេរី ​និង​ប្រជាធិបតេយ្យ​ដូច​សហរដ្ឋ​អាមេរិក​ផង​ដែរ។

«សម្រាប់​ខ្ញុំ ​ទោះ​បី​ជា​ ​Hillary Clinton ឬ​ ​Donald Trump​ មួយ​ណា​ឈ្នះ​ក៏​មិន​ស្រូវ​មាន​ឥទ្ធិពល​អី​ដល់​ប្រទេស​កម្ពុជា​នោះ​ដែរ​ ​ព្រោះ​អី​យើង​ឃើញ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ​បើ​ទាក់​ទិន​នឹង​ផល​ប្រយោជន៍​ គឺ​វា​មិន​សូវ​ជា​ធំ​ដំ​អី​ទេ។ ​ខ្ញុំ​យល់​ថា​ ​អ្វី​ដែល​សំខាន់​នោះ​ ​នៅ​ស្រុក​ខ្មែរ​យើង​គឺ​ត្រូវ​ការ​ដោះ​ស្រាយ​បញ្ហា​ផ្ទៃក្នុង​វិញ​វា​ល្អ​ជាង»។​

ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពុធ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ត្រូវនឹង​រសៀល​ថ្ងៃ​ពុធ​ នៅ​ក្រុង​ភ្នំពេញ​បង្ហាញ​ថា លោក​ Donald Trumpបាន​សំឡេង​ប្រតិភូ​ចំនួន​២៨៨ ខណៈដែល​ ​លោក​ស្រី​ ​Hillary Clinton​ ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ត្រឹម​២១៥។ បេក្ខជន​ត្រូវការ​សំឡេង​ប្រតិភូ​២៧០​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក។

កញ្ញា​ វ៉ាត សៀងលី ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត​ ​បាន​បញ្ជាក់​ពី​ភាព​សោក​ស្ដាយ​ដែល​លោក​ស្រី​ ​Clinton​ ​មិន​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​សម្រាប់​ប្រទេស​អាមេរិក។

«ចំពោះ​ខ្ញុំ​ មាន​ការ​សោក​ស្ដាយ​បន្តិចបន្តួច​ដែរ​ ដោយសារ​តែ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ប្រហែល​ជា​ពិភព​លោក​នឹង​មាន​ភាព​ប្រែ​ប្រួល​ ដោយ​មាន​អ្នក​ដឹក​នាំ​ជា​ស្ត្រីមួយ​ក្នុង​ប្រទេស​មហា​អំណាច​ដ៏​ធំ។ ប៉ុន្តែ ​ខ្ញុំ​នៅ​តែ​ជឿជាក់​យ៉ាង​មុតមាំ​ថា អ្នក​ដឹកនាំ​រូប​ណា​ក៏​ដោយ​ដែល​ជាប់​ឆ្នោត ​គោលនយោបាយ​ការ​បរទេស​របស់​ប្រទេស​អាមេរិក​និង​ប្រទេស​ដ៏​ទៃ​ទៀត ជាពិសេស​ប្រទេស​កម្ពុជា​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​ហើយ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន»។

​កញ្ញា​វ័យ​២៤ឆ្នាំ​រូប​នេះ​សង្ឃឹម​ថា មុន​ការ​បោះឆ្នោត​ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា​គណបក្ស​នយោបាយ​កម្ពុជា​នឹង​បើក​ឲ្យ​មាន​ការ​ជជែក​វែកញែក​គោល​នយោបាយ​របស់​ខ្លួន​ជា​សាធារណៈ​ ដូច​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

​«ខ្ញុំ​គិត​ថា​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​ គឺ​ចង់​ឃើញ​អ្នក​ដឹក​នាំ​ក្នុង​ប្រទេស​ ​កម្ពុជា​យើង​មាន​ការ​ប្រកួត​ប្រជែង វេទិកា​ ​តស៊ូ​មតិ​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ ដឹង​អំពី​គោល​ការណ៍​នយោបាយ​អ្នក​ដឹកនាំ​ ឬក៏​តាម​គណបក្ស​ផ្សេងៗ​គ្នា»។

ស្រប​ពេល​ដែល​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ ​និង​លោក​ ​Donald Trumpខ្លួន​ឯង​មាន​ការ​រីក​រាយ​ក្នុង​ជ័យជម្នះ​កាល​ពី​ថ្ងៃ​ពុធ​ ថ្នាក់​ដឹកនាំ ​និង​អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏​បាន​ថ្លែង​សារ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​ និង​ការ​ផ្លាស់​ប្ដូរ​ថ្មី​នេះ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG