ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ចោទ​សហភាព​អឺរ៉ុប​ថា​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង ករណី​រិះគន់​ការ​បន្ត​​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស


លោក ណៃ វ៉ង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក កំពុង​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​បន្ទប់​រង់ចាំ ក្រោយពី​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ណៃ វ៉ង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក កំពុង​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​បន្ទប់​រង់ចាំ ក្រោយពី​ចេញ​ពី​ការស្តាប់​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ក្រោយ​ពី​មាន​ការ​រិះគន់និង​អំពាវនាវ​ពី​អង្គការ​សហប្រជាជាតិឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​៤រូប និង​មន្ត្រី គ.ជ.ប មួយ​រូប សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ក្ដី​កង្វល់​របស់​ខ្លួន ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​៥។ រដ្ឋាភិបាល​បាន​ប្រតិកម្ម​តប ដោយ​ចាត់​ទុក​ថា​ សេចក្ដី​ថ្លែង​ការណ៍​នោះ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

ក្រសួង​ការបរទេស​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ រិះគន់​សហភាព​អឺរ៉ុប​ថា ​បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងរបស់​កម្ពុជា ករណី​ដែល​សហភាព​អឺរ៉ុប​រិះគន់​ការ​បន្ត​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​៤​រូប​របស់​អង្គការ​អាដហុក និង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ១រូប។

កាលពីថ្ងៃ​ព្រហស្បតិ៍ សហភាព​អឺរ៉ុប​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ពាក់ព័ន្ធនឹង​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​កាល​ពី​ចុង​ខែ​មេសា ក្នុង​ការ​បន្ត​ឃុំខ្លួន​មន្ដ្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​អាដហុក​ចំនួន​៤រូប និង​មន្ត្រី គ​.ជ.ប ១​រូប នៅ​ក្នុង​ពន្ធនាគារ​៦ខែ​បន្ថែម​ទៀត បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ឃុំ​អស់​រយៈពេល​១ឆ្នាំ​មកហើយ។

អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម។
អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ សហភាព​អឺរ៉ុប​បាន​ដកស្រង់​ពី​ការ​លើកឡើង​របស់​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ដែល​បាន​ចាត់ទុក​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​ថា «​ជា​ការ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់»។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ដែល​សិទ្ធិរបស់​បុគ្គល​ទាំង​៥រូប​នេះ ត្រូវ​បាន​គោរព​ដោយ​ពេញលេញ ហើយ​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​ណាមួយ​របស់​ពួកគេ​នៅ​ក្រោម​ច្បាប់​កម្ពុជា និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​កម្ពុជា​ជា​ហត្ថលេខី ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ​ដោយ​សមស្រប»។​

​ភ្លាមៗ​នោះ ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយតប​មួយ​ដោយ​លើកឡើង​ថា ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​បន្ត​ឃុំខ្លួន​អ្នក​ទាំង​៥ ​រយៈពេល​៦ខែ​បន្ថែម​ទៀត​នោះ គឺ​ស្រប​តាម​ច្បាប់​ជាតិ ដែល​អនុញ្ញាត​ឱ្យ​ចៅក្រម​ស៊ើបអង្កេត​អាច​សម្រេច​ពន្យារ​ការ​ឃុំឃាំង​មុន​សវនាការ​ចំនួន​២ដង ដោយក្នុង​រយៈពេល​៦ខែ​ម្តង។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នោះបន្ត​ទៀតថា ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​ គឺ​ជា​ការ​រំលោភ​បំពាន​លើ​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្តីពី​ទំនាក់ទំនង​ការទូត​ដែល​មាន​ខ្លឹមសារ​ថា រាល់​បេសកកម្ម​កាទូត​ទំាងអស់​មាន​កាតព្វកិច្ច​គោរព​ច្បាប់​ និង​បទ​បញ្ជា​នានា​របស់រដ្ឋ​ដែល​ខ្លួន​តំាង​នៅ ហើយ​ពួកគេ​មាន​មាន​កាតព្វកិច្ច​មិន​លូកដៃ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋនោះ​ឡើយ។

បើ​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ខួប​២០​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា វាជា​រឿង​ល្អ និង​ជា​រឿង​ធម្មតា​មួយ​ក្នុង​ការ​ពិភាក្សា​ទៅ​បញ្ហា​សិទ្ធិមនុស្ស​នេះ ដោយសារ​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​ បាន​ក្លាយ​ទៅ​ជា​កង្វល់​រួម​មួយ​របស់​ពិភពលោក។

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក Edgar បន្ត​ទៀត​ថា មាន​កិច្ចព្រមព្រៀង​ និង​អនុសញ្ញា​មួយ​ចំនួន​ដែលកម្ពុជា​ជា​ហត្ថលេខី​ អនុញ្ញាត​ឱ្យ​មាន​ការ​ពិភាក្សា​លើ​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ជា​សមាជិក។ លោក​បាន​លើក​ជា​ឧទាហរណ៍​ ដូចជាកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ដើម្បី​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​សកល​របស់​អង្គការ​សហប្រជាជាតិ (Universal Periodic Review)។

«នេះ​គឺជា​ប្រព័ន្ធ​មួយ​ដែល​រៀងរាល់​២​ឬ​៣​ឆ្នាំ ប្រទេស​នីមួយៗ​បង្ហាញពី​កំណត់​ត្រា​សិទ្ធិមនុស្ស​របស់​ខ្លួន ដើម្បី​ទទួល​មតិយោបល់​ពី​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទៀត និង​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍​ផ្សេងៗ»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ជុំ សន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ​នៅ​ល្ងាច​ថ្ងៃសុក្រ​នេះ។

កាល​ពី​ចុង​ខែមេសា ក្រោយ​ពី​ចៅ​ក្រម​ស៊ើបសួរ​នៃ​តុលាការ​កម្ពុជា​ បាន​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្សទាំង​៥ រយៈពេល​៦​ខែ​ទៀត ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកផ្នែក​សិទ្ធិមនុស្ស ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ផង​ដែរ ដោយ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ ដែល​កំពុង​ជាប់​ឃុំ ​«ជាបន្ទាន់»។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត​មាន​ប្រសាសន៍​ថា បញ្ហា​សិទ្ធិមនុស្ស​មិនមែន​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ​នោះ​ទេ ដោយសារ​តែ​សន្ធិសញ្ញា​និង​កត្តិកា​ផ្សេងៗ​ស្ដីពី​សិទ្ធិមនុស្ស​ តែង​និយាយ​អំពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​នីមួយៗ​ក្នុងការ​គោរព​និង​ការពារ​សិទ្ធិ​មនុស្ស​ជូន​ពលរដ្ឋ​ខ្លួន។

លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ពលរដ្ឋ​នៅ​ក្នុង​ពិភពលោក ករណី​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ណាមួយ។

«បើ​សិនជា​ប្រទេស​ហ្នឹង​បរាជ័យ​ខ្លាំង​មែនទែន (ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​) ចឹង​ពិភព​លោក​គេ​អាច​លូក​ដៃ​ចូលបាន។ ក្នុង​នោះ​គេ​មាន​គោលការណ៍​មួយ​ទៀត​គេ​ហៅថា Responsibility to protect គេ​ហៅ​ថា កាតព្វកិច្ច​របស់​ពិភព​លោកក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ។ បាន​ន័យ​ថា បើ​សិនជា​ប្រទេស​ហ្នឹង​បរាជ័យ​ខ្លាំង មិនមែន​ប្រទេស​ទេ បានន័យ​ថា​ បើ​រដ្ឋាភិបាលយ​បរាជ័យ​ខ្លាំង គឺ​កាតព្វកិច្ច​របស់​ពិភព​លោក​ក្នុង​ការ​ការពារ»។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤​រូប រួមមាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី ​និងអគ្គ​លេខាធិការ​រង​ លោក នី ចរិយា ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម​អាដហុក ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦។​

អ្នកទាំង​៥​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា។ សំណុំ​រឿង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ចរិត​នយោបាយ​ និង​គួរ​ឱ្យ​សង្ស័យ។

អ្នកវិភាគ​នយោបាយ សហគមន៍អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ការ​ប្រើប្រាស់​នីតិវិធី​ព្រហ្មទណ្ឌ​ទៅលើ​អ្នក​ទាំង​៥​ថា​ គ្រាន់តែជា​លេស ដើម្បី​គាបសង្កត់ និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ ក្នុង​ការ​សម្ដែង​មតិ​និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ តែង​ច្រាន​ចោល​ការ​លើកឡើង​ទាំង​នេះ ដោយ​អះអាង​ថា វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ៕

XS
SM
MD
LG