\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​ទទូច​ចង់​បាន​តំណាង​ខ្មែរ​នៅ​ក្នុង​ក្រុមប្រឹក្សា​ក្រុង

សាលាក្រុង​ឡូវែល​មាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​៩នាក់ រួម​ទាំង​ចៅហ្វាយ​ក្រុង។ អ្នក​ទាំង​នេះ​ចាត់ចែង​គម្រោង​អភវិឌ្ឍ​ក្នុង​ទីក្រុង​ឡូវែល ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រមាណ​ជាង​៣០.០០០នាក់។ (VOA Khmer)

នាពេល​បច្ចុប្បន្ន​នេះ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក​គឺជា​ទីក្រុង​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​បំផុត​ទី២ ដែល​មាន​ចំនួន​ប្រមាណ​៣០.០០០​នាក់។ កាលពី​មុន ទីក្រុង​ឡូវែល​នេះ ធ្លាប់​មាន​តំណាង​ជា​ខ្មែរ​ពីរ​នាក់​ដែល​ធ្លាប់​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល​សព្វថ្ងៃ​នេះ​មិនមាន​តំណាង​ជា​ខ្មែរ​ដែល​ជាប់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ដែល​មាន​តួនាទី​អភិវឌ្ឍ​ក្រុង​នេះ​ទេ។ សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ខាង​មុខ​នេះ ពួកគេ​ទទូច​ចង់​បាន​តំណាង​ជា​ខ្មែរ។ ក៏ប៉ុន្តែ អ្នក​វិភាគ​សហគមន៍​មួយ​ចំនួន​ យល់​ថា ដើម្បី​ឲ្យ​មាន​តំណាង​ជា​ខ្មែរ លុះត្រា​តែ​ខ្មែរ​នៅ​ទីក្រុង​នេះ​មាន​សាមគ្គីភាព និង​សកម្ម​ក្នុង​ការ​បោះឆ្នោត។

ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​អាមេរិក​ត្រូវបាន​ដាក់​តាំង​អម​គ្នា​នៅ​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​ឡូវែល​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ប្រមាណ​៣០.០០០នាក់។ (VOA Khmer)

ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​អាមេរិក​ត្រូវបាន​ដាក់​តាំង​អម​គ្នា​នៅ​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​ឡូវែល​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ប្រមាណ​៣០.០០០នាក់។ (VOA Khmer)

នាពេល​បច្ចុប្បន្ន​នេះ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក​គឺជា​ទីក្រុង​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​បំផុត​ទី២ ដែល​មាន​ចំនួន​ប្រមាណ​៣០.០០០​នាក់។ កាលពី​មុន ទីក្រុង​ឡូវែល​នេះ ធ្លាប់​មាន​តំណាង​ជា​ខ្មែរ​ពីរ​នាក់​ដែល​ធ្លាប់​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល។

​ក៏ប៉ុន្តែ​កាលពី​ឆ្នាំ២០១៥ មាន​បេក្ខជន​ខ្មែរ​ចំនួន​៤នាក់​ដែល​បាន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង តែ​មិន​មាន​បេក្ខជន​ណា​ម្នាក់​ជាប់​ដើម្បី​ធ្វើជា​តំណាង​ឲ្យ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​នេះ​ទេ។ ត្រង់​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ទទូច​ចង់​បាន​តំណាង​ជា​ខ្មែរ​នៅ​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​នេះ។

លោកស្រី វ៉ាត សាវឿន អាយុ​៨២ឆ្នាំ ដែល​បាន​រស់នៅ​ទីក្រុង​ឡូវែល​នេះ​ជាង​សាមសិប​ឆ្នាំ​មក​នេះ ចង់​បាន​តំណាង​ជា​ខ្មែរ ដោយ​លោក​ស្រី​បាន​ខំ​ស្ទុះស្ទារ​នាំ​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ទៅ​បោះឆ្នោត បើ​ទោះ​បី​ជា​មិន​បាន​ជោគជ័យ​ក៏ដោយ។

លោកស្រី វ៉ាត សាវឿន អាយុ​៨២ឆ្នាំ គឺជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោកស្រី វ៉ាត សាវឿន អាយុ​៨២ឆ្នាំ គឺជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

«‍អារម្មណ៍​ខ្ញុំចង់​បាន ចង់បាន​អ្នក​តំណាង​ខ្មែរ​យើង​ដែរ។ ប៉ុន្តែ គាត់​ឈរ​ឈ្មោះ​ដែរ​តែ​មិន​ជាប់ ហើយ​មិន​ដឹង​ធ្វើ​ម៉េច។ ខ្ញុំ​ខំ​នាំ​គេ​ទៅ​បោះ​ច្រើន​ដែរ»។

លោក ឃុន ហុង អាយុ៥៥ឆ្នាំ ថ្លែង​ថា លោក​ក៏​ចង់​បាន​តំណាង​ជា​ខ្មែរ​ដែរ ក៏​ប៉ុន្តែ លោក​បាន​ខកចិត្ត​ចំពោះ​អ្នក​ដឹកនាំ​មួយ​ចំនួន​ដែល​បាន​ជាប់​ឆ្នោត​ហើយ តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សហគមន៍​ខ្មែរ ដូច​ដែល​បាន​សន្យា​មុន​ជាប់​តំណែង។

«‍គាត់​ជាប់​ទៅ​ហើយ គាត់​ដូចជា​ព្រងើយ​នឹង​ប្រជាជន។ អ្វីដែល​គាត់​[សន្យា]​ថា​ធ្វើ គាត់​ធ្វើ​មែន ដូច​ផ្លូវថ្នល់ ដូច​អ្វីៗ​ផ្សេងៗ​ជាដើម។ តែក្រោយ​ពី​ជាប់​មក​ហ្នឹង អត់​ទន់​ភ្លន់​ដូច​ពេល​មិន​ទាន់​ជាប់​ទេ។ អាហ្នឹង​បញ្ហា​ច្រើន​មក​ហើយ»។

លោក ឱក តុលាយុត្តិ គឺជា​សកម្មជន​នយោបាយ​ម្នាក់ និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក ឱក តុលាយុត្តិ គឺជា​សកម្មជន​នយោបាយ​ម្នាក់ និង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក ឱក តុលាយុត្តិ ដែល​ជា​សកម្មជន​នយោបាយ​ម្នាក់​នៅ​ទីក្រុង​ឡូវែល​នេះ ក៏​មាន​ការ​សោកស្តាយ​ ពីព្រោះ​វា​ជា​ការ​ខាត​ប្រយោជន៍​របស់​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​នេះ ដែល​មិនមាន​តំណាង​របស់​ខ្លួន។

«‍យើង​ត្រូវតែ​មាន​តំណាង​មួយ ដែល​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅទី​នេះ។ មិនមែន​មាន​ន័យ​ថា យើង​មិន​មាន​តំណាង មិនមាន​អ្នកណា​ការពារ​ផលប្រយោជន៍​យើង​ទេ។ គេ​ការពារ តែ​យ៉ាងណា គាត់​មិន​អាច​យល់​ច្បាស់​ពី​បញ្ហា​ក្នុង​សង្គម​ខ្មែរ​យើង។ គាត់​មិន​អាច​យល់​ច្បាស់​ពី​កង្វល់​របស់​យើង»។

លោកស្រី លី ផល្លីន ដែល​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល ​បាន​ប្រាប់ VOA ថា លោកស្រី​សោកស្តាយ​ដែល​សហគមន៍​ខ្មែរ​នៅទីនេះ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន តែ​មិន​មាន​តំណាង​ជា​ខ្មែរ។

អ្នកស្រី លី ផល្លីន គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

អ្នកស្រី លី ផល្លីន គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

«‍ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ដែល​មិនមាន​តំណាង​ខ្លួន ខ្ញុំ​អន់ចិត្ត​មែន​ទែន ដោយសារ​ទី១ បងប្អូន​ខ្មែរ​យើង​មាន​ជិត​៤ម៉ឺន​នាក់​នៅ​ក្នុង​សហគមន៍ ហើយ​បើសិន​ជា​គាត់​ចេញ​ទៅ​បោះ ក៏​ជាប់​ដែរ។ តែ​ភាគ​តិច​ណាស់​ដែល​គាត់​ចេញ​ទៅ​បោះ។ ដល់​អញ្ចឹង​ខ្ញុំ​សោកស្តាយ»។

យ៉ាង​ណា​មិញ អ្នក​វិភាគ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​មួយ​ចំនួន បាន​ផ្តល់​មូលហេតុ​ផ្សេងៗ​គ្នា ជុំវិញ​បញ្ហា​គ្មាន​តំណាង​ជា​ខ្មែរ​នៅ​ក្នុង​ក្រុម​ប្រឹក្សាក្រុង​ឡូវែល​នេះ។

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​កាលពី​ឆ្នាំ​២០១១។ លោក​បាន​បកស្រាយ​ថា ការ​មាន​តំណាង​ជា​ខ្មែរ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​មាន​សារៈសំខាន់​ណាស់​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​នេះ ជាពិសេស ទាក់ទង​នឹង​ការ​ចាត់ចែង​ថវិកា​អភិវឌ្ឍ​ក្រុង ការ​ទទួល​បាន​ឱកាស​ការងារ និង​ការ​អប់រំ​ជាដើម។ ក៏​ប៉ុន្តែ លោក​ថា មាន​ពលរដ្ឋ​ខ្មែរ​តិចតួច​ទៅ​បោះឆ្នោត។

«‍ពាក់ព័ន្ធ​រឿង​ថា បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ចេញ​ទៅ​បោះឆ្នោត​មិន​បាន​ច្រើន។ យើង​មាន​ប្រជាពលរដ្ឋ​បីម៉ឺន​នាក់​ផ្លាយ អ្នក​ដែល​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ហ្នឹង គឺ​៧ពាន់ ទៅ​៨ពាន់​នាក់ ហើយ​អ្នក​ដែល​បាន​ទៅ​បោះ​ហ្នឹង​មិន​បាន​២ពាន់​នាក់​ទេ។ ម្ល៉ោះ​ហើយ យើង​ត្រូវការ​ចំនួន​ដែល​យក​ឈ្នះ​ច្រើន»។

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃមជ្ឈមណ្ឌល​សុខភាព Lowell Community Health Center នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ (VOA Khmer)

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃមជ្ឈមណ្ឌល​សុខភាព Lowell Community Health Center នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។ (VOA Khmer)

លោក លាង ស៊ីដនី ដែល​ជា​ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌល​សុខភាព​ Lowell Community Health Center យល់​ថា ភាគច្រើន​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​នេះ​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា ជាជាង​ស្ថានភាព​សង្គម​នៅ​ទីក្រុង​ឡូវែល​នេះ។ អាស្រ័យ​ហេតុនេះ គោល​បំណង​មួយ​នៃ​គម្រោង​ស្តី​អំពី​សិទ្ធិ​បោះឆ្នោត​ដែល​លោក​កំពុង​ដឹកនាំ គឺ​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​នៅ​ទីក្រុង​ឡូវែល​នេះ។

‍«ការ​យោគយល់ ការ​ចង់ដឹង ចង់​ឮ​អំពី​សភាពការណ៍​ ឬមួយ​រឿងរ៉ាវ​កើត​ឡើង​នៅ​ក្នុង​សង្គម [ពលរដ្ឋ​]ក្នុង​ក្រុង​ឡូវែល​នេះ មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ដែរ។ យើង​ឃើញ​ថា បងប្អូន​យើង​ផ្តោត​អារម្មណ៍​រឿងរ៉ាវ​នៅ​ស្រុក​ខ្មែរ​ច្រើន ហើយ​យក​រឿងរ៉ាវ​នោះ​មក​ដាក់​ក្នុង​សង្គម​យើង។ ដូច្នេះ យើង​ចង់​បង្វែរ​ពួកគាត់​ផង​ដែរ​ថា ពីព្រោះ​ថា ឆ្នាំង​បាយ​របស់​ពួក​គាត់​នៅ​ទីនេះ‍»។

លោក ប៉ែន សុខផល គឺជា​សកម្មជន​នេយោបាយ​ម្នាក់​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

លោក ប៉ែន សុខផល គឺជា​សកម្មជន​នេយោបាយ​ម្នាក់​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

លោក ប៉ែន សុផល ដែល​ជា​សកម្មជន​នយោបាយ​ម្នាក់​នៅ​ទីក្រុង​ឡូវែល យល់​ថា មិនមាន​តំណាង​ជា​ខ្មែរ​នៅ​ក្នុង​ក្រុមប្រឹក្សា​ក្រុង គឺ​ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ខ្វះ​សាមគ្គីភាព ដែល​ជា​សម្លេង​តែមួយ។

«‍មិន​បាន​ជាប់ [elect] ជា​សមាជិក​ក្រុម​ប្រឹក្សា ដោយសារ​តែ​ការ​រៀបចំ​ក្នុង​សហគមន៍​របស់​យើង មិន​ទាន់​បាន​មូល​មតិគ្នា​ជា​ថ្លុង​មួយ។ ត្រង់​ន័យ​នេះ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ត្រូវតែ​មាន​តំណាង​សមាគម តំណាង​ខ្មែរ​នៅ​ក្នុង​សហគមន៍ ពីព្រោះ​វា​សំខាន់។ វា​ជា​តំណាង​សាសន៍​យើង តំណាង​ជាតិ​យើង ហើយ​ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​បម្រើ​សហគមន៍​ខ្មែរ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ ឥឡូវ​នេះ​មិន​ទាន់​មាន​បេក្ខជន​ណា​មួយ​ elect [ជាប់]»។

លោក ប៉ាន សូ ជា​ចាស់​ព្រឹទ្ធចារ្យ​ម្នាក់ និង​ជា​អតីត​បេក្ខជន​ក្រុមប្រឹក្សា​ក្រុង​ឆ្នាំ២០១៥​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក ប៉ាន សូ ជា​ចាស់​ព្រឹទ្ធចារ្យ​ម្នាក់ និង​ជា​អតីត​បេក្ខជន​ក្រុមប្រឹក្សា​ក្រុង​ឆ្នាំ២០១៥​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក ប៉ាន សូ គឺ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។ ក៏​ប៉ុន្តែ លោក​មិន​បាន​ទទួល​ជ័យ​ជំនះ​ទេ ដោយសារ​លោក​ពុំ​សូវ​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍។ ទោះជា​យ៉ាងណា​ក្តី លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​ឡូវែល​នេះ​កាន់តែ​ច្រើន​ទៅ​បោះឆ្នោត ហើយ​ចាប់ផ្តើម​ទាក់ទង​គ្នា និង​ពិភាក្សា​គ្នា​អំពី​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន។

«‍យើង​ត្រូវ​នាំ​គ្នា​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ក៏ប៉ុន្តែ​មុន​នឹង​នាំ​គ្នា​ទៅ[បោះឆ្នោត] យើង​ត្រូវ​ជួបជុំ​គ្នា នាំ​គ្នា​ជជែក​គ្នា ហើយ​ប្រព័ន្ធ​ទាក់ទង​ឲ្យ​ជាប់ ពីព្រោះ​យើង​ត្រូវ​បោះឆ្នោត​រាល់​ឆ្នាំ។ ហើយ​យើង​នឹង​ជជែក​គ្នា ឲ្យ​ស្គាល់​ចិត្ត​គំនិត​គ្នា​ទៅវិញ​ទៅ​មក ទាំង​អ្នក​តំណាង និង​ទាំង​ប្រជាពលរដ្ឋ។ ប្រព័ន្ធទាក់ទង​គឺ​សំខាន់​បំផុត ហើយ​សូម​បងប្អូន​គិតគូរ។ ហើយ​យើង​កុំ​ប្រកាន់ ពេលណា​យើង​ជជែក​ពី​រឿង​សហគមន៍ យើង​កុំ​ប្រកាន់​ថា យើង​មាន​ទស្សនៈ ខាង​ជំនឿ​ក៏​ដោយ ខាង​នយោបាយ​ក៏ យើង​ទុក​មួយ​កន្លែង​សិន»។

ខូ តារាឫទ្ធិ ជា​សាស្ត្រាចារ្យ​ខាង​វប្បធម៌ នៅ​មហាវិទ្យាល័យ Middlesex Community College។ (VOA Khmer)

ខូ តារាឫទ្ធិ ជា​សាស្ត្រាចារ្យ​ខាង​វប្បធម៌ នៅ​មហាវិទ្យាល័យ Middlesex Community College។ (VOA Khmer)

រីឯ​លោក ខូ តារារិទ្ធ ដែល​ជា​សាស្ត្រាចារ្យ​ខាង​វប្បធម៌​នៃ​មហាវិទ្យាល័យ Middlesex Community College នៅ​ទីក្រុង​ឡូវែល ក៏​ទទួល​ស្គាល់​ថា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ពិភាក្សា​គ្នា​ឲ្យ​បាន​ជិតស្និទ​ជាង​មុន​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​មាន​សារៈសំខាន់ ក្នុង​ការ​ពង្រឹង និង​ពង្រីក​សម្លេង​ពលរដ្ឋ​ខ្មែរ​នៅទីក្រុង​ឡូវែល​នេះ។

«‍យើង​ត្រូវ​រួបរួម​គ្នា ហើយ​និយាយ​គ្នា។ អ្នក​ដឹកនាំ​ក្នុង​សហគមន៍ យើង​រើស​មក សហគមន៍​ខាង​វត្ត សហគមន៍​ខាង​នយោបាយ សហគមន៍​ខាង​សេដ្ឋកិច្ច សហគមន៍​ខាង​សង្គម​កិច្ច។ យើង​កុំ​បែងចែក​គ្នា។ មនុស្ស​ទាំង​អស់​គ្នា អ្នក​ណា​ជា​ប្រធាន​សហគមន៍? ជា​ប្រធាន​សមាគម​មួយ​ យើង​ទាំង​អស់​គ្នា មក​អង្គុយ​ជាមួយ​គ្នា។ យើង​ត្រូវ​រៀបចំ​ក្រុម​របស់​យើង​ឲ្យ​រីកចំរើន។ យើង​ត្រូវ​និយាយ។ យើង​រើស​នរណា​ម្នាក់​មក យើង​លើក​ស្ទួយ​អ្នក​ហ្នឹង បាន​យើង​អាច​រក​បាន»។

ទោះ​ជា​យ៉ាង​ណា​ក្តី ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​អណត្តិ​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ហើយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​សង្ឃឹម​ថា បេក្ខជន​ខ្មែរ​ម្នាក់​នឹង​ជាប់​ជា​ក្រុម​ប្រឹក្សា​ក្រុង​នេះ៕

XS
SM
MD
LG