ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ទីក្រុង​ឡូវែលមិន​សូវ​សកម្ម​ក្នុង​ការ​បោះឆ្នោត​នៅ​មូលដ្ឋាន


បុរស​ម្នាក់​ចុះ​ហត្ថលេខា​លើ​សំណុំ​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
បុរស​ម្នាក់​ចុះ​ហត្ថលេខា​លើ​សំណុំ​ឯកសារ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

តាម​ការ​លើក​ឡើង​របស់​អ្នក​ដឹកនាំ​សហគមន៍ និង​អ្នក​ធ្វើការ​បម្រើ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​នេះ​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​មិន​សូវ​សកម្ម​ក្នុង​ការ​បោះឆ្នោត​នេះ គឺ​ដោយសារ​តែ​ការ​ខ្វះ​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត ការ​មិន​ជឿ​ទុក​ចិត្ត​របស់​ពួកគេ​ទៅ​លើ​បេក្ខជន​ឈរ​ឈ្មោះ និង​បញ្ហា​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡូវែល​នេះ។

ទោះបី​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ក្តី អ្នក​ដឹកនាំ​សហគមន៍ និង​សកម្មជន​ខាង​សង្គម​ លើកឡើង​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ចេញ​ទៅ​បោះឆ្នោតនៅ​តិចនៅ​ឡើយ ដោយសារ​តែ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​នៅ​មាន​កម្រិត ​និង​ការ​មិន​ជឿ​ទុក​ចិត្ត​លើ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជាដើម។

ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត និង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​សហរដ្ឋ​អាមេរិក កាន់តែ​ខិត​ជិត​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ អ្នក​ដឹកនាំ​សហគមន៍​ក្នុង​ទី​ក្រុង​ឡូវែល​ អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមរិកាំង​ក្នុង​ក្រុង​នេះ ​មិន​សូវ​សកម្ម​ក្នុង​ការ​បោះឆ្នោត​នៅ​ឡើយ។

លោក ពៅ សុវណ្ណា ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
លោក ពៅ សុវណ្ណា ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

លោក ពៅ សុវណ្ណា ប្រធាន​សមាគម​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ឡូវែល បាន​ប្រាប់ VOA ​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ មិន​សូវ​សកម្ម​ក្នុង​ការ​បោះឆ្នោត​ប៉ុន្មាន​ទេ ជាពិសេស​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ម៉ាសាឈូសេត​នេះ។

«តាម​បទពិសោធន៍​ការងារ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា បងប្អូន​ក្នុង​សហគមន៍​យើង​ទៅ​បោះឆ្នោត​មិន​ច្រើន​ទេ។ ហើយ​ភាគច្រើន ​ពួក​គាត់​ទៅ​បោះឆ្នោត​ នៅ​ពេល​ដែល​គាត់​ស្គាល់​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ ដែល​មក​ពី​សហគមន៍​ដែល​ពួកគាត់​រស់នៅ​តែ​ប៉ុណ្ណោះ»។

ទីក្រុង​ឡូវែល​ ​មាន​ពលរដ្ឋ​អាមេរិកាំង ដើម​កំណើត​ខ្មែរ ​ជាង​៣០.០០០នាក់​ រស់នៅ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​៦​លាន​នាក់​ ក្នុង​រដ្ឋ​ម៉ាសាឈូសេត ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​នេះ។

លោក មុំ រ៉ាឌី គឺជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​ទី​១៨ Middlesex នៃ​រដ្ឋ​ម៉ាសាឈូសេត ហើយ​លោក​គឺ​ជា​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដំបូង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ។

មុំ រ៉ាឌី គឺជា​តំណារាស្ត្រ​ប្រចាំ​សង្កាត់​ទី​១៨ Middlesexនៅ​រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
មុំ រ៉ាឌី គឺជា​តំណារាស្ត្រ​ប្រចាំ​សង្កាត់​ទី​១៨ Middlesexនៅ​រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

លោក រ៉ាឌី ​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​យល់ដឹង​គួរ​សម​អំពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី តែ​មិន​សូវ​ដឹង​ពី​សារៈសំខាន់​នៃ​សំឡេង​ឆ្នោត​របស់​ពួក​គេ ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ប៉ុន្មាន​ទេ។

«ខ្ញុំ​ជឿ​ថា បងប្អូន​យើង​ខ្វះខាត​ច្រើន ហើយ​បងប្អូន​ខ្លះ​ទៀត​ថា មិន​បាច់​ទៅ​បោះ​ទេ ពីព្រោះ​មិន​បាន​ប្រយោជន៍​អី​ទេ។ មិន​មែន​ទេ គឺ​ប្រយោជន៍​ធំ​ណាស់ ធំ​ទូលាយ​មែន​ទេ។ ពីព្រោះ​សំឡេង​របស់​យើង បងប្អូន​មក​ប្រាប់​ខ្ញុំ ខ្ញុំ​យក​ទៅ​អនុវត្ត​ធ្វើ មិនមែន​បោះចោល​ទេ»។

តាម​ការ​លើក​ឡើង​របស់​អ្នក​ដឹកនាំ​សហគមន៍ និង​អ្នក​ធ្វើការ​បម្រើ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​នេះ​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​មិន​សូវ​សកម្ម​ក្នុង​ការ​បោះឆ្នោត​នេះ គឺ​ដោយសារ​តែ​ការ​ខ្វះ​ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត ការ​មិន​ជឿ​ទុក​ចិត្ត​របស់​ពួកគេ​ទៅ​លើ​បេក្ខជន​ឈរ​ឈ្មោះ និង​បញ្ហា​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ឡូវែល​នេះ។

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃមជ្ឈមណ្ឌលសុខភាពសហគមន៍ Lowell Community Health Center រដ្ឋ​ម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃមជ្ឈមណ្ឌលសុខភាពសហគមន៍ Lowell Community Health Center រដ្ឋ​ម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)

លោក លាង ស៊ីដនី ប្រធាន​គម្រោង​សិទ្ធិ​ពលរដ្ឋ​នៅ​មជ្ឈមណ្ឌល​សុខភាពសហគមន៍ Lowell Community Health Center ​បាន​ពន្យល់​ថា ​ការ​យល់​ដឹងរបស់​ពលរដ្ឋខ្មែរ​អាមេរិកាំង​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត និង​ប្រព័ន្ធ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិកនៅ​មាន​កម្រិត ដោយសារ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​នេះ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។

«បើ​និយាយ​ទៅ ពលរដ្ឋ​ខ្មែរ​យើង​នៅ​ទីក្រុង Lowell នេះ​គឺជា​សហគមន៍​ដ៏​ក្មេង​ខ្ចី​មួយ មិន​ទាន់​ដើរ​ទៅ​មុខ​ដូច​សាសន៍​គេ​នៅ​ឡើយ​ទេ ពីព្រោះ​ថា អ្នក​ដែល​មក​រស់នៅ​ក្នុង​ទីក្រុង Lowell នេះ ភាគច្រើន​គឺ​ឆ្នាំ​៨០។ ដូច្នេះ ការ​រៀនសូត្រ​ខាង​បោះឆ្នោត ចូលរួម​ក្នុង​ការ​បោះឆ្នោត ការ​ទុកចិត្ត​ចំពោះ​បេក្ខជន​បោះឆ្នោត ឬ​ក៏​ប្រព័ន្ធ​បោះឆ្នោត យើង​មិន​ទាន់​ដឹង​ច្បាស់លាស់។ ដូច្នេះ យើង​នៅ​មាន​ការ​ស្ទាក់ស្ទើរ​មិន​ទាន់​មាន​ការ​ចូលរួម​ស្មើ ដូច​ជនជាតិ​គេ ដូចជា​ស្បែក​ស និង​ជនជាតិ Hispanic នៅ​ឡើយ​ទេ»។

លោក ប៉ាន សូ ជា​ចាស់​ព្រឹទ្ធចារ្យ​ម្នាក់ និង​ជា​អតីត​បេក្ខជន​ក្រុមប្រឹក្សា​ក្រុង​ឆ្នាំ២០១៥​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
លោក ប៉ាន សូ ជា​ចាស់​ព្រឹទ្ធចារ្យ​ម្នាក់ និង​ជា​អតីត​បេក្ខជន​ក្រុមប្រឹក្សា​ក្រុង​ឆ្នាំ២០១៥​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

ប៉ុន្តែ ​លោក ប៉ា សូ ដែល​ជា​ចាស់​ព្រឹទ្ធាចារ្យ​និង​ធ្លាប់​ជា​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​ឆ្នាំ២០១៥​ម្នាក់ដែរ អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ធំ តាម​ពិត​ចង់​ទៅ​បោះឆ្នោត ក៏​ប៉ុន្តែ​ពួកគេ​ភាគច្រើន ហាក់​បាត់បង់ជំនឿ​ទុក​ចិត្ត​ទៅលើ​បេក្ខជន​ដែល​ជាប់ឆ្នោត​មុនៗ ដោយសារ​តែ​ភាព​ព្រងើយ​កន្តើយ​របស់​បេក្ខជន​ទាំងនោះ ក្រោយ​ពី​ពួកគេ​ បាន​ទទួល​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ហើយ​នោះ។

«តាម​ការ​សិក្សា​របស់​ខ្ញុំ បងប្អូន​ខ្មែរ​យើង​យល់​ច្រើន​ពី​ការ​បោះឆ្នោត ហើយ​ចង់​បោះឆ្នោត។ ក៏ប៉ុន្តែ ដូច​អ្នក​ខ្លះ​ថា បោះឆ្នោត​ជាប់​ហើយ មិន​ដែល​និយាយ​រក​គេ។ អាហ្នឹង​ជា​មេរៀន​មួយ ដែល​បងប្អូន​យើង​ទទួល​បាន ជាពិសេស​អ្នក​ដឹកនាំ​យើង គឺ​ភ្លេច​ភារកិច្ច​របស់​ខ្លួន ដែល​ត្រូវ​ទាក់ទង​[ពលរដ្ឋ]​ឲ្យ​ជាប់។ ក្រោយ​មក​ដូច​ថា​ម្នាក់​ពីរ​នាក់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្លាច ក្រោយ​មក​គេ​ឈប់​ខ្វាយខ្វល់​វិញ»។

អ្នកនាង ម៉ៅ រូនី គឺជា​អ្នក​សម្របសម្រួល​គម្រោង​សិទ្ធិ​ពលរដ្ឋ​នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
អ្នកនាង ម៉ៅ រូនី គឺជា​អ្នក​សម្របសម្រួល​គម្រោង​សិទ្ធិ​ពលរដ្ឋ​នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​អ្នកនាង ម៉ៅ រូនី អ្នក​សម្រប​សម្រួល​នៃ​គម្រោង​សិទ្ធិ​ពលរដ្ឋ​នៅ​មជ្ឈមណ្ឌល​សុខភាព​មេត្តា លើកឡើង​ថា ​ការ​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល​ នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ ដោយសារ​កត្តា​ផ្សេងៗ។

«ជួនកាល​ពួកគាត់​មិន​ទៅ​បោះឆ្នោត​ដោយសារ​ពួកគាត់​មិន​មាន​ឡាន​ជិះ​ទៅ​កន្លែង​បោះឆ្នោត។ ជួនកាល​ទៅ​គាត់​ថា គាត់​មាន​ជំងឺ គាត់​ត្រូវ​ថែរក្សា​សុខភាព។ ជួនកាល​គាត់​រវល់​ធ្វើការ មិន​មាន​ពេលវេលា។ គឺថា មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ច្រើន ដើម្បី​ឲ្យ​ពួកគាត់​ទៅ​បោះឆ្នោត។ ក៏​ប៉ុន្តែ ការ​ដែល​គាត់​មិន​ទៅ​បោះឆ្នោត ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា មក​ពី​គាត់​មិន​យល់​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក»។

លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)
លោក នួន វាសនា គឺជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។ (VOA Khmer)

យ៉ាងណាមិញ លោក នួន វាសនា អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល និង​ជា​ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​ក្នុង​សហគមន៍​ខ្មែរ​ក្នុង​ក្រុង​នេះ បាន​សង្កត់​ធ្ងន់​ថា សំឡេងឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​នេះ​សំខាន់ ​សម្រាប់​ប្រយោជន៍​របស់​សហគមន៍​ខ្មែរ​ផ្ទាល់។

«យើង​នៅតែ​ទទូច​ព្យាយាម​ឲ្យ​បងប្អូន​ខ្មែរ​ចេញ​ទៅ​បោះឆ្នោត ពីព្រោះ​ដើម្បី​វា​ជួយ ហើយ​បម្រើ​ប្រយោជន៍​របស់​ខ្មែរ។ បើ​ខ្មែរ​រីក​ចំរើន ហើយ​ខ្មែរ​មាំ​នៅ​ទីក្រុង​ឡូវែល នោះ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឡូវែល​ទាំង​មូល​ហ្នឹង​ក៏​មាំ​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក្តី មជ្ឈមណ្ឌល​សុខភាព​មេត្តា និង​សមាគម​ខ្មែរ ដែល​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល​នេះ បាន​ខិតខំ​បង្កើត​គម្រោង​ផ្សេងៗ​ជា​បន្តបន្ទាប់ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​អំពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត និង​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្រុង​នេះ ចេញ​ទៅ​ចូលរួម​បោះឆ្នោត​ ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ដែល​នឹង​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG