ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​មិន​អាច​មើល​រំលង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


រូប​ឯកសារ៖ ព្រះបាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

លោក កែវ រ៉ាន់ចា បុគ្គលិក​វិទ្យាស្ថាន​សន្តិភាព​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥០​ភាគរយ​ យល់​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​បន្ត​ជា​ធាតុ​សំខាន់​មួយ​ដើម្បី​រក្សា​សន្តិភាព​និង​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អ្នក​វិភាគ​និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា​ រដ្ឋាភិបាល​មិន​អាច​មើល​រំលង​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​បាន​ឡើយ ដោយ​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ផ្តល់​តម្លៃ​ដល់​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​កាល​ពី​២៥​មុន​នេះ។

អ្នកវិភាគ​ និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ក៏​បាន​និយាយ​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​នេះ​នៅ​បន្ត​មាន​សុពលភាព​ជានិច្ច​សម្រាប់​ប្រទេស​កម្ពុជា​ ទោះជា​មាន​ការ​អះអាង​ពី​រដ្ឋាភិបាល​ថា​ ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​រំលាយ​ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ក្តី។

តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក កែវ រ៉ាន់ចា បុគ្គលិក​វិទ្យាស្ថាន​សន្តិភាព​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥០​ភាគរយ​ យល់​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​ជិត​៩០​ភាគរយ​ក៏​បាន​ទទួល​ស្គាល់​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​កសាង​សន្តិភាព​ និង​លទ្ធិប្រជាធិបតេយ្យ​យូរ​អង្វែង​សម្រាប់​កម្ពុជា។

ក្រុម​វាគ្មិន​ពិភាក្សា​អំពី​សុពលភាពនៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ និង​បញ្ហា​ប្រឈម​នានា​ក្នុង​ពេល​អនុវត្តន៍កិច្ច​ព្រមព្រៀងនេះ។ កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​កាលពីថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)
ក្រុម​វាគ្មិន​ពិភាក្សា​អំពី​សុពលភាពនៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ និង​បញ្ហា​ប្រឈម​នានា​ក្នុង​ពេល​អនុវត្តន៍កិច្ច​ព្រមព្រៀងនេះ។ កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​កាលពីថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)

លោក​បញ្ជាក់​ថា៖

«ចំពោះ​សំណួរ​ដែល​សួរ​ថា​ តើ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការ​កសាង​សន្តិភាព​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គាត់​តាម​យោបល់​របស់​គាត់​ គាត់​យល់​ស្រប​ឬ​អត់​ អញ្ចឹង​យើង​ឃើញ​ថា​ ចំនួន​ច្រើន​មែន​ទែន​ដែល​គាត់​យល់​ស្រប​ គឺ​មាន​ទៅ​ដល់​៨៩​ភាគរយ​ គឺ​គាត់​យល់​ឃើញ​ថា ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា»។

ប្រទេស​ចំនួន​១៨​ ជាហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា ឆ្នាំ​ ១៩៩១ ដើម្បី​បញ្ចប់​ជម្លោះ​ខ្មែរ​ដែល​មាន​បួន​ភាគី។ ភាគី​ទាំង​នោះ​រួម​មាន​រណសិរ្ស​រួប​រួម​ជាតិ​ដើម្បី​ឯករាជ្យ​ អព្យាក្រឹត​ សន្តិ​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​ ហៅ​កាត់​ថា​ Funcinpec​ ដឹកនាំ​ដោយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ នរោត្តម​ សីហនុ រណសិស្ស​ជាតិរំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដឹកនាំ​ដោយ​លោក​ សឺន សាន រដ្ឋកម្ពុជា​ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន​លោក​ ហ៊ុន សែន និង​កម្ពុជា​ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ លោក ខៀវ សំផន។

ក្រោយពេល​២៥​ឆ្នាំ នៃ​ការ​ចុះ​ព្រមព្រៀង​សន្តិភាព​នេះ​ ប្រទេស​កម្ពុជា​ ត្រូវ​គេ​មើល​ឃើញ​ថា​ ពុំ​អាច​បំពេញ​បាន​ទៅ​តាម​ខ្លឹមសារ​របស់​កិច្ច​ព្រមព្រៀង​នេះ​ទេ​ ពាក់​ព័ន្ធ​នឹង​កសាង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ និង​ការ​ការពារ​សុខភាព និង​សន្តិសុខ​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ។ ហើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មេដឹកនាំ​កម្ពុជា​ ជា​រឿយៗ​បាន​ព្រមាន​អំពី​ការ​ផ្ទុះ​សង្គ្រាម​ ប្រសិន​បើ​គណបក្ស​ដែល​កំពុង​កា្តប់​អំណាច​បច្ចុប្បន្ន​ ខកខាន​មិនបាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត​នោះ។

រូបឯកសារ៖ ក្រុមអ្នក​តវ៉ា​មក​ពី​សហគមន៍​ជម្លោះ​ដី​ធ្លី​បឹង​កក់ ​និង​បូរី​កីឡា​ស្រែក​ដាក់​ក្រុម​សន្តិសុខ​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១​ ខែ​ឧសភា​ ឆ្នាំ២០១៦។​
រូបឯកសារ៖ ក្រុមអ្នក​តវ៉ា​មក​ពី​សហគមន៍​ជម្លោះ​ដី​ធ្លី​បឹង​កក់ ​និង​បូរី​កីឡា​ស្រែក​ដាក់​ក្រុម​សន្តិសុខ​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១​ ខែ​ឧសភា​ ឆ្នាំ២០១៦។​

អ្នក​វិភាគ​ឯករាជ្យ​លោក​ ឡៅ ម៉ុងហៃ​ ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​ រយៈពេល​២៥​ ឆ្នាំ​ ក្រោយ​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថា​ អ្នកនយោបាយ​កម្ពុជា​មិន​គោរព​កិច្ចសន្យា​នានា​ដែល​មាន​សរសេរ​ក្នុង​កិច្ច​ព្រមព្រៀង​ប៉ារីស​ ដែល​មាន​បំណង​សំខាន់​មួយ​ក្នុង​ការ​កសាង​នីតិរដ្ឋ​ និង​លទ្ធិប្រជាធិបេតយ្យ​សេរីពហុបក្ស​នៅ​កម្ពុជា។ ​ លោក​បន្ត​ថា ក្នុង​ពេល​ដែល​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ មិន​ទាន់​ត្រូវ​បាន​គោរព​ឲ្យ​បាន​ហ្មត់ចត់​នោះ​ នោះ​កិច្ចព្រមព្រៀង​សនិ្តភាព​ដ៏​សំខាន់​នេះ​ នឹង​នៅ​តែ​មាន​សុពលភាព​ជានិច្ច។

អ្នក​វិភាគ​ជើង​ចាស់​រូប​នេះ​បញ្ជាក់​ថា៖ «អ្នក​ណា​ទៅ​ធានា​ តែ​មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ រួច​បើ​ថា​ ឥឡូវ​ថា​ វា​អស់​សុពលភាព អញ្ចឹង​គេ​ឈប់​ធានា​ហើយ»។

​លោក​ ឡៅ ម៉ុងហៃ បន្ត​ថា​៖ «អញ្ចឹង​យើង​អនុញ្ញាត​ឲ្យ​គេ​ហើយ​ គេ​រួច​ខ្សែ​ចង​ហើយ​ យើង​ថា ​អស់​សុពលភាព​ហើយ​ ដូច្នេះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ លែង​ចង​គេ​ហើយ​ លែង​ចង​ប្រទេស​ជិត​ខាង​ហើយ​ អាហ្នឹង​ខ្ញុំ​ថា​ បើ​និយាយ​ឲ្យ​ហួស​ទៅ​ណ៎ា​ សុំ​ទោស​អ្នក​ណា​ថា​ប៉ះពាល់​ ណ្ហើយ​ឡប់​សតិ​ទេ។ អា​គេ​ធានា​ឲ្យ​ហើយ​ យើង​ថា​នែ៎​ឈប់​ទៅ​ មិនបាច់​ធានា​ទៀត​ទេ​ មិនបាច់​ទទួល​ស្គាល់​ទៀត​ទេ​បូរណភាព​ទឹកដី​ យើង​គិត​មើល​ទៅ​ គ្មាន​សម​ហេតុ​ផល​ទេ»។

លោក​បាន​បន្ថែម​ថា​ ​ដោយសារ​ការ​មិន​គោរព​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ កម្ពុជា​មក​ទល់​ពេល​នេះ​ ​មិន​ទាន់​មាន​តុលាការ​ឯករាជ្យ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ពង្រឹង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។ លោក​អះអាង​ថា​ ការ​គោរព​សិទ្ធិមនុស្ស​កម្ពុជា នៅ​បន្ត​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​អង្គការ​សហប្រជាជាតិ។

កញ្ញា​ ស្រី​ សុធារី នាយិកា​អង្គការ​ក្រុមការងារ​ ដើម្បី​ដោះស្រាយ​ទំនាស់​ មើល​ឃើញ​ពី​ដំណើរ​យឺត​យ៉ាវ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពេល​២៥​ ​ឆ្នាំ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសដែល​បើក​ផ្លូវ​ឲ្យ​មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នៅ​ក្នុង​ប្រទេស។

ប្រធាន​អង្គការ​រូប​នេះ​ថ្លែង​ថា៖

«បើ​តាម​រដ្ឋាភិបាល​លើក​ឡើង​រីកចម្រើន​ ហើយ​ប្រសើរ​នៅ​ក្នុង​តំបន់​អាស៊ាន។ ប៉ុន្តែ​បើ​សិន​ជា​យើង​មើល​អំពី​ស្ថានភាព​ជាក់ស្តែង​ របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​គាត់​នៅ​តាម​តំបន់​មូលដ្ឋាន​ យើង​ឃើញ​ថា​ មាន​ការ​លំបាក​ច្រើន​ មានការ​ចំណាកស្រុក​ មាន​អី​ច្រើន​ អញ្ចឹង​យើង​ឃើញ​សេដ្ឋកិច្ច​នៅ​មាន​បញ្ហា។ ហើយ​ថ្មីៗ​ដូច​រឿង​ នាំ​ជ្រូក​នាំ​អី​ចូល​អញ្ចឹង​ អញ្ចឹង​យើង​ឃើញ​ថា​ មាន​ចលនា​ មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ទៅ​ក្នុង​ការ​ប្រឆាំង​ ទៅ​លើ​អ្វី​ដែល​ជា​សេដ្ឋកិច្ច​របស់​ផង​ខ្លួន​ហ្នឹង។ អញ្ចឹង​ យើង​ឃើញ​ថា​ នៅ​តែ​មាន​ការ​តវ៉ា​ មាន​ការ​ប្រឆាំង​អី​ច្រើន»។

អ្នកស្រី​ ធីតា​ ឃឹះ នាយិកា​ប្រតបតិ្ត​នៃ​អង្គការ​សីលការ​ ថ្លែង​អំពី​ដំណើរ​ការ​ផ្សាះផ្សា​ជាតិ​ខ្មែរ​ ក្រោយ​ការ​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពីថ្ងៃ​ទី​ ១២​ ខែ​ ឧសភា ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ ធីតា​ ឃឹះ នាយិកា​ប្រតបតិ្ត​នៃ​អង្គការ​សីលការ​ ថ្លែង​អំពី​ដំណើរ​ការ​ផ្សាះផ្សា​ជាតិ​ខ្មែរ​ ក្រោយ​ការ​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពីថ្ងៃ​ទី​ ១២​ ខែ​ ឧសភា ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​ ធីតា ឃឹះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ ​ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​អភិបាលកិច្ច​សាធារណៈ​ ថ្លែង​ថា​ កម្ពុជា​មិនទាន់​មាន​ការ​ផ្សះផ្សា​គ្នា​ពេញលេញ​ ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ ​ព្រោះតែ​អ្នកនយោបាយ​មិន​ទាន់​ប្រកាន់​នូវ​ជំហរ​ទទួល​យក​គំនិត​ផ្ទុយ​គ្នា​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។

អ្នកស្រី​ ធីតា ឃឹះ ថ្លែង​ថា៖

«នៅ​ពេល​ដែល​យើង​ជា​នា​គ្នា​ និន្នាការ​ ចំណង់​ចំណូល​ចិត្ត​ខុសៗ​គ្នា​ មែន​ទេ? ជា​នា​គ្នា។ តើ​យើង​សព្វថ្ងៃ​នេះ​ ទាំង​ខ្លួន​យើង​ ទាំង​ខ្លួន​គេ​ យើង​បាន​ទៅ​រៀន​ ទទួលស្គាល់​អាហ្នឹង​ហើយ​ឬនៅ​ យើង​ទទួល​ស្គាល់​អ្នក​ដែល​គិត​ខុស​ពី​យើង​មិន​មែន​ជា​សត្រូវ​របស់​យើង​ហើយ​ឬនៅ។ អ្នក​ដែល​ ចូល​ទៅក្នុង​បក្ស​ផ្សេង​ មិន​មែន​ជា​សត្រូវ​របស់​យើង​ ហើយ​ឬ​នៅ​ យើង​គិត​ហើយ​នៅ?»។

នៅ​ឆ្នាំ២០១២​ រដ្ឋាភិបាល​បានលុប​ថ្ងៃ​២៣​តុលា​ពី​ប្រតិទិន​ថ្ងៃ​បុណ្យ​ជាតិ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ជំទាស់។​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សម្តេច​ព្រះបាទ​ នរោត្តម ​សីហនុ​ ​បាន​យាង​ចូល​ទិវង្គត​នៅ​ឆ្នាំ​ ២០១២​ រដ្ឋាភិបាល​បាន​ប្រកាស​ទទួល​ស្គាល់​ថ្ងៃ​ ២៣​ តុលា​ ជា​ថ្ងៃ​បុណ្យ​ជាតិ​ឡើងវិញ។

លោក សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លែង​មាន​សុពលភាព​តទៅ​ទៀត​ហើយ​ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៣​ ដែល​ជួយ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។ លោក​លើក​ឡើង​ថា​ ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ ក៏​បាន​រលាយ​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ។ សម្រាប់​ដំណើរការគ្រប់គ្រង​ប្រទេស​ លោក​បាន​ការពារ​រដ្ឋាភិបាល​ថា​ បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​ស្តារ​ប្រទេស​ ប៉ុន្តែ​ការងារ​ទាំង​នោះ​ មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖

«ចំពោះ​ដំណើរការ​គ្រប់​គ្រង​រដ្ឋ​ អាហ្នឹង​វា​តែងតែ​មាន​ចំណុច​ខ្សោយ​ ហើយ​វា​ជៀស​មិន​រួច​ទេ​ ទោះ​នរណា​ក៏​ដោយ។ បាទ​មិន​អាច​បន្ទោស​បានទេ។ មនុស្ស​ហ្នឹង​គឺថា​ គ្រប់គ្រង​ក្នុង​គ្រួសារ​ តែមួយ​គ្រាន់​រក​ការ​ឯកភាព​នៅ​ក្នុង​ក្រុម​គ្រួសារ​ហ្នឹង​ ក៏​ពិបាក​ផង​ ចុះ​ទម្រាំ​នៅ​ក្នុង​ជាតិ​ទាំង​មូល គឺថា​ គាត់​និយាយ​ ចង់​ឲ្យ​អី​ ​ស្អី​ទាំង​អស់​ ឥត​ខ្ចោះ​ទាំងអស់​ អាហ្នឹង​ទៅ​មិន​រួច​ទេ​ អាហ្នឹង​ជា​ទ្រឹស្តី​ទេ​ ក៏ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​ វា​មិន​បាន​ដូច​ទ្រឹស្តី​ទេ​បាទ»។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន​ត្រូវ​គេ​ជឿ​ថា​ ​មិន​ត្រឹម​តែ​ខកខាន​ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​នៃ​ស្មារតី​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ថែម​ទាំង​បាន​បំភិតបំភ័យ​ប្រជា​ពលរដ្ឋ​អំពី​ការ​ផ្ទុះ​សង្គ្រាម​ជា​ញយ​ដង​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។

លោក​ តឹក វណ្ណារ៉ា​ នាយកប្រតិបត្តិនៃ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ថ្លែង​អំពី​ទំនាក់​ទំនង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)
លោក​ តឹក វណ្ណារ៉ា​ នាយកប្រតិបត្តិនៃ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ថ្លែង​អំពី​ទំនាក់​ទំនង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGO Forum) បាន​ប្រាប់​ VOA ​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​ទំនាក់​ទំនង​ជាមួយ​គោល​ដៅទី១៦ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ តាម​រយៈ​ការ​មាន​ស្ថាប័ន​សន្តិភាព​ យុត្តិធម៌​ និង​ការ​ទទួលខុសត្រូវ។

​ដូចេ្នះ​លោក​ជឿ​ថា​ ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ នឹង​ពិនិត្យ​មើល​ហេតុផល​ដែល​អាច​នាំ​ឲ្យ​កម្ពុជា​បាន​បាត់​បង់​សន្តិភាព​ ឬ​ក៏​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​ ដែល​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំងដល់​ការ​សម្រេច​ឲ្យបាន​គោលដៅ​ទី​១៦​ នៅ​ឆ្នាំ​២០៣០។

«គេ​នឹង​ពិនិត្យ​មើល​ទាក់​ទង​នឹង​មូលហេតុ​នៃ​ មូលហេតុ​អី​ខ្លះ​ដែល​អាច​មាន​សង្គ្រាម​ហ្នឹង​បាទ ឬមួយ​សង្គ្រាម​ហ្នឹង​កើត​ឡើង​ ពេល​ដែល​គេ​ធ្វើ​អន្តរាគមន៍។​ ដូច្នេះ​យើង​ជឿជាក់​អន្តរជាតិ​គេ​នឹង​ពិនិត្យ​មើល​ទាក់​ទង​មូល​ហេតុ​ច្បាស់​លាស់​ ក្នុង​ករណី​ដែល​បើ​មាន​សង្គ្រាម​កើត​ឡើង​មែន ហើយ​គេ​នឹង​ធ្វើ​ការ​ពិចារណា​ថា តើ​គេ​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុងកម្រិត​ណា»។

កញ្ញា​ ខែម ដាវ៉ុន វ័យ​ ២៥ ឆ្នាំ​ និយាយ​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនឹង​នៅ​តែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ ដើម្បី​ការពារ​ប្រទេស​កម្ពុជា​ពី​ការ​យាយី​នានា។​ កញ្ញា​និយាយ​ថា​ ប្រសិន​បើ​គ្មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ​ ប្រទេស​កម្ពុជា​នឹង​មាន​ការ​ខាតបង់​បូរណភាព​ ជាពិសេស​គឺ​ជាមួយ​ភាគី​វៀតណាម។

ទាក់​ទិន​ការ​បំភិតបំភ័យ​របស់​រដ្ឋាភិបាល​អំពី​ការ​ផ្ទុះ​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ដឹកនាំ​ប្រទេស​នោះ​ កញ្ញា​ថ្លែង​ថា​ ប្រទេស​មួយ​ចំនួន​ ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ​ នឹង​មិន​បណ្តោយ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ម្តង​ទៀត​នោះ​ឡើយ។

«ខ្ញុំ​គិត​ថា​ វា​មិន​អាច​កើតឡើង​សង្រ្គាម​បាន​ទៅ​រួច​ទេ​ ដោយសារ​តែ​យើង​មាន​ប្រទេស​ទាំង​១៨​ដែល​គាត់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ហ្នឹង​ដែរ​ ខ្ញុំ​ជឿ​ថា​ គាត់​នឹង​ជួយ​យើង»។

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​ឆ្នាំ១៩៩១ ​បាន​ធ្វើឲ្យ​ភាគី​៤​ឈប់​បាញ់​គ្នា​ បង្ក​ឲ្យ​មាន​សន្តិភាព​ ​ធានា​បូរណភាព​ដែន​ដី​ អធិបតេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ​ គឺ​ជា​ស្នា​ព្រះហស្ត​របស់​សម្តេចឳ​ព្រះ​ នរោត្តម​សីហនុ​ ដែល​ជា​អ្នក​ផ្តួចផ្តើម៕

XS
SM
MD
LG