ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA ជាមួយ​លោកស្រី មូរ សុខហួរ៖ «‍ការ​តស៊ូ​របស់​ខ្ញុំ​គឺ​ដើម្បី​យុត្តិធម៌ សេរីភាព និង​ឱកាស​របស់​ស្ត្រី​ខ្មែរ​ក្នុង​សង្គម»


នៅ​ក្នុង​ឱកាស​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​នេះ លោកស្រី មូរ សុខហួរ បាន​ប្រាប់ VOA ​ថា មាន​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​តស៊ូ​មតិ​ជា​សាធារណៈ​ជាមួយ​បុរស​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម សេដ្ឋកិច្ច សុខមាលភាព គ្រួសារ និង​ប្រទេស​ជាតិ។ ថ្មីៗ​នេះ លោកស្រី​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ក្នុង​ចំណោម​អនុ​ប្រធាន​បីនាក់។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នាង ទែន សុខស្រីនិត នៃ VOA តាម​ទូរស័ព្ទ លោកស្រី មូរ សុខហួរ បាន​លើកឡើង​ថា ‍ការ​តស៊ូ​មតិ​របស់​លោកស្រី​ក្នុង​ជួរ​នយោបាយ​កម្ពុជា​ជា​ច្រើន​ទសវត្សរ៍​មក​នេះ «គឺ​ដើម្បី​យុត្តិធម៌​សង្គម ដើម្បី​ស្ត្រី តួនាទី​ស្ត្រី​ក្នុង​សង្គម និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី‍»។ លោកស្រី​ថា៖ «មិនថា​ស្ត្រី​ជា​កម្មករ​រោងចក្រ ជា​ស្ត្រី​មេផ្ទះ ជា​ស្ត្រី​លក់ដូរ ជា​ស្ត្រី​លក់​សាបៀរ ស្ត្រី​ទាំង​អស់​នេះ​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​សង្គម​ខ្មែរ​មួយ ដែល​ស្ត្រី​មាន​តួនាទី​សកម្ម​ក្នុង​ការ​កសាង​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ‍​ដូច​បុរស​ដែរ»។ តាំងពី​ដើម​ទសវត្សរ៍​១៩៩០​មក លោកស្រី មូរ សុខហួរ គឺជា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ខ្មែរ​ដំបូង​គេ​បង្អស់ ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ការ​តស៊ូមតិ​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ និង​ដំណើរការ​តាក់តែង​គោល​នយោបាយ ដោយ​លោកស្រី​បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​អតីត​យុទ្ធជន​ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ​២០០៤ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពត ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​របស់ VOA ជាមួយ​លោកស្រី មូរ សុខហួរ ដូច​តទៅ។

XS
SM
MD
LG