ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខួប​១៨ឆ្នាំ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​រដ្ឋសភា


លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ ចូល​រួម​ពិធី​បុណ្យ​ខួប​តី​១៨​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧​នៅ​រាជធានី​ភ្នំពេញ។ (ហេង រស្មី/VOA)
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ ចូល​រួម​ពិធី​បុណ្យ​ខួប​តី​១៨​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧​នៅ​រាជធានី​ភ្នំពេញ។ (ហេង រស្មី/VOA)

ក្រុម​គ្រួសារ​ជនរង​គ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​កាល​ពី​១៨​ឆ្នាំមុន​បាន​ប្រកាស​ទាមទារ​រក​យុត្តិធម៌​ និង​ជំរុញ​ឲ្យរដ្ឋាភិបាល​វែក​មុខ​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស​តាម​ច្បាប់។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃបាន​អះអាង​ថា​ សំណុំ​រឿង​នេះ​មិន​ទាន់​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃ​ទី៣០ ​ខែមិនា​ឆ្នាំ​១៩៩៧​ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​៤​គ្រាប់​ទៅ​លើ​ហ្វូង​បាតុករ ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​ពេល​នោះ​ជា​ប្រធាន​គណបក្ស​សម​ រង្ស៊ី​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់ប្រព័ន្ធ​តុលាការ​នៅ​ពី​មុខ​អតីត​អគារ​រដ្ឋសភា។​

មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​១៦​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នាពេល​នោះ។​

គណបក្ស​ប្រឆាំង​ជា​រៀង​រាល់​ឆ្នាំ​បាន​រៀបចំ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​រង​របួស។​

រូប​ថត​ជនរង​គ្រោះ​ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​នៅ​កន្លែង​ស្តូប​មួយ​ដែល​គណបក្ស​ប្រឆាំង​បាន​សាង​សង់​ឡើង​សម្រាប់​គោរព​វិញ្ញាណ​ក្ខន្ធនៅ​ទីនោះ។​

មាន​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​រួម​ទាំង​ព្រះ​សង្ឃ​បាន​មក​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ឆ្នាំ​នេះ។​

លោក​សំ ជាង​ តំណាង​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣០​ខែមិនា​ឆ្នាំ​១៩៩៧​ មាន​ប្រសាសន៍​ថា ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១៨​ឆ្នាំ​ ហើយ​ដែល​ឃាតករ​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មិន​ត្រូវ​បាន​រក​ឃើញ​សោះ។​

លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​តែ​ស៊ើប​អង្កេត​ឃាតកម្ម​មួយ​នេះ​ដើម្បី​នាំ​យក​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស។​

លោក​និយាយថា៖ ​«តាំង​នាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​អស់​ ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ទទូច​ជា​ថ្មី​ម្តង​ទៀត​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​មេត្តា​ស៊ើប​អង្កេត​ឃាតកម្ម​មួយ​នេះ​ ដើម្បី​នាំ​ឃាតករ​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្តន្ទាទោស​តាម​សមត្ថកិច្ច​រៀងៗ​ខ្លួន​ដោយ​ក្តី​អនុគ្រោះ​បំផុត»។​

លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សន្យា​ថា ​លោក​នឹង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។​

លោក​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ឲ្យធ្វើ​វិសោធនកម្មច្បាប់​ទាំង​បី​ស្តីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ​ឡើង​វិញ ​ដែល​ជា​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់ប្រព័ន្ធ​តុលាការ។

លោក​និយាយ​ថា៖​ «យើង​ដឹង​ហើយ​ថា ​បញ្ហា​តុលាការ​សព្វ​ថ្ងៃ​ធ្ងន់ធ្ងរ​ណាស់​ហើយ​មិន​មែន​ធ្ងន់​ធ្ងរ​សម្រាប់​តែ​អ្នក​រង​គ្រោះ​ទេ។​ ​កាល​ណា​អ្នក​ដឹក​នាំ​ហើយ​ទុក​ឲ្យតុលាការ​អញ្ចឹង​ ហាក់​បី​ដូច​ជា​បង្កើន​ការ​ឈឺចាប់។​ ហើយ​បើ​អ្នក​ទន់​ខ្សោយ​ឈឺ​ចាប់​ អ្នក​ដែល​មាន​អំណាច​ក៏​អត់​សូវ​នៅ​បាន​ស្រួល​ដែរ​ អត់​បាន​សុខ​សន្តិភាព​ ដូច​ដែល​ខ្ញុំ​និយាយ​អញ្ចឹង»។

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ មិន​ទាន់​បាន​បញ្ជា​ឲ្យបិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។​

លោក​មាន​ប្រសាសន៍​ថា​ កន្លង​មក​រដ្ឋាភិបាល​បាន​រក​ឃើញ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ប្រ៊េស៊ីល​ តែក្រោយ​មក​ត្រូវ​បាន​គេ​បាញ់​សម្លាប់។

លោក​និយាយ​ថា៖​«បាទ ​យើង​ស្រាវ​ជ្រាវ​ទៅ​ចុង​ខ្សែ​ហ្នឹង​ ដល់​ចុង​ខ្សែ​ដល់​ប្រ៊េស៊ីលហ្នឹង​ទៅ។ ដល់​ពេល​បាត់​ប្រ៊េស៊ីល​ បាត់​ខ្សែរយៈ​អស់​រលីង។​ វា​អត់​មាន​ទៅ​ណា​ទៀត។ ​ហើយ​ក៏​ត្រឹម​ហ្នឹង​ទៅ ​មិន​មាន​ការ​ជឿន​លឿន​ទៅ​មុខ​ទៀត​ទេ ​តាំង​ពី​ពេល​ហ្នឹង​មក។​ ក្រោយ​ព្រឹត្តិការណ៍ថ្ងៃ​៥ ថ្ងៃ​៦​ កក្កដា ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​បាត់​តាំង​ពី​ពេល​ហ្នឹង​ទៅ»។​

លោក​បាន​បញ្ជាក់​ថា ​លោក​ប្រ៊េស៊ីល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​នយោបាយ​មួយ​មុន​ពេល​ដែល​លោក​បាន​បាត់​ខ្លួន៕

XS
SM
MD
LG